ប្រទេស​អ្នក​មាន​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​នាំ​ចេញ​សំរាម​ប្លាស្ទិក

  • 2019-07-18 07:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​សំរាម​ប្លាស្ទិក​កំពុង​គំរាម​កំហែង​ពិភពលោក​យ៉ាង​ខ្លាំង ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​ក្រីក្រ ដែល​តែង​ទទួល​ការ​នាំ​ចូល​សំរាម​ប្លាស្ទិក​ពី​ប្រទេស​អ្នកមាន​។

នៅ​ដើម​ខែ​ឧសភា ឆ្នាំ ២០១៩ ប្រទេស​ចំនួន ១៨៧ ទូទាំង​ពិភពលោក​បាន​យល់​ព្រម​លើ​ចំណុច​បន្ថែម នៃ​អនុសញ្ញា បាសែល (​Basel Convention ​ស្ដីពី​ការ​គ្រប់គ្រង​កាក​សំណល់​គីមី​ពុល​) ដែល​បាន​ដាក់​បញ្ចូល​សំណល់​ប្លាស្ទិក ជា​ប្រភេទ​សំណល់​គីមី​បំពុល និង​ត្រូវ​បាន​រឹតត្បិត​កាន់​តែ​ចង្អៀត​ឡើងៗ ទាំង​ការ​នាំ​ចេញ និង​នាំចូល​។

អនុសញ្ញា​នេះ គ្មាន​វត្តមាន​សហរដ្ឋអាមេរិក​ទេ​។ ហើយ​អាមេរិក​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​នាំ​ចេញ​សំរាម​ទៅ​កាន់​ប្រទេស ដែល​ចូល​រួម​នៅ​ក្នុង​អនុសញ្ញា​នេះ​ដែរ​។ ចំណែក​អឺរ៉ុប​វិញ ដែល​ជា​សមាជិក​នៃ​អនុសញ្ញា ក្រោម​ច្បាប់​ផ្ទៃ​ក្នុង​របស់​គេ គឺ​ហាមឃាត់​មិន​ឲ្យ​នាំ​ចេញ​សំណល់ រួម​ទាំង​សំណល់​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ផង ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ មជ្ឈមណ្ឌល​ច្បាប់​បរិស្ថាន​អន្តរជាតិ (CIEL)​។

កុងតឺន័រ សំរាម​ដឹក​លួច​លាក់​មក​ពី​បរទេស ត្រូវ​អាជ្ញាធរ​ឃាត់​នៅ​កំពុង​ផែ​ខេត្ត​ព្រះសីហនុ

វិបត្តិ​សំរាម​នៃ​ប្រទេស​ទាំងនេះ បាន​និង​កំពុង​កើន​ឡើង​ខ្លាំង បន្ទាប់ពី​ប្រទេស​ចិន ដែល​ជា​ប្រទេស នាំ​ចូល​សំរាម​ច្រើន​ជាង​គេ​លើ​ពិភព​លោក បាន​សម្រេច​ឈប់​នាំចូល​សំរាម​ពី​បរទេស​សម្រាប់​ការ​កែច្នៃ​ក្នុង​ស្រុក​តទៅ​ទៀត តាំង​ពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ​។ នៅ​ឆ្នាំ ២០៣០ ចិន​មាន​គោល​នយោបាយ បញ្ជូន​ចេញ​នូវ​សំរាម​ចំនួន ១២០ លាន​តោន​ចេញ​ទៅ​កន្លែង​ដើម​វិញ​ដែរ​។

មុន​ចិន​ប្រកាស​ឈប់​នាំ​ចូល​សំរាម ប្រទេស​អាស៊ីអាគ្នេយ៍ មាន​ម៉ាឡេស៊ី ថៃ វៀតណាម និង​ឥណ្ឌូណេស៊ី ក៏​លែង​ទទួល​សំរាម​ទៀត​ដែរ​។

សំរាម​កំពុង​ចាល់​អត់​មាន​ច្រកចេញ​នៅ​អឺរ៉ុប អាមេរិក និង​កាណាដា ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ធំៗ​ទាំង​នោះ​ស្វែង​រក​កន្លែង​នាំ​ចេញ ហើយ​ជា​ញឹកញយ​សំរាម​បាន​អណ្ដែត​តាម​កប៉ាល់​ដោយ​លួចលាក់​មក​កាន់​អាស៊ីអាគ្នេយ៍​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ របស់​គេហទំព័រ National Geographic ។

ខាង​ក្រោម​ជា​តួលេខ​នៃ​ប្រទេស​ដែល​ផលិត​សំរាម​ច្រើន​ជាង​គេ​លើ​ពិភពលោក​៖

  • អាមេរិក​ជា​ប្រទេស​ផលិត​សំរាម​ច្រើន​ជាងគេ ដែល​មាន​ចំនួន ៨ ៤២៥ ៨៤០ ០០០ តោន​ក្នុង​មួយ​ឆ្នាំ​។

  • កាណាដា​ជា​ប្រទេស​ផលិត​សំរាម​ច្រើន​ជាង​គេ លំដាប់​លេខ​ពីរ ផលិត​សំរាម​ប្រមាណ​ជាង ១ ៣២៥ ៤៨០ ០០០ តោន​ក្នុង​មួយ​ឆ្នាំ​។

  • ចំណែក អ៊ុយក្រែន​ឈរ លំដាប់​ទី​បី ប្រមាណ​ជាង ៤៧៤ ១០៦ ០០០ តោន ក្នុង​មួយ​ឆ្នាំ​។

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ជា​ច្រើន​ទៀត សុទ្ធ​សឹង​ជា​ប្រទេស​អភិវឌ្ឍន៍ ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ និង​ម្នាក់ៗ​មាន​សមត្ថភាព​ផលិត​សំរាម​មិន​ក្រោម ៥ តោន​ទេ​ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​តាម www.usatoday.com​។

អត្ថបទ៖ ឈិន ធារ៉ាត់