កម្ពុជា​គ្រោង​នាំ​ចូល​ខ្លា​ពី​ក្រៅ​ប្រទេស​មក​​លែង​​ ​ក្នុង​ដែន​ជម្រក​ធម្មជាតិ ​ដើម្បី​បង្កាត់​ពូជ ​និង​អភិរក្ស

  • 2019-07-24 05:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​មាន​គម្រោង​ទិញ​សត្វ​ខ្លា​ធំ​ប្រមាណ​បី​ក្បាល​ ​មក​​លែង​ឱ្យ​​រស់​តាម ធម្មជាតិ​នៅ​ក្នុង​ដែន​ជម្រក​​សត្វ​ព្រៃ​កម្ពុជា​នៅ​តំបន់​ភូមិ​ភាគ​ឥ​សាន្ត​។ អ្នក​ជំនាញ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា​ឱ្យ​ដឹង​​ថា​ ការ​នាំ​សត្វ​ខ្លា​មក​អភិរក្ស​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កម្ពុជា ​គឺ​មិន​ប៉ះពាល់​ដល់​ការងារ​អភិរក្ស​សត្វ​ព្រៃ​នោះ​ទេ ​ខណៈ​គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​​នៅ​ឆ្នាំ​២០២២​ខាង​មុខ​។​

នាយក​ប្រតិបត្តិ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា​ ហៅ​កាត់​ ​WCS ​លោក ​កែន សេរីរដ្ឋា ​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នាពេល​កន្លង​មកថា ​ការ​នាំ​សត្វ​ខ្លា​ធំ​មក​ពី​ក្រៅ​ប្រទេស​ ដើម្បី​យក​មក​អភិរក្ស​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កម្ពុជា ​គឺ​វា​មិន​ប៉ះ​ពាល​ដល់​ដំណើរ​ការ​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា​នោះ​ទេ​ បើ​ទោះ​ការ​អភិរក្ស​ប្រភេទ​សត្វ​ខ្លា​នេះ ​ត្រូវ​ការ​សម្លាប់​សត្វ​ប្រភេទ​ផ្សេង​ៗ​ធ្វើ​ជា​ចំណី​បែប​ណា​ក៏​ដោយ​។​

លោក​បាន​បន្ថែម​ថា ​កម្ពុជា​មុន​នឹង​នាំ​សត្វ​ខ្លា​ប្រភេទ​នេះ​មក​អភិរក្ស​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កម្ពុជា​ គឺ​ត្រូវ​ជជែក​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្រើន​ ​ជា​ពិសេស​ត្រូវ​រួម​គ្នា​លប់​បំបាត់​ការ​បរបាញ់ ​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ ឱ្យ​បាន​កាន់​តែ​ប្រសើរ​។​ អនុក្រឹត្យ​ចេញ​កាល​ពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បែង​ចែក​តំបន់​គ្រប់​ គ្រង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ នៅ​ភូមិ​ភាគ​ឥសាន្ត​ប្រទេស​ជា​ ៤ តំបន់​រួមមាន​តំបន់​ស្នួល ​តំបន់​អភិរក្ស​តំបន់​ប្រើ​ប្រាស់​ ដោយ​ចិរភាព ​និង​តំបន់​សហគមន៍​សម្រាប់​បម្រើ​ដល់​ការងារ​គ្រប់​គ្រង​ថែរក្សា ​អភិរក្ស​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ប្រកប​ដោយ​និរន្តរភាព​។​

អនុក្រឹត្យ​នេះ ​នឹង​ផ្ដល់​​អត្ថប្រយោជន៍​ ជា​ជម្រក​សម្រាប់​ប្រភេទ​សត្វ​កំពុង​ងាយ​រង​គ្រោះ​ជា​សកល​ដូច​ជា​ ដំរី​អាស៊ី ​ខ្លារ​ខិន ​ខ្លា​ពពក ​ទន្សោង ​ត្រយង​យក្ស ​ត្រយង​ចង្កំ​ក​ស និង​ក្រពើ​ភ្នំ​ជាដើម​។ ​តំបន់​នោះ​ក៏​ធ្លាប់​ជា​ជម្រក​របស់​សត្វ​ខ្លា​ធំ​ ហើយ​វា​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​ទីតាំង​អាទិភាព​សម្រាប់​កម្មវិធី​ស្ដារ​សត្វ​ខ្លា​ធំ​ឡើង​វិញ​៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម