មកស្គាល់ក្រុមហ៊ុនផលិតរថយន្តធំបំផុតទាំង ១០ លើលោក ក្តាប់ទីផ្សារប្រើប្រាស់ច្រើនបំផុត
- 2019-07-27 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ក្រុមហ៊ុនផលិតរថយន្តធំបំផុតទាំង ១០ លើលោក ក្តាប់ទីផ្សារប្រើប្រាស់ច្រើនបំផុត
ចន្លោះមិនឃើញ
ទីផ្សារប្រើប្រាស់រថយន្តនៅលើសកលលោក នៅតែមានការកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែកំណើនប្រជាជន និងការកើនឡើងនៃអ្នកប្រើប្រាស់រថយន្តនៅប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាដើម។ នៅក្នុងឆ្នាំ ២០១៧ ទំហំទឹកប្រាក់សរុបនៃទីផ្សាររថយន្តសកលមានរហូតដល់ ១ ៤០០ ពាន់លាន (១,៤ ទ្រីលាន) ដុល្លារអាមេរិកឯណោះ ហើយចំនួននេះនឹងកើនឡើងដល់ ប្រមាណ ១ ៦៥០ ពាន់លាន (១,៦៥ ទ្រីលាន) ដុល្លារអាមេរិកត្រឹមឆ្នាំ ២០២២។
បើនិយាយពីក្រុមហ៊ុនយក្សផលិតរថយន្តទាំង ១០ របស់ពិភពលោកវិញ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងកំណើនទីផ្សារដ៏ឆាប់រហ័សនេះផងដែរ ដោយផលិតកម្មរថយន្តនឹងកើនឡើងរហូតដល់ ១០០លានគ្រឿង នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ថ្ងៃនេះ Sabay សូមបង្ហាញជូននូវក្រុមហ៊ុនកំពូលទាំង ១០ ដែលជាក្បាលម៉ាស៊ីននៃសង្វាក់ផលិតកម្មយានយន្តនៅក្នុងពិភពលោកនាពេលសព្វថ្ងៃនេះ៖
១. Toyota Motor Corporation
Toyota ត្រូវបានអ្នកប្រើប្រាស់សឹងតែទូទាំងពិភពលោកបានស្គាល់ ដោយសារតែម៉ាករថយន្តមកពីប្រទេសជប៉ុនមួយនេះ មានចរាចរណ៍នៅលើទ្វីបទាំង ៦ តែម្ដងនៅលើផែនដី។ ម៉ាករថយន្តល្បីៗ ដែលជាបុត្រសម្ព័ន្ធរបស់ Toyota Motor Corporation រួមមាន Toyota ផ្ទាល់, Lexus និង Scion។
២. Volkswagen Group
ក្រុមហ៊ុនអាឡឺម៉ង់ Volkswagen Group ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន ដែលផលិតរថយន្តក្នុងបរិមាណច្រើនបំផុតនៅក្នុងពិភពលោក ដែលជាមធ្យមក្រុមហ៊ុនមួយនេះ ផលិតរថយន្តបាន ១០,៧ ពាន់លានគ្រឿងក្នុងមួយឆ្នាំ។ ជាការពិតណាស់ ការផលិតរថយន្តក្នុងបរិមាណច្រើនបែបនេះ គឺដោយសារតែ Volkswagen Group មានក្រុមហ៊ុនចំណុះ ដែលជាម៉ាករថយន្តល្បីៗក្នុងពិភពលោកតែម្ដងដូចជា Audi, Bugatti, Bentley, Lamborghini, Porsche, SEAT, Skoda និង VW (Volkswagen) ផ្ទាល់។
៣. Daimler AG
ក្រុមហ៊ុន Daimler AG ជាកំពូលក្រុមហ៊ុនផលិតរថយន្តមួយ ដែលមានទីផ្សារខ្លាំងនៅក្នុងតំបន់អឺរ៉ុប និងនៅក្នុងទឹកដីអាមេរិក។ ក្រុមហ៊ុននេះមានប្រភពមកពីអាឡឺម៉ង់ ដោយមានឈ្មោះដើមថា Daimler-Benz AG ហើយមានក្រុមហ៊ុនរថយន្ត ៤ កាន់កាប់ក្នុងដៃ ដោយ ៣ ជាកំពូលរថយន្តប្រណីតមានដូចជា Mercedes-Benz, Mercedes AMG និង Maybach ហើយមួយទៀតគឺក្រុមហ៊ុន Smart។។
៤. BMW
BMW មានកំណើតមកពីទីក្រុង Munich ប្រទេសអាឡឺម៉ង់ ដោយក្នុងឆ្នាំ២០១៧ ក្រុមហ៊ុននេះផលិតរថយន្តបានត្រឹម ២,៧ លានគ្រឿងតែប៉ុណ្ណោះ តែចំណូលវិញមានដល់ ៧២ ពាន់លានដុល្លារ។ ហេតុផលដែលធ្វើឲ្យក្រុមហ៊ុនយក្សអាឡឺម៉ង់មួយនេះ បានចំណូលច្រើនពីការលក់រថយន្តក្នុងចំនួនតិចនោះ ព្រោះរថយន្ត BMW មានតម្លៃថ្លៃ ហើយ BMW ផ្ទាល់ក៏ជាអ្នកកាន់កាប់រថយន្តដ៏ថ្លៃជាងគេបំផុតមួយដែរក្នុងពិភពលោកគឺ Rolls-Royce។ ក្រុមហ៊ុនរថយន្តចំណុះផ្សេងទៀតរបស់ BMW រួមមាន BMW-M, BMW-I និង Mini។
៥. Honda
Honda ជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីមួយ ហើយក៏មានវ័យចំណាស់ដែរ ដោយត្រូវបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៨ ដោយលោក Soichiro Honda និង Takeo Fujisawa នៅទីក្រុង Hamamatsu។ កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុននេះ រកចំណូលបាន ៦០ ពាន់លានដុល្លារដោយសារការលក់រថយន្តពេញនិយមរបស់ខ្លួនមានដូចជា Honda Accord, CR-V, Civic, NSX, HR-V និង Jazz ជាដើម ហើយក៏មានក្រុមហ៊ុនចំណុះមួយដែរគឺ Acura។
៦. General Motor
General Motor ដែលហៅខ្លីថា GM នោះ ជាក្រុមហ៊ុនរបស់អាមេរិកមានអាយុកាល ១១០ ឆ្នាំមកហើយ ដោយវាត្រូវបានស្គាល់ថាជាក្រុមហ៊ុន ដែលផលិតរថយន្តគួរឲ្យទុកចិត្តបំផុតមួយនៅក្នុងពិភពលោក។ GM មានម៉ាករថយន្តដែលជាចំណុះខ្លួនល្បីៗជាច្រើនដូចជា GMC, Buick, Cadillac និង Chevrolet។
៧. Tesla Inc.
ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធ របស់អាមេរិក ល្បីបំផុតក្នុងពិភពលោក ដោយមានស្ថាបនិកជាច្រើន តែបុគ្គលដែលល្បីបំផុតនិងបច្ចុប្បន្នជា CEO ប្រចាំក្រុមហ៊ុនផ្ទាល់គឺលោក Elon Musk ជាជនជាតិកាណាដា។ ក្រុមហ៊ុននេះទើបតែចាប់កំំណើតឡើងនាឆ្នាំ២០០៣ តែប៉ុណ្ណោះ តែបរិមាណផលិតរថយន្តប្រចាំឆ្នាំរបស់ខ្លួនមានប្រហែលជា ៣៥ ០០០ គ្រឿង ដែលអាចស្រូបចំណូលបានដល់ទៅ ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧។
៨. Ford
ក្រុមហ៊ុនអាមេរិកមួយនេះ មានរថយន្តជាច្រើនប្រភេទដូចជា Fiesta, Mustang, Eco Sport, Expedition, Escape, Taurus, Focus និង Everest ហើយរថយន្ត Pick-Up ដ៏ល្បីរបស់ខ្លួនគឹ Ford Ranger។ ក្រុមហ៊ុនរថយន្តដែលមានអាយុកាល ១១៥ ឆ្នាំមួយនេះ អាចរកចំណូលបានជាង ១៥០ ពាន់លានដុល្លារឯណោះ ហើយប្រាក់ចំណេញសុទ្ធមានដល់ទៅជាង ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧។ ក្រុមហ៊ុននេះ ក៏មានម៉ាករថយន្តប្រណីតមួយដែរ នៅក្រោមចំណុះរបស់ខ្លួនគឺ Lincoln។
៩. Nissan
Nissan ជាក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Yokoham ប្រទេសជប៉ុន។ ជារៀងរាល់ឆ្នាំ Nissan រកចំណូលបានជាមធ្យមក្បែរ ៤១ ពាន់លានដុល្លារអាមេរិក ដោយមានរោងចក្រផលិតរថយន្តចំនួន ៥០ និងបុគ្គលិកសរុបជាង ១៤២ ០០០ នាក់នៅជុំវិញពិភពលោក។ ម៉ាករថយន្តល្បីៗដែលជាចំណុះរបស់ Nissan មាន Nissan ផ្ទាល់, Nismo, Datsun និង Infiniti។
១០. Fiat Chrysler Automobiles
ក្រុមហ៊ុនផលិតរថយន្តរបស់អ៊ីតាលីមួយនេះ ត្រូវបានបង្កើតឡើងនាសតវត្សរ៍ទី ១៨ ឯណោះ ក្នុងឆ្នាំ ១៨៩៩ ដោយស្ថាបនិក Giovanni Agnelli។ ក្រុមហ៊ុននេះមានចំណូលប្រចាំឆ្នាំ ជាមធ្យមដល់ទៅ ១៣០ ពាន់លានដុល្លារឯណោះ ដោយបានមកពីការលក់រថយន្តម៉ាកល្បីៗនៅក្នុងសម្ព័ន្ធរបស់ខ្លួនមានដូចជា Alfa Romeo, Chrysler, Dodge, Jeep, Maserati, Fiat, Abarth, Lancia និង Fiat Professional៕
ចុចអាន៖