BIG BANG ពេលនេះមានសមាជិកម្នាក់គត់ អាចរួចផុតពីរឿងអាស្រូវ
- 2019-07-29 06:25:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BIG BANG ពេលនេះមានសមាជិកម្នាក់គត់ អាចរួចផុតពីរឿងអាស្រូវ
ចន្លោះមិនឃើញ
ពិតជាសោកស្ដាយមែនទែន ដែលបានឃើញក្រុមចម្រៀងបុរស K-Pop ដ៏ល្បីមួយក្នុងប្រវត្តិសាស្ត្រ បានរងផលប៉ះពាល់ពីរឿងអាស្រូវជាបន្តបន្ទាប់ មួយរយៈកន្លងមកនេះ។ រឿងហេតុនេះ បានធ្វើឲ្យ V.I.P. (ឈ្មោះអ្នកគាំទ្រក្រុម BIG BANG) ជុំវិញពិភពលោក ព្រួយបារម្ភ អំពីអនាគតរបស់ក្រុមនេះ ដោយសារសមាជិកម្នាក់បានចាកចេញពីក្រុម ហើយសមាជិក ៣ នាក់ក្នុងចំណោម ៤ នាក់ សុទ្ធតែត្រូវមហាជនមើលក្នុងផ្លូវមិនល្អ។
នាពេលនេះ Taeyang គឺជាសមាជិកតែមួយគត់ក្នុងក្រុម ដែលអាចគេចផុតពីការលេចឈ្មោះលើសារព័ត៌មាន ដោយសាររឿងអាស្រូវ។ ពេលចុងក្រោយដែលឃើញឈ្មោះសមាជិករូបនេះលើទំព័រព័ត៌មានគឺពេលដែល រូបគេចូលបម្រើទ័ព និងពេលរៀបអាពាហ៍ពិពាហ៍ជាមួយ Min Hyo-rin។
G-Dragon ដែលជាមេក្រុមបានលេចមុខលើសារព័ត៌មាន កាលពីពេលកន្លងទៅនៅពេលមហាជនកូរ៉េខាងត្បូង បានរិះគន់ និងចោទប្រកាន់ថារូបគេទទួលបានការមើលថែជាពិសេសនៅពេលបំពេញកិច្ចការក្នុងជួរទាហាន។ មិនខ្វល់ថារឿងនេះពិត ឬមិនពិតនោះទេ មហាជនកូរ៉េប្រកែកមិនព្រមជឿថាមេក្រុមរូបនេះបានខកខានការបំពេញកាតព្វកិច្ចក្នុងជួរទ័ពមួយភាគធំ ដោយសាររបួសកែងជើង ជារឿងដែលពួកគេគិតថាមិនអាចទៅរួច ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពនេះ គឺជាមនុស្សសាមញ្ញវិញនោះ។
ជាមួយ T.O.P វិញ រឿងអាស្រូវទាក់ទងនឹងការប្រើប្រាស់កញ្ឆា។ បន្ថែមពីនេះមហាជនកូរ៉េក៏បានចោទប្រកាន់ថា T.O.P ទទួលបានការមើលថែពិសេសពេលបំពេញកិច្ចការសាធារណៈផងដែរ។
ហើយប្រសិនបើអ្នកបានតាមដានរឿងមួយរយៈចុងក្រោយនេះ Seungri ដែលបានដកឈ្មោះចេញពីក្រុមទាំងស្រុងនោះ គឺដោយសារជាប់ទាក់ទងនឹងរឿងអាស្រូវនៅក្លឹប Burning Sun និងតារាចម្រៀង Jung Joon Young។ Seungri គឺជាសមាជិកដែលប្រឈមមុខនឹងរឿងធ្ងន់ធ្ងរជាងគេ។
Daesung វិញនៅពេលនេះគឺមានជាប់ទាក់ទងនឹងរឿងអាស្រូវពេស្យាចារ ដែលពាក់ព័ន្ធនឹងអគារដែលសមាជិករូបនេះគឺជាម្ចាស់។ ពេលនេះគ្រប់គ្នាបានត្រឹមព្រួយបារម្ភពីក្រុម BIG BANG តែប៉ុណ្ណោះ។
លោក Yang Hyu Suk ដែលបានបង្កើតក្រុម BIG BANG នៅពេលនេះក៏បានក្លាយជាជនសង្ស័យផ្លូវការទាក់ទងនឹងរឿងពេស្យាចារ ហើយបានបាត់ស្រមោលពីផលិតកម្មតែម្ដង ដោយសារលោកលែងជាអ្នកគ្រប់គ្រងរឿងរ៉ាវទាំងអស់នៅផលិតកម្ម YG ដូចមុន ត្រូវជំនួសដោយនាយកប្រតិបត្តិថ្មីពីពេលនេះ៕
ចុចអាន៖