Chelsea បាន​ដាក់​បម្រាម​មិន​ឲ្យ​អ្នក​គាំទ្រ​ម្នាក់ ចូល​មើល​ប្រកួត​ក្នុង​កីឡដ្ឋាន​របស់​ខ្លួនអស់មួយ​ជីវិត

  • 2019-07-30 12:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea បាន​ដាក់​បម្រាម​អ្នក​គាំទ្រ​ម្នាក់ មិន​ឲ្យ​ចូល​មើល​ការ​ប្រកួត​របស់​ខ្លួន​ក្នុង​កីឡដ្ឋាន​ Stamford Bridge ដែល​ជា​ការ​ពិន័យ​លើ​ករណី​ ស្រែក​រើសអើង​ និង​មាក់ងាយ​ពូជសាសន៍ ពណ៌​សម្បុរ​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨។

អ្នក​គាំទ្រ​ចំនួន ៥​នាក់​ទៀត​ ក៏​ត្រូវ​បាន​ជាប់​បម្រាម​ក្នុង​ករណី​ដូច​គ្នា​ដែរ ប៉ុន្តែ​ហាម​មិន​ឲ្យ​ចូល​មើល​ក្នុង​កីឡដ្ឋាន Stamford តែ​ ២​ឆ្នាំ​ទេ។

ខាង​ក្លឹប​ Chelsea បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា ក្លឹប​ពន្យារ​ចាត់​វិធានការ​បែប​នេះ​គឺ ដោយ​សារ​តែ​រង់ចាំ​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ។

សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​ខាង​អាជ្ញាធរ​បាន​សម្រេច​ថា ជនជាប់ចោទ​មិន​មាន​ទោស​អ្វី​ឡើយ ក្លឹប​ក៏​បើក​ការ​ស៊ើបអង្កេត​ដោយ​ខ្លួន​ឯង​ ហើយ​​សម្រេច​ពិន័យ​អ្នក​គាំទ្រ​ម្នាក់​មិន​ឲ្យ​ចូល​មើល​ការ​ប្រកួត​ក្នុង Stamford Bridge អស់​មួយ​ជីវិត ហើយ​ ៥​រូប​ទៀត​ ហាម​ក្នុង​រយៈពេល ២​ឆ្នាំ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៨ កន្លង​ទៅ អ្នក​គាំទ្រ​ Chelsea ត្រូវ​បាន​ជាប់ចោទ​ថា បាន​ស្រែក​រើសអើង​ពូជសាសន៍ និង​ពណ៌​សម្បុរ​ទៅ​លើ​ខ្សែ​ស្លាប​ក្លឹប Manchester City កីឡាករ Raheem Sterling៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី