ឡូយបាត់ប្រុសសង្ហា នូ ឧសភា លេចក្នុងភាពយន្តខ្នាតធំជាមួយតួឯកស្រីជនជាតិបារាំង
- 2019-08-03 08:15:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយបាត់ប្រុសសង្ហា នូ ឧសភា លេចក្នុងភាពយន្តខ្នាតធំជាមួយតួឯកស្រីជនជាតិបារាំង
ចន្លោះមិនឃើញ
បុរសសង្ហា ដែលចាប់ផ្ដើមលេចមុខមាត់ក្រោយសម្ដែងរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" នោះ ឥឡូវស្រាប់តែហក់មកក្ដាប់តំណែងតួអង្គសំខាន់មួយក្នុងភាពយន្តខ្នាតធំទៀត ដោយចាប់ដៃជាមួយតួអង្គស្រីជនជាតិបារាំងដ៏ស្រស់ស្អាតម្នាក់ទៀតផង។
រូបភាពស្ដីពីការសម្ដែងក្នុងរឿងខ្នាតធំខាងលើ ត្រូវបានគេប្រទះឃើញនៅលើបណ្ដាញសង្គម ធ្វើឲ្យមានការចាប់អារម្មណ៍ ត្បិតថា ជាទិដ្ឋភាពដ៏កម្រមួយដែលតារាប្រុសក្នុងស្រុក មានឱកាសចាប់ដៃជាមួយតារាស្រីមកពីលោកខាងលិច។ ដូច្នេះហើយ បានធ្វើឲ្យប្រិយមិត្តជាច្រើន បាន និងកំពុងជជែកពីបញ្ហានេះ ស្របពេលភ្លាមៗ ពួកគេមិនបានដឹងនៅឡើយថា ជាភាពយន្តមានចំណងជើងអ្វី។
យ៉ាងណា តួសម្ដែងម្នាក់ក្នុងរឿងនេះ បានលួចបង្ហើបឲ្យដឹងថារឿងនោះមានចំណងជើងថា "The Clock- Spirit Awakening” ឬ "នាឡិកាដាសវិញ្ញាណ" ដែលជាប្រភេទរឿងខ្នាតធំ និងផលិតដោយផលិតកម្ម អិលឌី របស់លោក លៀក លីដា តែម្ដង។ ប្រភពបានថ្លែងឲ្យដឹងបន្ថែមថា តាមតែព័ត៌មានដែលខ្លួនបានដឹងគឺថារឿង “The Clock” នេះ គឺជារឿងស្តង់ដារអន្តរជាតិ និងជារឿងធំប្រចាំឆ្នាំរបស់ LD ទៀតផង។ ដូច្នេះហើយ ល្បីថា ខ្សែភាពយន្តនេះ បាន ចំណាយទុនច្រើនសម្បើមណាស់។
តាមប្រភព នៅក្នុងរឿងនេះផងដែរ កំលោះសង្ហារ មុខចតុកោណកែង នូ ឧសភា បានសម្ដែងជាតួអង្គ វិស្វករនាឡិកា នៅសម័យអាណានិគម បារាំង។ រឿងនេះផងដែរក៏មានការចូលរួមសម្ដែងពីតារាមានទេពកោសល្យជាច្រើននាក់ទៀត។ ចំណុចគួរចាប់អារម្មណ៍ លោក នូ ឧសភា ត្រូវបានអ្នកដឹកនាំតម្រូវឲ្យនិយាយភាសាបារាំងតែម្ដង ព្រោះថាលោកជាតួអង្គសំខាន់ ដែលត្រូវជាសង្សាររបស់តួស្រីដែលជាជនជាតិបារាំងស្រាប់។
ជុំវិញបញ្ហានេះ សាមីខ្លួនសិល្បករ មិនទាន់អាចសុំការអធិប្បាយបានទេ។ ដោយឡែកលោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្ម និងអ្នកនាំរឿងនេះផ្ទាល់ ក៏មិនទាន់អាចទំនាក់ទំនងបាននៅរសៀលនេះ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។
តាមដំណឹងពីប្រភពខាងលើដដែលរឿង "The Clock- Spirit Awakening” ឬ "នាឡិកាដាសវិញ្ញាណ" បានថតចប់រួចរាល់ហើយ ហើយបាន និងកំពុងកាត់តកែសម្រួលបច្ចេកទេស។ ប្រភពបន្ថែមថា បើមិនមានអ្វីរាំងស្ទះទេ ភាពយន្តដែលមានទិដ្ឋភាពប្លែកអារម្មណ៍ ប្លែកភ្នែកនេះ នឹងអាចចេញបញ្ចាំងបានក្នុងរយៈពេលមិនយូរខាងមុខ៕