មកដឹងប្រេងសំខាន់ ៦ ប្រភេទ ជួយឱ្យរថយន្តដើរស្រួល
- 2019-08-05 07:05:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងប្រេងសំខាន់ ៦ ប្រភេទ ជួយឱ្យរថយន្តដើរស្រួល
ចន្លោះមិនឃើញ
អ្នកបើកបរមួយចំនួនតូច ជាពិសេសមនុស្សស្រីដែលតែងតែបើកបររថយន្តរាល់ថ្ងៃ អាចមិនទាន់ដឹងនៅឡើយទេ តើរថយន្តដែលខ្លួនឯងប្រើរាល់ថ្ងៃហ្នឹងមានប៉ុន្មានប្រភេទហើយមានតួនាទីអ្វីខ្លះ។ ប្រេងរថយន្តមានតួនាទីសំខាន់មួយផ្នែកក្នុងការរក្សាសុវត្ថិភាពអ្នកបើកបរនិងអ្នកដំណើរក្នុងរថយន្ត។
រូបតំណាង (រូបភាពបរទេស)
លោក ផាន់ណា ដែលជាអ្នកជំនាញផ្នែកជួសជុលរថយន្តរយៈពេលច្រើនឆ្នាំនៅហាង មិត្តភាពអូតូ បានឱ្យដឹងថា ប្រេងរថយន្តសំខាន់ៗបែងចែកដូចជា៖ ប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ប្រេងបូម ប្រេងចង្កូត និងប្រេងប៉ុង ហើយប្រេងទាំងអស់នេះមានតួនាទីផ្សេងគ្នាដើម្បីអាចឱ្យរថយន្តមួយដំណើរការស្រួល។
១. ប្រេងម៉ាស៊ីន៖ ប្រេងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យម៉ាស៊ីនដើរស្រួល។ ជាធម្មតាប្រេងនេះច្រើនត្រូវប្តូរចេញរៀងរាល់ ៣០០០គីឡូម៉ែត្រម្តង ឬតិចជាងនេះអាស្រ័យលើបែបបទថែទាំរបស់ម្ចាស់រថយន្ត។
២. ប្រេងប្រអប់លេខ៖ មានតួនាទីដើម្បីឱ្យប្រអប់លេខដើរស្រួល។ បើតាមលោក ផាន់ណាបានឱ្យដឹងថា ជាទូទៅអ្នកបើកបរភាគច្រើនហាក់មិនសូវចាប់អារម្មណ៍នឹងការដូរប្រេងប្រអប់លេខនេះសោះ។ លោកថា ធម្មតាប្រេងប្រអប់លេខគួរដូរចេញពេលវាឡើងពណ៌ត្នោតនិងធំក្លិនឈ្ងៀម ឬ ជាង២ម៉ឺនគីឡូម៉ែត្រត្រូវដូរចេញម្តង។
៣. ប្រេងចង្កូត៖ ប្រេងនេះប្រើដើម្បីធ្វើឱ្យចង្កូតធូរ។ កាលណាប្រេងចង្កូតអស់ឬមិនគ្រប់គ្រាន់នោះវានឹងធ្វើឱ្យតឹងចង្កូតពិបាកកាច់ចង្កូតពេលកំពុងបើកបរ។
៤. ប្រេងហ្វ្រាំង៖ មានតួនាទីធ្វើឱ្យហ្រ្វាំងដំណើរការល្អ ព្រោះវាជាអ្នកបញ្ជាទៅកង់ទាំងបួននៃរថយន្ត។ កាលណារថយន្តអ្នកអស់ឬខ្វះប្រេងហ្វ្រាំង នោះការបើកបរនឹងលំបាកនិងអាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ដោយសារហ្រ្វាំងរថយន្តអ្នកស្អិតពេលចាប់ហ្រ្វាំង។ អ្នកអាចត្រួតពិនិត្យប្រេងហ្វ្រាំងពេលអ្នកត្រូវប្តូរប្រេងម៉ាស៊ីន ឬអាចប្តូរវាចេញរយៈពេល២ឆ្នាំម្តងឬតិចជាងនេះ។
៥. ប្រេងបូម៖ ជាធម្មតាប្រេងបូមច្រើនប្រើតែចំពោះរថយន្តមួយចំនួនប៉ុណ្ណោះដូចជាពពួក Lexus 470 ជាដើម។ វាមានតួនាទីធ្វើឱ្យកម្ពស់រថយន្តឡើងឬចុះនិងអាចជួយទប់លំនឹងរថយន្តពេលកំពុងបើកបរបានយ៉ាងល្អ។
៦. ប្រេងប៉ុង៖ ប្រេងនេះប្រើដើម្បីជួយឱ្យប៉ុងមុខក្រោយរបស់រថយន្តរអិលមិនកកិត។
ត្បិតតែប្រេងខ្លះប្រើពេលយូរទើបត្រូវដូរចេញ តែអ្នកគួរតែឧស្សាហ៍ពិនិត្យវាដោយខ្លួនឯងឱ្យបានទៀតទាត់។ អ្នកគួរតែឆ្លៀតពិនិត្យប្រេងទាំងនេះពេលណាអ្នកទៅប្តូរប្រេងម៉ាស៊ីនម្តងៗ ដើម្បីធានាបានថារថយន្តអ្នកអាចបើកលើដងផ្លូវប្រកបដោយសុវត្ថិភាព៕