ពលរដ្ឋឥណ្ឌូនេស៊ី ខឹងសម្បារខ្លាំងក្រោយពេលដាច់ភ្លើងច្រើនម៉ោងនៅចាកាតា

  • 2019-08-06 07:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជា​ពលរដ្ឋ​ជាង ៣០​លាន​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​រដ្ឋ​ធានី​ចាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​បង្ហាញ​ការ​ខឹង​សម្បារ​ខ្លាំង​ក្រោយ​ពេល​ដាច់​ភ្លើង​រាប់​ម៉ោង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ការ​ដាច់​ភ្លើង​នេះ បណ្ដាល​ឲ្យ​អគារ​រាប់​ពាន់​ខ្នង​នៅ​រដ្ឋធានី​ចាកាតា ជួប​ប្រទះ​ការ​លំបាក​ខណៈ​ពេល​ដែល​ប្រព័ន្ធ​ធ្វើ​ដំណើរ​ថ្មី ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន។ ជាមួយ​គ្នា យោង​តាម​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឲ្យ​ដឹង​ថា​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់ ត្រូវ​បាន​ជួយ​ជម្លៀស​ចេញ​ពី​ទូ​រថភ្លើង​ប៉ុន្តែ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ។ ចំណែក​ឯ​ខាង​មន្ទីរពេទ្យ​ធំ​ៗ និង​ព្រលាន​យន្ដហោះ​អន្ដរជាតិ Seokarno-Hataa មិន​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ដាច់​ភ្លើង​នោះ​ទេ​ដោយ​សារ​ពួកគេ​មាន​ម៉ាស៊ីន​ភ្លើង​សម្រាប់​ទុក​បម្រុង។

ជា​ការ​ឆ្លើយ​តប អ្នក​នយោបាយ​កំពូល​ម្នាក់​របស់​រដ្ឋធានី​ចាកាតា បាន​ធ្វើ​ការ​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ និង​ការ​ប្រើប្រាស់​ទឹក​ជា​បណ្ដោះ​អាសន្ន​សិន មុន​ពេលដែល​អគ្គិសនី​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ។ យោង​តាម​ពល​រដ្ឋ​វ័យ ៣០​ឆ្នាំ​ម្នាក់​ត្អូញត្អែរ​ថា "ការ​ដាច់​ភ្លើង បាន​បន្ដ​អស់​ពេល​ជា​ច្រើន​ម៉ោង ហើយ​វា​ពិត​ជា​ក្ដៅ​ខ្លាំង​ណាស់​នៅ​អាផាតមែន​របស់​ខ្ញុំ​ដោយ​សារ​មិន​មាន​ម៉ាស៊ីន​ត្រជាក់។”

គួរ​ឲ្យ​ដឹង​ថា ការ​ដាច់​ចរន្ដ​អគ្គិសនី​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៥​ល្ងាច (ម៉ោង​ក្នុង​តំបន់) កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ប៉ុន្តែ​រហូត​មក​ដល់​ម៉ោង ១១​យប់​ថ្ងៃ​ដដែល ផ្ទះ​សម្បែង និង​អគារ​ភាគ​ច្រើន ត្រូវ​បាន​តភ្ជាប់​ឲ្យ​មាន​អគ្គិសនី​ប្រើប្រាស់​វិញ​ហើយ៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន