Raheem Sterling ក្លាយ​ជា​កីឡាករ​ទី ៨ ស៊ុត Hat-trick នៅ​ថ្ងៃ​បើក​រដូវ​កាល

  • 2019-08-10 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម The Guardian គិត​ចាប់​តាំង​ពី​លីគ​កំពូល​អង់គ្លេស​កែប្រែ​ឈ្មោះ​មក​ជា Premier Leauge កាល​ពី​រដូវកាល ១៩៩២ មក​មាន​កីឡាករ​៧នាក់​ហើយ​ដែល​ធ្វើ​បាន​ Hat-trick នៅ​ថ្ងៃ​បើក​រដូវកាល។

Raheem Sterling បាន​ក្លាយ​ទៅ​ជា​កីឡាករ​ទី​៨​ដែល​ធ្វើ​បាន​៣​គ្រាប់​ក្នុង​១​ប្រកួត​នៅ​ថ្ងៃ​ប្រកួត​បើក​ឆាក Premier League បន្ទាប់​ពី Didier Drogba ដែល​ធ្វើ​បាន​កំណត់ត្រា​នេះ​ចុង​ក្រោយ​បំផុត​កាល​ពី​ឆ្នាំ ២០១០។

១ Mick Quin (១៩៩៣)

Mick Quinn បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ ដែល​រក​គ្រាប់​បាល់ Hat-trick នៅ​ចុង​សប្តាហ៍​នៃ​ការ​បើក​រដូវកាល​នៃ​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ ១៩៩៣។

៣​គ្រាប់​របស់​គាត់​បាន​កើត​ឡើង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​បាន​ជួយ Coventry City ផ្តួល​ក្រុម Arsenal ៣-០។

២ Matt le Tissier (១៩៩៥)

Matthew Le Tissier ស៊ុត​បាន​៣​គ្រាប់​នៅ​ថ្ងៃ​បើក​ឆាក Premier League កាល​ពី​ខែ​សីហា ១៩៩៥ ប៉ុន្តែ​ Southampton នៅ​តែ​ចាញ់ Nottingham Forest ដោយ​លទ្ធផល ៤-៣។

៣ Kevin Campbell (១៩៩៦)

៣​គ្រាប់​របស់ Kevin Campbell គឺ​ល្មម​គ្រប់គ្រាន់​ឲ្យ Nottingham Forest ឈ្នះ Coventry ក្រៅ​ដី។

៤ Fabrizio Ravanelli (១៩៩៦)

Fabrizio Ravanelli អបអរជាមួយអ្នកគាំទ្រ Middlesbrough បន្ទាប់ពីស៊ុតចូល Liverpool ក្នុងឆ្នាំ ១៩៩៦

នៅ​ថ្ងៃ​តែ​មួយ​ដែល Kevin Campbell ស៊ុត hat trick កីឡាករ Fabrizio Ravanelli ក៏​រក​បាន​៣​គ្រាប់​ដូច​គ្នា។ Fabrizio Ravanelli បាន​ចូលរួម​ជាមួយ Middlesbrough ក្រោយ​ទើប​ជួយ​ Juventus លើក​ពាន Champions League។

គាត់​បាន​ផ្លាស់​ពី Juventus ទៅ Middlesbrough ជាមួយ​តម្លៃ​នៃ​ការ​ផ្ទេរ ៧ លាន​ផោន កាល​ពី​ឆ្នាំ ១៩៩៦។

៥ Dion Dublin (១៩៩៧)

Dion Dublin រក​បាន​៣​គ្រាប់​ម្នាក់​ឯង បាន​ជួយ​ឲ្យ Coventry City វាយបក​យក​ឈ្នះ Chelsea ដែល​នាំ​មុខ​២​គ្រាប់​មុន ដោយ​លទ្ធផល ៣-២ កាល​ពី​ខែ​សីហា ឆ្នាំ​១៩៩៧។

៦ Gabby Agbonlahor (២០០៨)

Dublin បាន​ចូលនិវត្តន៍​បាត់​ទៅ​ហើយ​នៅ​ថ្ងៃ​ដែល Gabby Agbonlahor ធ្វើ​បាន​ hat-trick បន្ទាប់​ ក្រោយ​កំណត់ត្រា​នេះ​ត្រូវ​ពន្យាពេល​ជាង​១០​ឆ្នាំ​ទើប​មាន​អ្នក​អាច​ធ្វើ​បាន​បន្ទាប់។

Agbonlahor ប្រើ​ពេល​តែ​៧​នាទី​ប៉ុណ្ណោះ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​ Aston Villa យក​ឈ្នះ Man City ៤-២ ដែល​កាលណោះ Agbonlahor ទើប​តែ​មាន​អាយុ​២១​ឆ្នាំ​ប៉ុណ្ណោះ។

​៧ ​​Didier Drogba (២០១០)

Didier Drogba ស៊ុត​៣​គ្រាប់​នៅ​​ថ្ងៃ​បើក​រដូវ​កាល​ នៅ​ខែ​សីហា ឆ្នាំ​២០១០ ជួយ​ឲ្យ Chelsea ស៊ី West Brom ជា​ក្រុម​ទើប​ឡើង​មក​លេង​នៅ Premier League​ ៦-០ នៅ Stamford Bridge។ ១​គ្រាប់​ក្នុង​ចំណោម​នោះ Drogba រក​បាន​ពី​ការ​ស៊ុត​ free-kick ចម្ងាយ​ជាង ២៧ ម៉ែត្រ។

Drogba ស៊ុត​បាន ១៣៣ គ្រាប់​អំឡុង​ពេល​ប្រកប​អាជីព​នៅ Chelsea។

៨ Raheem Sterling (២០១៩)

ជិត​១​ទសវត្ស​ក្រោយ​មក ទម្រាំ Raheem Sterling អាច​ធ្វើ​បាន​កំណត់​ត្រា hat-trick នៅ​ថ្ងៃ​បើក​ឆាក​បន្ទាប់​ពី Drogba ធ្វើ​បាន​ចុងក្រោយ​បំផុត​កាល​ពី​ឆ្នាំ​២០១០។

Sterling ជួយ Man City បំបាក់​ West Ham ៥-០៕

អាន៖ អ្នកគាំទ្រ​ឆ្ងល់​រឿង VAR ឲ្យ Aguero ស៊ុត​ប៉េ​ណាល់ទី​សាជាថ្មី ក្រោយ​អ្នកចាំទី​សង្គ្រោះ​បាល់​បាន

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត