កម្មវិធីប្រកាសលក់រថយន្ត BMW X7 និង BMW 7 Series ស៊េរីថ្មីនៅកម្ពុជា

  • 2019-08-12 10:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW Asia និង HGB Group ដែលជាក្រុមហ៊ុននាំចូលរថយន្ត BMW ផ្ដាច់មុខនៅកម្ពុជា បានប្រកាសចេញនូវរថយន្ត BMW X7 រួមជាមួយ BMW 7 Series ស៊េរីថ្មីសម្រាប់ដាក់លក់នៅកម្ពុជាជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ សីហា នៅសណ្ឋាគារសូហ្វីថែល នាទីក្រុងភ្នំពេញ។

កម្មវិធីប្រកាសចេញរថយន្តដ៏ប្រណីតទាំងពីរម៉ូដែលនេះ មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ២៥០ នាក់ ដែលក្នុងនោះមានការប្រគំតន្ត្រីពីក្រុមតន្ត្រី ទស្សនីយភាពភ្លើង LED និងការសម្ដែងក្បាច់រាំ Flash Mob ផងដែរ។

លោក ERKAN BILAL អ្នកតំណាង របស់ក្រុមហ៊ុន HGB Group បានលើកឡើងថា ៖ "ទីផ្សាររថយន្តកម្ពុជា បានផ្ដល់ជាសក្ដានុពលដ៏ធំមួយសម្រាប់រថយន្តប្រណីតឲ្យលូតលាស់បានល្អ ហើយយប់មិញនេះគឺជាឱកាសល្អមួយសម្រាប់ឲ្យពួកយើង អាចរក្សាទំនាក់ទំនងល្អជាមួយអតិថិជនចាស់ និងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនថ្មី”។ លោកបានបន្តនេះបន្តទៀតថា ៖ "ព្រោះថាជាកម្មវិធីប្រកាសចេញលក់រថយន្ត BMW ដ៏ធំបំផុតមួយនៅកម្ពុជា ហើយវាប្រព្រឹត្តទៅដោយជោគជ័យ។ អតិថិជនអាចមានឱកាសមើលឃើញកាន់តែច្បាស់អំពី BMW X7 និង 7 Series និងអាចដឹងអំពីប្រណីតភាពដ៏ទាក់ទាញនៃរថយន្តទាំងពីរ”។

  • BMW X7

វាគឺជាប្រភេទរថយន្ត SAV (Sport Activity Vehicle) ហើយជាម៉ូដែលថ្មីជាងគេ និងធំជាងគេក្នុងត្រកូល BMW X។ ប្រព័ន្ធម៉ាស៊ីនវ័យឆ្លាត, បច្ចេកវិទ្យាគ្រោងឆ្អឹងដ៏ពិសេស បូករួមនឹងទំហំធំទូលាយ រួមទាំងគ្រឿងបរិក្ខារទំនើបៗ អាចឲ្យរថយន្តនេះផ្ដល់បាននូវបទពិសោធន៍បើកបរដ៏ស៊ីវិល័យបំផុត។

ជាមួយប្រវែង ៥១៥១ ម.ម ទទឹង ២០០០ ម.ម និងកម្ពស ១៨០៥ ម.ម អាចឲ្យ X7 ក្លាយជាមេគ្រួសារថ្មីមួយនៃត្រកូល BMW X។ រថយន្តនេះក៏បានបំពាក់នូវរន្ធខ្យល់ទំហំធំ ដែលធ្វើឲ្យវាមានពោរពេញដោយអំណាចផងដែរ។

  • BMW 7 Series

BMW 7 Series គឺជារថយន្តប្រភេទ Sedan ដែលមានប្រណីតភាពខ្ពស់ទាំងផ្នែកខាងក្នុង និងខាងក្រៅ និងមានរូបរាងសង្ហារតាមរយៈការបំពាក់នូវរន្ធខ្យល់ដែលមានទំហំធំជាងស៊េរីមុន ជាអត្តសញ្ញាណថ្មីនៃរថយន្ត BMW ជំនាន់ចុងក្រោយ។ មិនត្រឹមតែមានប្រណីតភាព វាក៏មានសមត្ថភាពបើកបរខ្លាំង និងមានមុខងារទំនើបៗជាច្រើនដែលអាចជំនួយដល់អ្នកបើកបរបានទៀតផង។

បញ្ជាក់ថាពេលនេះរថយន្ត BMW X7 និង BMW 7 Series កំពុងមានវត្តមានដាក់តាំងបង្ហាញនៅ BMW Showroom ។ សម្រាប់ព័ត៌មានបន្ថែម ឬចង់បើកបរសាកល្បងឡាន BMW ម៉ូដែលណាក៏ដោយ ទាក់ទងលេខ 078 90 90 90 ឬទៅអគារតាំងរថយន្ត ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ៕

អត្ថបទ៖ សុខហេង