មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ​ បង្ហោះ​សារ​ណែ​នាំ​អាជ្ញាធរ​សង្កាត់​លេខ​ ២ ចំពោះ​បញ្ហា​សំរាម​

  • 2019-08-15 04:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ ណែ​នាំ​ដល់​អាជ្ញាធរ​សង្កាត់​លេខ​ ២ ឲ្យ​ត្រួត​ពិនិត្យ​លើ​បញ្ហា​សំរាម​ និង​កាក​សំណល់​ផ្សេងៗ​ ដែល​ដាក់​រញ៉េរញ៉ៃ​នៅ​ចំ​ពី​មុខ​ប៉ុស្តិ៍​រដ្ឋបាល​។

កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​សីហា​ ឆ្នាំ​ ២០១៩ នេះ​ លោក​ លឹម ភត្រី ​មន្រ្តី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ បាន​បង្ហោះ​សារ​ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ត្អូញត្អែរ​ចំពោះ​ បញ្ហា​សំរាម​ដាក់​ពាស​វាល​ពាស​កាល​ចំ​ពី​មុខ​ប៉ុស្តិ៍​រដ្ឋបាល​លេខ​ ២ ដោយ​មិន​មាន​ការ​ដោះ​ស្រាយ​ពី​អាជ្ញាធរ​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ទាល់​តែ​សោះ​។

លោក​បាន​បង្ហោះ​ថា​ ៖ «សំរាម​និង​ឈើ​ រញ៉េរញ៉ៃ​នៅ​ចំ​ពី​មុខ​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​ ២ គ្មាន​ការ​វេច​ខ្ចប់​និង​ទុក​ដាក់​សំរាម​អោយ​បាន​ត្រឹម​ត្រូវ​ សូម​លោក​មេ​ប៉ុស្តិ៍​ ២ ជួយ​មើល​ផង​ គ្មាន​អ្នក​ណា​លាង​គូទ​អោយ​ទេ​..ត្រូវ​មាន​របៀប​ និង​អនាម័យ​»

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Sabay មន្រ្តី​ទទួល​បន្ទុក​ផ្នែក​សាធារណៈ​ និង​បរិស្ថាន​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​លោក​តែង​តែ​ប្រាប់​មេ​ប៉ុស្តិ៍​ និង​ចៅ​សង្កាត់​នៅ​ទី​នោះ​ ឲ្យ​ដោះ​ស្រាយ​ចំពោះ​បញ្ហា​សំរាម​ដាក់​នៅ​ចំ​ពី​មុខ​ប៉ុស្តិ៍​ ប៉ុន្តែ​ពួក​គេ​មិន​បាន​អើ​ពើ​នោះ​ទេ​។

លោក​ថា​ ៖ «យើង​អាជ្ញាធរ​ យើង​គំរូ​គេ​ យើង​ចុះ​អប់​រំ​គេ​ម៉េច​ បើ​នៅ​មុខ​មូលដ្ឋាន​យើង​វា​អ៊ីចឹង​ ប៉ុន្តែ​អត់​ដែរ​ឃើញ​សង្កាត់​មក​ធ្វើ​ការ​ឲ្យ​ជា​ដុំ​កំភួន​មែន​ មើល​ទៅ​ដូច​វា​ហត់​ពេក​ ដដែលៗ​ពេក​ ទើប​ខ្ញុំ​បង្ហោះ​តែ​ម្ដង​ទៅ​»

លោក​ លឹម ភត្រី

មន្ត្រី​រូប​នេះ​ បន្ត​ទៀត​ថា​ លោក​បាន​ប្រាប់​ទៅ​អាជ្ញាធរ​សង្កាត់​នេះ​ ២ ដង​រួច​ទៅ​ហើយ​ ហើយ​លើក​នេះ​លោក​លែង​ប្រាប់​ទៀត​ហើយ​ គឺ​លោក​បង្ហោះ​ជា​សាធារណៈ​ក្នុង​បណ្ដាញ​សង្គម​ តែ​បើ​នៅ​តែ​បែប​នេះ​ទៀត​ នោះ​លោក​នឹង​រាយ​ការណ៍​ទៅ​ថ្នាក់​លើ​តែ​ម្ដង​៕

បញ្ជាក់​សារព័ត៌មាន​ Sabay មិន​ទាន់​បាន​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​សង្កាត់​លេខ​ ២  

អត្ថបទ៖ អ៊ឹង ម៉េងគង់