Apple ត្រូវក្រុមហ៊ុនអ៊ីស្រាអែលប្ដឹងម្ដងទៀតរឿងល្មើសប៉ាតង់ iPhone កាមេរ៉ាភ្លោះ

  • 2019-08-16 04:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Corephotonics ដែល​មាន​មូលដ្ឋាន​នៅ​អ៊ីស្រាអែល​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ Apple ដោយ​អះអាង​ថា​ iPhone ​កាមេរ៉ា​ភ្លោះ​ម៉ូដែល​បច្ចុប្បន្ន​នេះ បាន​ល្មើស​​នឹង​ប៉ាតង់​មួយ​ចំនួន​របស់​ខ្លួន។

ក្រុមហ៊ុន​​អ៊ីស្រាអែល​នេះ បាន​ដាក់​ពាក្យ​បណ្ដឹង​ច្រើន​លើក​មក​ហើយ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ហើយ​ចុង​ក្រោយ​នេះ​គឺ​រំពឹង​ថា​នឹង​អាច​បញ្ចប់​រឿង​បាន។ ផ្អែក​តាម​ Corephotonics បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​ខ្លួន និង Apple បាន​ស្ថិត​ក្នុង​ការ​ចរចា​លើ​មុខ​ជំនួញ​តាំង​ពី​ឆ្នាំ ២០១២។ Corephotonics បាន​ពិភាក្សា​ជុំវិញ​ដង្គុំ​កាមេរ៉ា​ភ្លោះ​ ដោយ​លម្អិត​ជា​ក្រុម​វិស្វករ​ Apple។

បន្ថែម​ពី​នេះ Apple ទទួល​បាន​សិទ្ធ​ក្នុង​ការ​ប្រើ​ធាតុ​ចំនួន​ ៥ ក្នុង​ឡេន Telephoto នៅ​ឆ្នាំ ២០១២, Board សម្រាប់​តេស្ត និង​ឡេន​នៅ​ឆ្នាំ ២០១៤ និង​ប្រអប់​ខ្មៅ​ដែល​មាន​ផ្ទុក​ឯកសារ​ជុំវិញ​ការ​ឌីហ្សាញ​ឡេន​កាមេរ៉ា​ភ្លោះ, Software និង​​គំរូ System ផង​ដែរ។ ពាក្យ​បណ្ដឹង​បាន​ចោទ​ប្រកាន់​ថា​ ទាំង​នេះ​ជា​ចំណុច​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​ដង្គុំ​កាមេរ៉ា​ភ្លោះ​លើ iPhone ដែល​បាន​ចេញ​កន្លង​មក។

Apple បាន​ប្រកាស​ចេញ iPhone 7 Plus នៅ​ឆ្នាំ ២០១៦ ដោយ​មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​ Corephotonics មុន​នោះ​ទេ។ តាម​ពិត​ទៅ​បុគ្គលិក​ជាប់​ខ្ពស់​នៅ​ Corephotonics បាន​សុំ​ជួប​ Apple ម្ដង​ទៀត ដើម្បី​បន្ត​ការ​ចរចា​ក្នុង​ភាព​ជា​ដៃ​គូ មុន​ការ​ប្រកាស iPhone 7 Plus មួយ​ខែ ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ទេ។

ក្រោយ​មក​ក្រុមហ៊ុន​អ៊ីស្រាអែល បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្ដឹង​លើ​ការ​រំលោភ​សិទ្ធ​ប៉ាតង់​ជា​លើក​ដំបូង​នៅ​​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ បន្ទាប់​ពី​​​​គេ​សិក្សា​លើ​កាមេរ៉ា​ iPhone 7 Plus និង iPhone 8 Plus និង​អះអាង​ថា​បច្ចេកវិទ្យា​ Zoom ប្រើ​លើ​ស្មាតហ្វូន​ទាំង​ពីរ​គឺ​ផ្អែក​លើ​ប៉ាតង់​របស់​ Corephotonics។

ពាក្យ​បណ្ដឹង​ទី​ពីរ​បាន​ដាក់​ប្ដឹង​នៅ​ខែ​មេសា ឆ្នាំ ២០១៨ សំដៅ​ដល់ iPhone X ខណៈ​ដែល​ពាក្យ​បណ្ដឹង​ចុង​ក្រោយ​នេះ​សំដៅ​ដល់ iPhone XS និង XS Max ហើយ​អះអាង​ថា​ Apple ក៏​បាន​ដឹង​ពី​ការ​ល្មើស​ប៉ាតង់​នេះ​ដែរ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​ការ​រាយការណ៍​ថា​ Samsung បាន​ទិញ​យក​ក្រុមហ៊ុន Corephotonics ក្នុង​ទំហំ​ទឹក​ប្រាក់ ១៥០ លាន​ដុល្លារ។ ប៉ុន្តែ​មិន​មាន​ភាគី​មួយ​ណា​ បាន​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​ការ​ទិញ​យក​នេះ​ទេ៕​​

ចុចអាន ៖ Apple ដូចបានបង្ហាញពីថ្ងៃប្រកាសចេញ iPhone 11

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម