ជន​ណា​​បង្ហោះ​សារ​​​តាម​​ហ្វេស​បុក​ និង​​ប្រព័ន្ធ​ផ្សេង​ៗ​ ប៉ះ​ពាល់​ដំណើរ​ការ​ប្រលង​បាក់ឌុប​នឹង​ត្រូវ​មាន​ទោស​

  • 2019-08-18 08:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​មុន​មួយ​ថ្ងៃ​​នៃ​ដំណើរ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(​បាក់ឌុប​)​ មក​ដល់​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ បាន​​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាស់​ចំពោះ​ជន​ណា​ ដែល​បង្ហោះ​សារ​តាម​ហ្វេសបុក​ និង​ប្រព័ន្ធ​អន​ឡាញ​ ផ្សេង​ៗ នឹង​ត្រូវ​​មាន​ទោស។

ឯកឧត្ដម ស៊ាន បូរ៉ាត់ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​និង​ជា​ប្រធាន​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​​បាន​កាល​ថ្ងៃ​​ទី​១៧ ខែ​សីហា ម្សិល​មិញ​ ក្នុង​ឱកាស​ប្រជុំ​ណែនាំ​នីតិ​វិធី​ដល់​ប្រធាន​មណ្ឌល ប្រធាន​អប្បមាទ ​និង​អនុរក្ស ទូទាំង​ខេត្ត​តាកែវ​​បាន​ព្រមាន​​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ឬ​តាម​ប្រព័ន្ធ​ផ្សេង​ទៀត​ ដែល​នាំ​​ឱ្យ​ប៉ះពាល់​ឬ​រារាំង​ដល់​ដំណើរ​ការ​ប្រលង​ទុតិយ​ភូមិ​ ពេល​នោះ​ក្រសួង​អប់រំ​ និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ ដើម្បី​ចាត់​វិធានការណ៍​តាម​ច្បាប់​ជា​ជា​ពុំខាន​។​​​​​​​

ឯកឧត្ដម​​បាន​បន្ថែម​ថា​ការ​ប្រលង​បាក់ឌុប​កន្លង​មក​ក៏​ដូច​ជា​នៅ​ឆ្នាំ​នេះ​គឺ​ជា​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់​វិស័យ​អប់រំ​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ​ដែល​ចង់​កែ​ប្រែ​ឥរិយាបថ​ឲ្យ​សិស្សានុសិស្ស​ ងាក​មក​ទទួល​ខុស​ត្រូវ​ប្រឹង​ប្រែង​សិក្សា​ឡើង​វិញ ​តាម​រយៈ​សុភាសិត​ «អ្នក​ចេះ​គឺ​ជាប់​»​។​ម្យ៉ាង​ទៀត​ក៏​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​គុណភាព​និង​ដើម្បី​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។ ​ដូច្នេះ​ជន​ណា​ដែល​បង្ក​បញ្ហា​ប៉ះ​ពាល់​ ឬ​រារាំង​ដល់​ដំណើរ​ការ​ប្រលង​តាម​រយៈ​ការ​បង្ហោះ​ព័ត៌មាន​ ចម្លើយ​​​វិញ្ញាសា​ប្រលង​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ឬ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ ក្រសួង​អប់រំ​ក៏​ដូច​ជា​អាជ្ញាធរ​ និង​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ជាក់​ជា​ពុំខាន​។​

ឯកឧត្ដម ស៊ាន បូរ៉ាត់ ​ក៏​បាន​ធ្វើ​ការ​ណែនាំ​ដល់​លោក​គ្រូ​អ្នក​គ្រូ​ ដែល​ជា​ប្រធាន​មណ្ឌល​ មន្ត្រី​អនុរក្ស​និង​មន្ត្រី​អប្បមាទ​ទាំង​អស់ ​ត្រូវ​គោរព​វិន័យ ​ដោយ​ជៀស​វាង​បង្ក​កំហុស​ ដោយ​ចេតនា​ ដែល​នាំ​ឱ្យ​មាន​បញ្ហា​ដល់​ខ្លួន​ ជា​ពិសេស​ត្រូវ​ធ្វើ​យ៉ាង​ណា​ចូល​រួម​រៀប​ចំ​ដំណើរ​ការ​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​និង​មាន​ការ​ទទួល​ស្គាល់​បេក្ខជន​ប្រលង​ និង​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

ចំណែក​ឯកឧត្ដម​ អ៊ូច ភា ​អភិបាល​ខេត្ត​តាកែវ​ បាន​ធ្វើ​ការ​ក្រើន​រំលឹក​ដល់ ​លោក​គ្រូ​​-អ្នក​គ្រូ​ ដែល​មាន​កាតព្វកិច្ច​ជា​ប្រធាន​មណ្ឌល ប្រធាន​អប្បមាទ ​និង​ជា​អនុរក្ស ​ត្រូវ​ចូល​រួម​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ឲ្យ​បាន​តឹង​រឹង​បំផុត​ចំពោះ​បេក្ខជន​ដែល​ចូល​មក​ប្រលង​ ដោយ​មិន​តម្រូវ​ឲ្យ​នាំ​ចូល​សំណៅ​ឯកសារ​ផ្សេង​ៗ ​ចូល​ក្នុង​មណ្ឌល​ប្រលង​ នឹង​បន្ទប់​ប្រលង​ជា​ដាច់​ខាត​។​ ​​កម្លាំង​សមត្ថកិច្ច​ ​និង​អ្នក​ពាក់ព័ន្ធ​ទាំង​នេះ ​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​តាម​ជំនាញ​រៀង​ៗ​ខ្លួន ​មិន​ថា​តែ​ការ​ចរាចរណ៍​សំណៅ​វិញ្ញាសា​ចម្លើយ​ប្រលង​ ការ​ដក​ ហូត​ទុក​នូវ​ឯកសារ​ ឧបករណ៍​គ្រឿង​អេឡិច​ត្រូនិច​គ្រប់​ប្រភេទ​ និង​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ អំឡុង​ពេល​ប្រលង​ឱ្យ​បាន​ល្អ​ប្រសើរ​៕

អត្ថបទ៖ សុផល