កម្មវិធី សម្ពោធសៀវភៅ ប្រលោមលោកស៊ើបអង្កេតពីអ្នកនិពន្ធល្បីឈ្មោះរបស់ "តម្រា" មានអ្នកចូលរួមច្រើន

  • 2019-08-19 04:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅទីបំផុត តម្រា ដែលជាកូនពៅគេក្នុងវិស័យអំណាននៅកម្ពុជា បានរៀបចំការជួបជុំជាមួយប្រិយមិត្តអ្នកអានរបស់ខ្លួនកាលពីថ្ងៃអាទិត្យ​ ទី១៨​ ខែសីហា​ កាលពីម្សិលមិញនេះ ហើយក៏ជាការបើកសម្ពោធដាក់លក់ ចំណងជើងទីបួននែការបោះពុម្ពផ្សាយរបស់ខ្លួនមានចំណងជើងថា "ស្ទូឌីយោលេខ៧"។

តាមសម្តីរបស់កញ្ញា ទូចបុប្ផា នាយិកាតម្រា មានប្រសាសន៍មកកាន់ Sabay ថា ស្ទូឌីយោលេខ៧ ជារឿងប្រលោមលោកសើបអង្កេតដំបូងគេរបស់តម្រាក្នុងការបោះពុម្ពផ្សាយកន្លងមក ហើយដែលរឹតតែពិសេសទៀតនោះគឺជាសំណៅដើមនៃសំណុំរឿងឃាតកម្មដំបូងបង្អស់ក្នុងចំណោមប្រលោមលោកឃាតកម្មធំៗ៤ករណី ស្នាដៃអ្នកនិពន្ធអ្នកស្រី ម៉ីសនសុធារី។ ពិសេសនាយិការូបនេះ បានដឹងថា ការជ្រើសរើសសាច់រឿងមួយនេះជាការបើកពិធីជួបជុំដំបូងរបស់ "តម្រា" ជាមួយប្រិយមិត្តរបស់ខ្លួន ដោយសារសាច់រឿងមួយនេះមានលក្ខណៈពិសេសឆ្លុះបញ្ចាំងពីសា្នដៃកូនខ្មែរតំាងពីទសវត្ស៩០ ដែលអ្នកនិពន្ធប្រលោមលោកប្រដេញប្រកិតបានញឹកល្អដែលគេទើបនឹងឃើញម្ភៃឆ្នាំក្រោយមកមានភាពដុះដាលច្រើនឡើងលើការតាក់តែងបទនិពន្ធប្រភេទនេះ។

ប្រលោមលោក រឿងស្ទូឌីយោលេខ៧ មានចំនួនជាងមួយរយទំព័រ បោះពុម្ព ១០០០ច្បាប់គត់ ជាប្រភេទច្បាប់ពិសេសសម្រាប់អ្នកអាន Collector’s Editions គឺមានតែអ្នកអានដែលស្រលាញ់រឿងនេះបំផុតដែលនឹងទិញបានដោយ​ តម្រា​​​​​ មានគោលការណ៍ព្យាយាមរក្សាតម្លៃសៀវភៅទំាងអស់របស់ខ្លួន​ អោយនៅត្រឹមតែ ២៥ ០០០រៀល​ មិនឡើងមិនចុះ។ កញ្ញាទូច បុប្ផា អះអាងថា ការបោះពុម្ពនេះ​ ​មិនមែនដើម្បីទទួលបានសាច់ប្រាក់ចំណេញឡើយ​​​​ ប៉ុន្តែជាការកសាងបណ្តាញ​​​ និងស្លាកសញ្ញា​ ប្រកបដោយគុណតម្លៃមួយ។

«យោងតាមគម្រោង យើងនិងមានអ្វីច្រើនទៀតនៅលើឌីជីថត ហើយយើងស្វាគមន៍រាល់ការចូលរួមពីផ្នែកឯកជន ក្នុងការលើកកំពស់ វប្បធម៌អាននិងតែងនិពន្ធ នៅកម្ពុជា»។ នេះជាការលើកឡើងរបស់ អ្នកនិពន្ធម៉ីសន សុធារី ដែលត្រូវបានគេដឹងថា ជាទីប្រឹក្សានៃមាតិកានានារបស់គម្រោងមួយនេះ ក៏ជាអ្នកនិពន្ធដែលមានស្នាដៃល្បីល្បាញជាច្រើនមកហើយ​​ មិនថាប្រលោមលោក​​​ ឬសៀវភៅបំណិនជីវិត។

អ្នកស្រី​ គូសបញ្ជាក់​ បន្ថែមថា តម្រា គឺជាអ្នកបោះពុម្ពផ្សាយ​ ក្មេងខ្ចីក្រោយគេមួយ ដែលបានកសាងស្លាកសញ្ញា របស់ខ្លួនយ៉ាងឆាប់រហ័ស ដោយសារតែក្រុមនេះមានទស្សនវិស័យច្បាស់លាស់ មានយុទ្ធសាស្ត្រល្អ និងមានសកម្មភាពរស់រវើក ច្នៃប្រឌិតមិនច្រំដែល។ ដូចសៀវភៅ ស្ទូឌីយោលេខ៧ នឹងបង្ហាញផ្លូវដល់មនុស្សជំនាន់ថ្មី នូវរបៀបតែងនិពន្ធ នៃយុគសម័យមួយដែលការអានធ្លាក់ចុះ​ ដល់ចំណុចសូន្យ ព្រោះកត្តាសេដ្ឋកិច្ច ហើយមានអ្នកនិពន្ធមួយចំនួន បានព្យាយាមចងក្រងនូវស្នាដៃរបស់ពួកគេទំាងប្រឈម និងការលំបាក មិនថាប្រភពសម្រាប់ស្រាវជ្រាវ មិនថា មូលដ្ឋានកម្លាំងចិត្ត​ ជាដើម៕

អត្ថបទ៖ សិរីរត្នន៍