ដល់វគ្គ ប្ដី​ប្រពន្ធ​ Hyesun និង​ Jaehyun ចេញ​មុខ​ហែកកេរ្តិ៍គ្នា​ហើយ

  • 2019-08-22 03:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​កាន់​តែ​ក្ដៅ​ឡើងៗ​ហើយ​ បន្ទាប់​ពី​សាមី​ខ្លួន​ទាំង​សង្ខាង​ ចេញ​មុខ​លើក​ហេតុផល​រៀង​ខ្លួន​ទាក់ទង​នឹង​រឿង​លែង​លះ។

តួ​យ៉ាង​ដូច​ Ahn Jae Hyun បាន​និយាយ​ជា​លើក​ដំបូង​ពី​មូលហេតុ​ធំ​ដែល​ធ្វើ​ឲ្យ​លោក​អស់​ចិត្ត​នឹង​ Goo Hye Sun។ តាមប្រុស​រូបនេះ​បាន​បង្ហោះ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​ដោយ​បញ្ជាក់​ពី​រឿង​លំបាក​ ភាព​តានតឹង​ពេល​រួម​រស់​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ។

ក្នុង​សារ​នោះ​ សរសេរ​ថា៖ «ខ្ញុំ​ស្រឡាញ់​ Goo Hye Sun ខ្លាំង​ណាស់ ហើយ​គោរព​នាង​ទៀត ទើប​យើង​សម្រេច​រៀបការ​ជាមួយគ្នា។ យើង​ចាប់​ផ្ដើម​ចូល​ចិត្ត​គ្នា​ ហើយ​ពេល​យើង​រៀបការ​កាល​ពី ៣​ឆ្នាំមុន​ វា​ជា​ពេល​រីករាយ​បំផុត ប៉ុន្តែ​វា​ក៏​ជា​ពេល​ដែល​ខ្ញុំ​រង​សម្ពាធ​ផ្លូវចិត្ត​ដែរ។ យើង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រសើរ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះទេដើម្បី​សម្របតាមគ្នា​នោះ។ ដូចនេះ​ហើយ​ យើង​មិន​អាច​សម្រួល​គ្នា​បាន​ទេ ទើប​សម្រេច​ចែក​ផ្លូវ។ ខ្ញុំ​ទុក​ផ្ទះ​ ឲ្យ​នាង​ និង​សត្វ​ចិញ្ចឹម ៥​ក្បាល​នៅ ដើម្បី​ឲ្យ​នាង​មាន​អារម្មណ៍​ល្អ។ មួយ​ទៀត​ បន្ទាប់​ពី​មាន​ការ​ពិភាក្សា​គ្នា​ហើយ​ យើង​ក៏​សម្រេច​លែង​គ្នា​នៅ​ថ្ងៃ​ ៣០ ខែ​កក្កដា»។

យ៉ាង​ណា​មិញ​នៅ​ក្នុង​សារ​នោះ​ដដែល​ Jae Hyun បាន​លើក​ឡើង​ថា​ Hye Sun បំភ្លៃ​ការពិត​ ហើយ​ធ្វើ​ឲ្យ​គ្រប់គ្នា​មិន​ស្រណុក​ចិត្ត​ក្នុង​រឿង​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ក៏​បាន​ច្រាន​ចោល​នូវ​សម្ដី​ដែល​នាង​និយាយ​ថា​ លោក​លួច​ទាក់ទង​ស្រីៗ។ លោក​បន្ថែម​ថា​ ខ្លួន​តែង​ព្យាយាម​បំពេញ​តួនាទី​ជា​ស្វាមី​ និង​មិន​ដែល​ហ៊ាន​ធ្វើ​អ្វី​ដែល​បង្ក​ជា​រឿង​អាម៉ាស​នោះទេ។ ប៉ុន្តែ​ពេល​ឃើញ​ភរិយា​របស់​ខ្លួន​ចាប់ផ្ដើម​បង្ហោះ​សារ​ទាំងនោះ រឹត​តែ​ធ្វើ​ឲ្យ​លោក​អស់ទំនុក​ចិត្ត​រលីង។

ជាមួយ​គ្នា​នោះ​ លោក​ក៏​បាន​លាត​ត្រដាង​ពី​ជម្លោះ​រវាង​លោក​ និង​ Hye Sun ទាក់ទង​នឹង​លុយ​កាក់ក្នុង​គ្រួសារ។ Jae Hyun ថា​ខ្លួន​បាន​ឲ្យ​លុយ​ Hye Sun នូវ​ចំនួន​សមរម្យ​ ប៉ុន្តែ​នាង​តែ​ទារ​លើសៗ​រហូត។ មាន​រឿង​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​ឲ្យ​លោក​ធ្លាក់​ខ្លួន​របួស​ផ្លូវ​ចិត្ត​ រហូត​លេប​ថ្នាំ​បន្ធូរ​អារម្មណ៍​រង​សម្ពាធ​ជា​ហូរហែ ជិត​១ឆ្នាំកន្លះហើយ។

ងាក​ចូល​ Goo Hye Sun វិញ​ បន្ទាប់​ពី​​Jae Hyun ចេញ​មុខ​បក​ស្រាយ​ហើយ​ នាង​ក៏​ចូល​មក​បំភ្លឺ​រឿង​ខ្លះ​វិញ​ម្ដង។ នាង​និយាយ​ថា​ លុយ​ដែល​ Jae Hyun លើក​ឡើង​នោះ​មិន​មែន​សំដៅ​ដល់​រឿង​អយុត្តិធម៌​ផ្សេង​ៗ​ទេ។ នាង​គ្រាន់​តែ​ចង់​បាន​សំណង​ សម្រាប់​ថ្លៃពិធីមង្គលការ​ដែលពួកគេ​បាន​ចំណាយ​​រួម​គ្នា​ សម្រាប់​កិច្ចការ​ក្នុង​ផ្ទះ​ដែល​នាង​ខំ​ធ្វើ​ដោយ​ដៃផ្ទាល់​កន្លងមក។ ទាក់ទង​នឹង​រឿង​វិបត្តិ​ផ្លូវ​ចិត្ត​វិញ​ នាង​ប្រាប់​ថា​ នាង​ទេ​ដែល​ជា​អ្នក​ដែល​រង​សម្ពាធ​នេះ​មុន​ បន្ទាប់​ពី​ឆ្កែរបស់​ពួកគេ​ស្លាប់។ ពិត​ណាស់​ពេល​នោះ​នាង​បាន​ណែនាំ​ប្ដី​ ឲ្យ​ទៅ​ព្យាបាល​ជំងឺ​នេះ​ជាមួយ​គ្រូពេទ្យ​ផ្ទាល់​របស់​នាង​ ហើយ​ក្រោយ​មក​ Jaehyun ក៏​បាន ធូរស្រាល​ តែ​បែរ​ជា​ចាប់​ផ្ដើម​ចូល​ចិត្ត​ផឹក​ស្រវឹង​ ហើយ​និយាយ​ទូរសព្ទទាក់ទង​ជាមួយ​ស្រី​ផ្សេង នាង​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក និង​ស្ដាប់​ឮពេញៗត្រចៀក។

ចំណុចសំខាន់​មួយ​ទៀត​នោះ​ តារា​ស្រី​រូបនេះ​ថែម​ទាំង​បង្ហើប​ទៀត​ថា​ ហេតុផល​ដែល​ប្ដី​ចង់​លែង​ ក៏ដោយសារ​នាង​មិន​មែន​ជា​នារី​មាន​ដើម​ទ្រូង​ស៊ិចស៊ី។ នាង​មាន​អារម្មណ៍​ថា​ ខ្លួន​រស់​នៅ​ក្នុង​ផ្ទះ​ប្រៀប​ដូចជា​ខ្មោច​ហ្សំប៊ី​អ៊ីចឹង​រាល់ថ្ងៃ​នេះ។

ទាំងនេះ​ជា​ការ​សង្ខេប​សរុប​នូវ​អ្វី​ដែល​សាមីខ្លួន​ទាំង​សង្ខាង​បាន​ចេញ​មុខ​អះអាង​រៀងៗខ្លួន ស្រប​ពេល​នេះ​ព័ត៌មាន​លែងលះ​របស់​អ្នក​ទាំង​ ២​កំពុង​ធ្វើ​ឲ្យ​មហាជន​ផ្ដោត​ការចាប់អារម្មណ៍​ខ្លាំង​មិនធម្មតា៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី