ប្ដីប្រពន្ធទាំងនេះហើយជាអ្នកបញ្ជាក់ថា «ស្នេហ៍​ពិត​ច្បាស់​ជា​មាន» មិនមែនតែក្នុងកុន

  • 2019-08-22 04:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រមាណ​ ១ខែចុង​ក្រោយ​នេះ​ មហាជន​ជួប​ប្រទះ​ព័ត៌មាន​បែក​បាក់​ស្នេហា​របស់​តារា​ល្បីៗ​ ២​គូ​សុទ្ធ​តែ​ជា​ជួរ​មុខ​ប្រចាំ​ពិភពសិល្បៈ​កូរ៉េ គឺ​ Song Joong Ki ជាមួយ​ Song Hye Kyo និង​ Ahn Jae Hyun ជាមួយ​ Goo Hye Sun។

យ៉ាង​ណា​ក៏​ដោយ​បើ​ក្រឡេក​មើល​គូស្នេហ៍​តារា​ផ្សេង​ទៀត​ដែល​កំពុង​បន្តឹង​ចំណង​ស្នេហ៍​ ពិត​ជា​ដាស់អារម្មណ៍​អ្នក​គ្រប់​គ្ន​ឲ្យ​ជឿ​ថា​ ស្នេហ៍ស្មោះ​ពិត​ជា​មាន មិន​មែន​មាន​តែ​នៅ​ក្នុង​កុន​ទេ។ តើ​មាន​ប្ដី​ប្រពន្ធ​តារា​ណា​ខ្លះ​ ដែល​កំពុង​សាង​ក្ដី​សុខ​ក្នុង​គ្រួសារ​ជាមួយគ្នា?

១. Taeyang និង​ Min Hyo Rin

ស្នេហា​របស់​អ្នក​ទាំង​ ២​ ប្រៀប​ដូច​ភាពយន្ត​ចាប់​តាំង​ពី​ពួកគេ​ផ្ដើម​ទាក់ទង​គ្នា​កាលពីឆ្នាំ ២០១៤។ ពួកគេ​មិន​ដែល​ធ្វើ​ឲ្យអ្នក​គាំទ្រ​ខក​បំណង​ម្ដង​ណា​ឡើយ ហើយ​ស្នេហា​បែប​ចាស់ទុំ​នេះ​ រឹត​តែ​មាន​អ្នក​សរសើរ​មិនដាច់ពីមាត់។ អ្វីដែល​គួរ​ជា​ទី​ពេញ​ចិត្ត​ ពួកគេ​បាន​រក្សា​ភក្ដី​ភាព​រៀង​ខ្លួន​ រហូត​ដល់​ថ្ងៃ​រៀបការ​សាង​គ្រួសារ​ជាមួយ​គ្នានៅ​ឆ្នាំ ២០១៨។

២. Minhwan និង​ Yulhee

អាច​និយាយ​បាន​ថា​ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ គឺ​ជា​គូ​ដែល​ក្មេង​ជាងគេ​ក្នុង​ពិភព​សិល្បៈកូរ៉។ ពេល​ឮដឹង​ថា​ Minhwan និង​ Yulhee ​ទាក់ទង​គ្នា មជ្ឈដ្ឋាន​ទូទៅ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​ខាង​ស្រី​ក្មេងពេក។ ក្រោយ​ផ្ទុះ​ព័ត៌មាន​ស្នេហា​ ពួកគេ​ក៏​ប្រកាស​រៀបការ​នឹងគ្នា ហើយ​ក្រោយ​មកមិន​យូរ​ប៉ុន្មាន​ Yulhee ក៏​ផ្ដល់​កំណើត​ឲ្យ​កូន​ដំបូង។

ជាក់ស្ដែង​ ទោះ​បី​ជួប​ព្យុះ​ភ្លៀង​ព័ត៌មាន​ បក់​បោក​ខ្លាំង​យ៉ាង​ណា​ ក៏​ពួកគេ​មិន​លែង​ដៃគ្នា ផ្ទុយ​ទៅ​វិញ​រឹត​តែ​កាន់​យ៉ាង​ណែន​បន្ត​ដំណើរជីវិត​ទៅ​មុខ​ សាង​គ្រួសារ​តូច​យ៉ាង​មាន​សុភមង្គល ហើយ​ថ្មីៗ​នេះ​ក៏​ឮ​ដំណឹង​ថា​ពួកគេ​ត្រៀម​ស្វាគមន៍​កូនទី ២​ទៀត។

៣. Ki Tae Young និង​ Eugene​

រៀបការ​រួច​ ៨​ឆ្នាំមែន​ តែ​ចំណង​ស្នេហ៍​របស់​ប្ដី​ប្រពន្ធ​ ១​គូ​នេះ​កាន់​តែ​រឹង​មាំ​គួរ​រីករាយ​ជំនួស។ រម្លឹក​កាល​ផ្ដើមស្នេហ៍​ដំបូង​ ពួកគេ​ជួប​គ្នា​ពេល​សម្ដែង​រឿង​ "Creating Destiny" កាល​ពី​ឆ្នាំ ២០០៩ និង​សម្រេច​រៀបការនឹងគ្នា​នៅ​ ២​ឆ្នាំបន្ទាប់។ គិត​ត្រឹម​រយៈពេល​ ៨​ឆ្នាំ​ក្រោយ​សាងគ្រួសារ​នឹងគ្នា ពួកគេ​មាន​កូន ២​ហើយ។

៤. Moon Hee Jun និង Soyul

ពេល​ប្រកាស​ថា​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ពី​ដំបូង​ Hee Jun និង​ Soyul រង​ការ​វាយប្រហារជា​ខ្លាំង​ពី​មហាជន​មួយ​ចំនួន។ ដោយសារ​ក្ដី​ស្នេហ៍​ស្មោះ​ស្ម័គ្រ​ ពួកគេ​មិន​ចុះ​ចាញ់​ដោយ​ងាយៗ​ទេ មានន័យ​ថា​អ្នកទាំង​ ២​បែរ​ជា​ព្យាយាម​រឹត​ចំណងនេះ​ឲ្យ​កាន់តែ​មានន័យ​ រហូត​រៀបការ​ មាន​កូន​ជា​ចំណងដៃ និង​សាង​ក្ដី​សុខជាមួយ​គ្នា​គួរ​ឲ្យ​រំភើប។

៥. Haha និង​ Byul

ឈាន​ដល់​គូស្នេហ៍​ ១​នេះ​វិញ​ បានក្លាយ​ជា​គូ​ស្នេហ៍​ជា​ទី​ស្រឡាញ់​ប្រចាំ​ពិភពសិល្បៈកូរ៉េ។ តារា​កំប្លែង​ Haha បាន​ទាក់ទង​នឹង​ Byul រយៈពេល​ជាង ៦ឆ្នាំ និង​សម្រេច​រៀបការ​នៅ​ឆ្នាំ ២០១២។ លោក​លួច​បង្ហើប​ថា​ រយៈពេល​រួមរស់ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក​ និង​ប្រពន្ធ​កម្រ​ឈ្លោះ​គ្នា​ណាស់។ ជាញឹកញាប់​ ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី ទូរទស្សន៍ Haha តែង​លើក​ឈ្មោះ​ប្រពន្ធ​ និង​កូនទាំង ៣​មក​និយាយ​ និង​អួត​សរសើរ​មិនដាច់ពីមាត់។

៦. Sean និង Jung Hye Young

តារា​ចម្រៀង​ Sean និង​តារា​សម្ដែង​ដ៏​ស្រស់ស្អាត​ Jung Hye Young ពេល​នេះ​មាន​កូន​ ៤​នាក់​ហើយ​ បន្ទាប់​ពី​រៀបការ​ជាមួយ​គ្នា​រយៈពេល​ ១៤ឆ្នាំ។ គ្រួសារ​នេះ​ តែង​ទទួល​បាន​ពាក្យ​សរសើរ​ពី​អ្នក​គាំទ្រ​ ព្រោះ​តែ​ភាព​រីករាយ​ដែល​ពួកគេ​បាន​ផ្ដល់​ឲ្យ​សមាជិក​ទាំង​អស់​ក្នុង​គ្រួសារ​ ពិសេស​គឺ​ក្ដី​ស្នេហ៍​ស្មោះ​ដែល​ពួកគេ​មាន​ចំពោះ​គ្នា។

ជាមួយ​គ្នា​នោះ​ឲ្យ​តែ​មាន​ថ្ងៃ​ពិសេស​អ្វី​មួយ​ ពួកគេ​មិនដែល​ភ្លេច​ចំណាយ​ពេល​រួមគ្នា ជូន​កាដូ និង​ពាក្យជូនពរ​ផ្អែមល្ហែម​ឲ្យគ្នា​ឡើយ។ បែប​នេះ​ហើយ​ ជា​អ្វី​ដែល​ពួកគេ​មាន​អ្នក​គាំទ្រ​ច្រើន បើ​ទោះ​ការងារ​សិល្បៈ​មិន​ហក់​ខ្លាំង​ដូច​តារា​ដទៃ​ ប៉ុន្តែ​បើ​ក្រឡេក​មើល​ជីវិត​គ្រួសារ​ពួកគេ​ជោគជ័យ​ខ្លាំង​បំផុត៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី