FIFA ពិចារណា​ប្រើ​​មនុស្ស​យន្ត​ជំនួស​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់

  • 2019-08-25 10:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA កំពុង​ស្វែងរក​លទ្ធភាព​ប្រើ​មនុស្ស​យន្ត​ (Robots) ជំនួស​​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់។ នេះ​បើ​តាម The Mirror ទើប​បាន​ចុះ​ផ្សាយ។

អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ នឹង​ត្រូវ​ជំនួស​ដោយ​រ៉ូបូត បើ​ការ​សាកល្បងរបស់ FIFA ជោគជ័យ

វីដេអូ​ជំនួយការ​អាជ្ញាកណ្ដាល (VAR) បាន​ក្លាយ​ជា​បច្ចេកវិទ្យា​កាត់ក្តី​​យ៉ាង​​សុក្រឹត ហើយ​ប្រសិន​បើ​មនុស្ស​យន្ត​នឹង​ត្រូវ​បាន​ដាក់​​ឲ្យ​ប្រើ​ជំនួស​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​មែន នោះ​ទង់​ offside នឹង​ក្លាយ​ទៅ​ប្រវត្តិសាស្រ្ត ពោល​គឺ​លែង​មាន​ទៀត​ហើយ​​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ជា​មនុស្ស ផ្ទុយ​ទៅ​វិញ ពួកគេ​គឺ​ជា​រ៉ូបូត។

ប្រភព​ខាង​លើ​បន្ត​ថា " FIFA មាន​នាយកដ្ឋាន​មួយ​ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​​លើ​រឿង​នេះ​រួច​ហើយ​។​​ តើពួកគេនឹង​ជំនួស​​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ទាំង​ស្រុង​ដោយ​កាមេរ៉ា និង កុំព្យូទ័រ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្តាច់​មុខ និង គ្រប់គ្រង​ offside ឬ? វា​អាច​កើត​ឡើង​នៅ​ថ្ងៃ​ណាមួយ"។

មនុស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​ទទួល​យក​បាន​នូវ​ការ​សម្រេច​ចិត្ត​របស់ VAR នៅ​ឡើយ​កុំ​ថា​ឡើយ​ដល់​ថ្នាក់ FIFA ប្រើ​ឲ្យ​រ៉ូបូត​រត់​លើ​ខ្សែ​បន្ទាត់​ជំនួស​ជំនួយការ​អាជ្ញាកណ្តាល។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់មុខ​របស់ Daily Star Sunday លោក Neil Swarbrick ប្រធាន VAR របស់​ក្របខ័ណ្ឌ Premier League បាន​និយាយ​ថា​មូលហេតុ​ដែល​អ្នកគាំទ្រ​យល់ថា VAR បង្អាក់​ការ​អបអរ​របស់​ពួកគេ​​គឺ​ជា​អ្វី​ដែល​មិន​អាច​ទទួល​យក​បាន មក​ពី​ពួកគេ​មិន​ទាន់​ស៊ាំ។

ដូច​គ្នា​នេះ​ដែរ​សម្រាប់​លោក ជីអានី អ៊ីនហ្វាន់ទីណូ (Gianni Infantino) ប្រធាន FIFA យល់​ថា​វា​គ្មាន​អ្វី​អាច​បញ្ឈប់​នូវ​​ឥទ្ធិពល​បច្ចេកវិទ្យា​ដែល​កំពុង​វិវត្តន៍​ឥត​ឈប់ឈរ​នៅ​ក្នុង​ពិភព​បាល់ទាត់​បាន​ឡើយ៕

អាន៖ VAR បង្កើត​ប្រវត្តិសាស្ត្រ​ច្រំដែល​រវាង Man City និង Spurs

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត