Apple ចេញមុខសុំទោស ដែលលួចស្ដាប់អ្នកប្រើនិយាយជាមួយ Siri

  • 2019-08-29 09:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចេញ​មុខ​សុំទោស​ចំពោះ​កម្មវិធី "បង្កើន​សមត្ថភាព Siri” របស់​ខ្លួន ដែល​អនុញ្ញាត​ឲ្យ​​ដៃ​គូ​របស់​ខ្លួន​បាន​ឃើញ​អំពី​ការ​សន្ទនា​មួយ​ផ្នែក​តូច​ រវាង​អ្នក​ប្រើ​ប្រាស់​​ជា​មួយ​ជំនួយ​ការ​សិប្បនិម្មិត Siri។

ក្រុមហ៊ុន​យក្ស​អាមេរិក​នេះ​និយាយ​ថា​​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន ដែល​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​សិទ្ធ​ច្រើន​មុន​ជុំវិញ​ការ​​ប្រើ​ប្រាស់ Siri។ គួរ​ដឹង​ថា​កម្មវិធី​ខាង​លើ​ ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​កាល​ពី​ដើម​ខែ បន្ទាប់​ពី The Guardian បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ២៦ កក្កដា​ថា​​បុគ្គលិក​នៃ​​ដៃ​គូ​របស់ Apple មួយ​ចំនួន​ បាន​ឮ​នូវ​​ការ​សន្ទនា​ស៊ី​ជម្រៅ​​ផ្ទាល់​ខ្លួន​ រវាង​ Siri និង​អ្នក​ប្រើ​ប្រាស់​ទាក់ទង​នឹង​ការ​​ជួញ​ដូរ​ថ្នាំ និង​រឿង​​ស៊ី​ជម្រៅ​ផ្សេង​ទៀត។

​​​​​ក្នុង​ការ​បង្ហោះ​លើ​វិបសាយ​របស់​ខ្លួន Apple និយាយ​ថា​ខ្លួន​នឹង​លែង​រក្សា​ទុក​ការ​សន្ទនា​រវាង Siri និង​អ្នក​ប្រើ​ប្រាស់​ត​ទៀត​ហើយ ជំនួស​មក​​វិញ​​គេ​នឹង​ប្រើ​ប្រាស់​សំឡេង​​បង្កើត​ដោយ​កុំព្យូទ័រ​ដើម្បី​ជួយ​ធ្វើ​ឲ្យ Siri កាន់​តែ​ប្រសើរ។ អ្នក​ប្រើ​ប្រាស់​ក៏​នឹង​អាច​សម្រេច​ចូល​រួម​ជួយ​ធ្វើ​ឲ្យ​ Siri កាន់​តែ​ប្រសើរ​ឡើង ហើយ​អាច​ចាក​ចេញ​វិញ​បាន​គ្រប់​ពេល​ដែល​ពួក​គេ​ចង់​ផង​ដែរ។

Apple ក៏​បាន​និយាយ​ថា​​ មាន​តែ​បុគ្គលិក​ខ្លួន​​ប៉ុណ្ណោះ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ស្ដាប់​សំឡេង​នៃ​ការ​ទំនាក់ទំនង​ជា​មួយ​ Siri ដោយ​មិន​ផ្ដល់​សិទ្ធ​ឲ្យ​​ដៃ​គូ​របស់​ខ្លួន​ដូច​មុន​នោះ​ទេ។ ហើយ​ក្រុម​ការងារ​នឹង​លុប​ការ​ថត​សំឡេង​ណា ដែល​ចាត់​ទុក​ថា​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់ Siri។

​កម្មវិធី "បង្កើន​សមត្ថភាព Siri” គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ វាស់​អំពី​សមត្ថភាព​ឆ្លើយ​តប​នឹង​ការ​បញ្ជា​របស់ Siri និង​ដើម្បី​បង្កើន​សមត្ថភាព​ឆ្លើយ​តប​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។ Apple ​បក​ស្រាយ​ថា​កន្លង​មក​ខ្លួន​ប្រើ​ប្រាស់​ការ​ទំនាក់ទំនង​របស់​អ្នក​ប្រើ​ប្រាស់​ជា​មួយ​នឹង​ Siri មិន​ដល់ ០,២% នោះ​ទេ៕

ចុចអាន ៖ iOS 13.1 មាន​បង្ហើបលក្ខណៈ​ពិសេស​នៃ​កាមេរ៉ា​​ iPhone 11

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង