មិនទាន់អីផង! នៅ​ចិន​មាន​លក់​ស្រោម​ទូរសព្ទ iPhone 11 ព្រោងព្រាត

  • 2019-09-02 01:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស​ iPhone ជំនាន់​ថ្មី ដែល​ជឿជាក់​ជា 'iPhone 11' នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១០ ​កញ្ញា​។ ត្បិត​ការ​ប្រកាស​ផ្លូវការ​ចេញ​ពី​ក្រុមហ៊ុន Apple មិន​ទាន់​ធ្វើ​ឡើង​ក្តី ប៉ុន្តែ​ទៅ​មើល​ក្រុមហ៊ុន​ផលិត​ Case ទូរសព្ទ​មួយ​ចំនួន​ក្នុង​ទីផ្សារ​ចិន បាន​កកូរកកាយ​ដាក់​លក់ Case ត្រៀម​ស្វាគមន៍ iPhone ២០១៩ រួច​ទៅ​ហើយ។

តាម​មើល​ហាក់​បែក​ធ្លាយ​ព័ត៌មាន​ចេញ​ពី​ប្រភព​នៃ​រោងចក្រ​ឬ​ដៃ​គូ​ផ្គត់ផ្គង់​ណា​មួយ​អ៊ីចឹង ដោយ​ត្រង់​ផ្នែក​កាមេរ៉ា​ដែល​ប្រើប្រាស់​ទម្រង់​ជា​រាង​ការេ វិវត្តន៍​ឡើង ៣ គ្រាប់ ធៀប​នឹង​កាមេរ៉ា​បញ្ឈរ​ពីរ​គ្រាប់​មាន​លើ iPhone XS Max។

ចំណុច​ខ្លាំង​របស់​កាមេរ៉ា ៣ គ្រាប់​តាម​ការ​រំពឹង​ទុក គឺ​មាន​ផ្តល់​ជូន​នូវ Sensor ប្រភេទ Ultra-wide-angle ជំនាន់​ថ្មី អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ថត​រូបភាព​ទូលាយ​បាន​មិន​ចាញ់​គូ​ប្រជែង​ដទៃ។

ជាង​នេះ​ប្រព័ន្ធ​ទំនើប​របស់​វា​នឹង​ផ្តិត​យក​រូបភាព​បី​សន្លឹក​ក្នុង​ពេល​តែ​មួយ ហើយ​ប្រើប្រាស់ AI ​ផលិត​ចេញ​រូបភាព​ដ៏​ត្រឹមត្រូវ​មួយ។ មួយ​ផ្សេង​ទៀត​អ្នក​ក៏​អាច​​ Reframe រូបភាព​នៅ​ពេល​ថត​ហើយ ជាមួយ​នឹង​ការ​ពង្រឹង​កាន់​តែ​ប្រសើរ​សម្រាប់​ការ​ថត​នៅ​ទីតាំង​ខ្សោយ​ពន្លឺ​ឬ​ពេល​រាត្រី។

ចំណុច​រសើប​ផ្សេង​ទៀត​សន្និដ្ឋាន​ចេញ​ពី​ទម្រង់​រចនា​របស់ Case ដែល​កំពុង​ដាក់​លក់ បង្ហើប​ពី​ទីតាំង​ស្លាកសញ្ញា (Logo) រូប​ផ្លែប៉ោម​ដែល​ទម្លាក់​មក​ក្រោម​ផ្នែក​កណ្តាល មិន​សូវ​កៀក​ទីតាំង​កាមេរ៉ា​ពេក ដូច​ជំនាន់​មុន​ឡើយ។ ចម្លើយ​ច្បាស់ការ​យើង​នឹង​បាន​ដឹង​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី ១០ ​កញ្ញា ខាងមុខ៕

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា