សមាគម​បាល់ទាត់​អង់គ្លេស​ចង់​កាត់​បន្ថយ​កូតា​កីឡាករ​បរទេស​នៅ Premier League​

  • 2019-09-01 13:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​អង់គ្លេស (FA) ធ្លាប់​បាន​​ដាក់​សំណើ​កាល​ពី​ចុង​រដូវ​កាល​មុន ក្នុង​ការ​​កាត់​បន្ថយ​កូតា​កីឡាករ​បរទេស ​មក​ត្រឹម​១២​នាក់​ក្នុង​ចំណោម​កីឡាករ​២៥​នាក់ ដែល​បច្ចុប្បន្ន​​​កូតា​កីឡាករ​បរទេស​សម្រាប់​ក្លឹប​នីមួយៗ​​មាន​ចំនួន​១៧​នាក់។ នេះ​បើ​តាម The Guardian។

ប៉ុន្តែ​សំណើ​ដ៏​ចម្រូងចម្រាស​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​ម្ចាស់​ក្លឹប​ភាគ​ច្រើន​នៅ Premier Leauge ឡើយ។

លោក David Gold ជា​សហប្រធាន​របស់​ក្លឹប West Ham ដែល​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​មាន​ការ​ព្រួយបារម្ភ បាន​និយាយ​ថា "វា​កំពុង​ប្រសើរ។ ហេតុអ្វី​ចាំបាច់​ប្តូរ​ [គោលការណ៍]? លោក​បាន​បន្ថែម​ថា ខាង​សមាគម​បាល់ទាត់​​គួរ​តែ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​​មុន​នឹង​កំណត់​វិធានការ​នេះ ព្រោះ​បាល់ទាត់​អង់គ្លេស​កំពុង​តែ​ជោគជ័យ ហើយ​លោក​មិន​ចង់​ឃើញ​ក្របខ័ណ្ឌ​បាល់ទាត់​នេះ​ធ្លាក់​ចុះ​ទេ"។

Glyn Evans នាយក​ប្រតិបត្តិ​របស់ Watford បាន​និយាយ​ថា "យើង​ចង់​រក្សា​ស្ថានភាព​នេះ​ឲ្យ​នៅ​ដូចដើម។ យើង​នឹង​ព្យាយាម​ទិញ​យក​នូវ​កីឡាករ​ល្អៗ​បំផុត​ដើម្បី​​រក្សា​ក្របខ័ណ្ឌ Premier League ឱ្យ​នៅ​តែ​ជា​​លីគ​ដ៏​ល្អ​បំផុត​ក្នុង​លោក ជា​ម៉ាក​ល្បី​ទូទាំង​សកលលោក​របស់​ចក្រភព​អង់គ្លេស និង បាន​រក​ចំណូល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជូន​ប្រទេស​នេះ"។

ប្រភព​ខាង​​បន្ត​ថា កាល​ពី​រដូវ​កាល​​មុនកីឡាករ​អង់គ្លេស​​បាន​ចូល​លេង​ត្រឹម​ ៣០,៤% ក្នុង​ចំណោម ៧៩,២០០ នាទី​​នៅ Premier League និង ធ្លាក់​ចុះ​ពី ៣៣% បើ​ធៀប​នឹង​ឆ្នាំ​ចាស់។ ក្នុង​នោះ​ កំពូល​ក្លឹប​ទាំង​៦​នៅ​អង់គ្លេស គឺ​ជា​កន្លែង​ដែល​ចង្អៀត​បំផុត​សម្រាប់​កីឡាករ​អង់គ្លេស​​បង្ហាញ​ខ្លួន​លើ​ទីលាន។

នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អង់គ្លេស​ពិបាក​​ដណ្ដើម​ពាន World Cup និង ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​សមាគម​បាល់ទាត់​អង់គ្លេស​​ត្រូវ​តែ​លូកដៃ​អន្តរាគមន៍ ប៉ុន្តែ​​សំណើ​កាត់​បន្ថយ​កូតា​​កីឡាករ​បរទេស​មិន​ត្រូវ​បាន​ស្វាគមន៍​ឡើយ ពិសេស​នៅ​ពេល​​ក្របខ័ណ្ឌ​បាល់ទាត់​មួយ​នេះ​កំពុង​មាន​ប្រជាប្រិយភាព​បំផុត​​ក្នុង​ចំណោម​លីគ​​ទាំង​អស់​លើ​ផែនដី​នេះ៕

អាន៖ ក្លឹប​​ចាយ​លើ​ប្រាក់ខែ​ច្រើន​បំផុត​ធៀប​ចំណូល​នៅ EPL មិន​មែន​ក្រុម​កំពូល​ទាំង​៦​ទេ

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត