ក្លឹប​​ចាយ​លើ​ប្រាក់ខែ​ច្រើន​បំផុត​ធៀប​ចំណូល​នៅ EPL មិន​មែន​ក្រុម​កំពូល​ទាំង​៦​ទេ

  • 2019-08-30 23:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bolton ​​ស្ទើរ​តែ​ដល់​ទី​អវសាន​ទៅ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ តែ​សំណាង​ល្អ​ក្លឹប​ដែល​មាន​អាយុ​ប្រមាណ​១៤៥​ឆ្នាំ​ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេល ក្រោយ​រក​ឃើញ​ម្ចាស់​ថ្មី។

ទាំង Bolton និង ក្លឹប Bury FC (ក្របខ័ណ្ឌ​បាល់ទាត់​​លំដាប់​ទី​៣​នៅ​អង់គ្លេស) មាន​បញ្ហា​ហិរញ្ញវត្ថុ​ ហើយ​រឿង​ចម្បង​​គឺ​ដោយសារ​តែ​ចំណាយ​ភាគច្រើន​ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​ប្រាក់ខែ។

តាម​គោលការណ៍ UEFA មិន​​លើក​ទឹកចិត្ត​ឲ្យ​ក្លឹប​បាល់ទាត់​ចាយ​លើ​ប្រាក់ខែ​កីឡាករ និង បុគ្គលិក​លើស​ពី​៧០% នៃ​ចំណូល​​របស់​ក្លឹប​ឡើយ។

ប៉ុន្តែ​កាល​ពី​រដូវ​កាល ២០១៧/១៨ រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​​​​ក្លឹប​មិន​សូវ​មាន​​លុយ​ចំនួន​៨​នៅ​ Premier Leauge បាន​ចាយ​​​លើ​ប្រាក់​ខែ​លើស​ពី​៧០%​នៃ​ខ្ទង់​ចំណូល ហើយ​ផ្ទុយ​ទៅ​វិញ ក្លឹប​កំពូល​ទាំង​៦ ចំណាយ​លើ​ប្រាក់​ខែ​កីឡាករ​និង​បុគ្គលិក​របស់​ពួកគេ​មិន​​លើស​ពី​៦០%​ឡើយ។

បើ​តាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ Fourfourtwo បាន​ឲ្យ​ដឹង​ថា Crystal Palace ចាយ​ខ្ជះខ្ជាយ​​ជាង​គេ​​លើ​ប្រាក់​ខែ ពោល​គឺ ៧៨% នៃ​ចំណូល​សរុប Everton(៧៧%) Bournemouth(៧៦%) Leicester(៧៥%) Southampton(៧៤%) Stoke(៧៤%) West Brom​(៧៤%) និង​ Swansea(៧៤%) គឺ​ជា​ក្លឹប​ទាំង​៨​ចាយ​សឹង​ហួសមាឌ។

របាយការណ៍​ដដែល​បង្ហាញ​ថា Spurs ចេះ​ចាយ​បាន​ត្បិតត្បៀត​ជាង​គេ​លើ​ប្រាក់​ខែ ដោយ​ប្រើ​លុយ​ត្រឹម ៣៩% នៃ​ចំណូល​សរុប​ប៉ុណ្ណោះ Man Utd(៥០%) Man City(៥២%) Chelsea(៥៥%) Liverpool(៥៨%) និង​Arsenal(៦០%)។

​​​​​​​​​ប៉ុន្តែ​គេ​មិន​អាច​បន្ទោស​ថា​ក្លឹប​តូចៗ​ចាយ​​ច្រើន​លើ​ប្រាក់​ខែ​បើ​ធៀប​នឹង​ចំណូល​របស់​ពួកគេ​បាន​ទេ ពីព្រោះ​ ក្លឹប​ធំៗ​អាច​លក់​សិទ្ធ​ផ្សាយ​បាន​ថ្លៃ មាន​អ្នក​ឧបត្ថម្ភ​ច្រើន និង ប្រភព​ចំណូល​ក៏​ច្រើន​ផ្នែក​ជាង​ បើ​ធៀប​នឹង​ក្លឹប​តូចៗ។

ទាំង​នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ដែល​ទើប​ឡើង​មក​លេង​នៅ Premier League ត្រូវ​បង្ខំ​ចិត្ត​​ទិញ​កីឡាករ​ល្អៗ ដែល​មាន​ប្រាក់​ខែ​ខ្ពស់ៗ យក​មក​​ពង្រឹង​ក្លឹប ដែល​ពេល​ខ្លះ​​ចំណាយ​លើ​ប្រាក់​ខែ​តែ​មួយ​មុខ​ស្ទើរ​តែ​ស្មើ​នឹង​ចំណូល​សរុប​របស់​ពួកគេ​ក៏​មាន៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ សុខ លាងហ៊ត