ចេញ​របាយការណ៍ ភ្ញៀវ​ទេសច​មក​ពី​១០​ប្រទេស ទៅ​ទស្សនា​ម៉ាឡេស៊ី​ច្រើន​បំផុត

  • 2019-09-04 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​របស់​ខ្លួន ម៉ាឡេស៊ី បាន​បញ្ចេញ​តួលេខ​ភ្ញៀវ​ទេសចរ​មក​ពី​១០​ប្រទេស ដែល​បាន​ចូល​មក​ទស្សនា​ប្រទេស​របស់​ខ្លួន​ច្រើន​បំផុត គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៩។

តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​សិង្ហបុរី​ឈរ​នៅ​លើ​គេ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​១០​ប្រទេស ដែល​បាន​ទេសចរណ៍​មក​កាន់​ម៉ាឡេស៊ី​ច្រើន​បំផុត។ លំហូរ​ចូល​ទេសចរណ៍​ពី​សិង្ហបុរី ចូល​មក​ម៉ាឡេស៊ី​មាន​ចំនួន ៥ ៣៨១ ៥៦៦នាក់។ ឥណ្ឌូណេស៊ី ស្ថិត​នៅ​ចំណាត់​លេខ​២ ជាមួយ​តួលេខ​ ១ ៨៥៧ ៨៦០នាក់។

ក្រៅ​ពី​ប្រទេស​ក្បែរ​ខាង​ទាំង​ពីរ ចិន ជាប់​ចំណាត់​ថ្នាក់​លេខ​៣ នាម​ជា​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ម៉ាឡេស៊ី​ច្រើន​ជាង​គេ ដោយ​មាន​ចំនួន ១ ៥៥៨ ៧៨២​នាក់។ ដោយ​ឡែក ថៃ ប្រ៊ុយណេ ឥណ្ឌា កូរ៉េ​ខាង​ត្បូង ហ្វីលីពីន វៀតណាម និង​ជប៉ុន ស្ថិត​នៅ​តាម​លេខ​រៀងរៀង​ខ្លួន​នាម​ជា​ប្រទេស​ដែល​មាន​ជនជាតិ​របស់​ខ្លួន​ហូរ​មក​ម៉ាឡេស៊ី ក្នុង​គោលដៅ​ទេសចរណ៍​ច្រើន​បំផុត​នា​ពាក់​កណ្ដាល​ឆ្នាំ ២០១៩។

តួលេខ​ទេសចរណ៍​បរទេសទាំង​ ១០​ប្រទេស ​ចូល​មក​ម៉ាឡេស៊ី​ខាង​លើ គឺ​មាន​ការ​កើន​ឡើង​ដូច​គ្នា​ចាប់​ពី​ជាង ៥%-១៥% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៨។ ដោយ​ឡែក​កម្ពុជា មិន​បាន​ស្ថិត​ក្នុង​បញ្ជី​ភ្ញៀវ​ទេសចរ​បរទេស​ទាំង ១០ របស់​ម៉ាឡេស៊ី​នោះ​ទេ។ ប៉ុន្តែ​ពលរដ្ឋ​របស់​ប្រទេស​ម្ចាស់​អង្គរវត្ត ស្ថិត​ក្នុង​លំហូរ​កើន​ឡើងដូច​គ្នា​នឹង​ទេសចរបរទេស​ទាំង​១០ ចូល​ទៅ​ម៉ាឡេស៊ី។

តាម​របាយ​ការណ៍​របស់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​មាន​ភ្ញៀវ​ទេសចរ​ជាតិ​របស់​ខ្លួន​ចូល​ទៅ​ម៉ាឡេស៊ី​ចំនួន ៩០ ០៤២នាក់​ ក្នុង​ចំណោម​តួលេខ​ភ្ញៀវ​ទេសចរ​សរុប​នា​ឆ្នាំ ២០១៨។ តួលេខ​នេះ មាន​ការ​កើន​ឡើង​ ១១៤.៤ % បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៧។

ដោយ​ឡែក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ទស្សនា​ម៉ាឡេស៊ី​នៅ ៥ខែ​ដើម​ឆ្នាំ ២០១៩ នេះ​មាន​ចំនួន ១០ ៩៥៤ ០១៤នាក់ មាន​ការ​កើន​ឡើង៤,៨% បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ក្នុង​រយៈ​ពេល​ដូចគ្នា។ ជាមួយ​គ្នា ភ្ញៀវ​ទេសចរ​កម្ពុជា​បាន​ទៅ​លេង​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន ៤៣ ២២១ នាក់ គឺ​កើន​ឡើង១៩,៤% បើ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​ក្នុងឆ្នាំ ២០១៨។

តួលេខ​នេះ ក្រុម​ប្រឹក្សា​ទេសចរណ៍​ម៉ាឡេស៊ី​រំពឹង​ថា ភ្ញៀវ​ទេសចរទៅ​ពី​កម្ពុជា​នឹង​កើន​ដល់​ចំនួន ១០០ ៩០០ ក្នុង​ឆ្នាំ ២០១៩ និង ១១០ ០០០ នាក់​នៅ​ឆ្នាំ ២០២០។ ការ​ព្យាករណ៍ ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ដាច់​ដោយ​ឡែក​មួយ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយ​ភាព​របស់​ម៉ាឡេស៊ី Mahathir Mohamad ទៅ​កម្ពុជា​សម្រាប់​ទស្សនកិច្ច​ពី​ថ្ងៃ​ទី ២ដល់​ទី ៤ កញ្ញា​របស់​លោក។

នាយករដ្ឋមន្ត្រី​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​លោក​រូប​នេះ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​​យោគយល់​គ្នា​ចំនួន ៦ ចំណុច​ជាមួយ​កម្ពុជា ក្នុង​នោះ ក៏​មានការ​ដោះដូរ​ និង​ជំរុញ​សេដ្ឋកិច្ច​តាម​រយៈ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។ ដោយ​ឡែក​នៅ​ក្នុង​យុទ្ធនាការ​រួម​វិញ អំឡុង​ពេល​នេះ ម៉ាឡេស៊ី បាន និង​កំពុង​ចាប់​​ផ្ដើម​ផែន​ការ យុទ្ធនាការ​ស្រូប​ទាញ​ទេសចរណ៍​អន្តរជាតិ​​ទៅ​ប្រទេស​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០២០ ជាមួយ​ពាក្យ​សោក "Visit truly Asia Malaysia 2020”។

ជាមួយ​គ្នា ប្រទេស​នេះ បាន​ដាក់​ចេញ​​យុទ្ធនាការ​លើក​កម្ពស់​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ Mega Fam ក្រោម​ប្រធាន​បទ "let got to the Beach" ដោយ​បាន​អញ្ជើញ​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ចំនួន ៣០ មក​ពី​១១​ប្រទេស ចូល​រួម​រាយការណ៍​ពី​តំបន់​ទេសចរណ៍ ក៏​ដូច​ជា​សក្ដានុពល​ទេសចរណ៍​របស់​ខ្លួន។

យុទ្ធនាការ​នេះ អ្នក​សារព័ត៌មាន​កម្ពុជា ៤​រូប​មក​ពី​៤​ស្ថាប័ន​រួម​មាន Sabay, Freshnews, Phnom Penh Post និង Larien បាន និង​កំពុង​នៅ​ក្នុង​ប្រទេស​នេះ សម្រាប់​បេសកកម្ម​រយៈ​ពេល ៦​ថ្ងៃ​របស់​ខ្លួន​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា