រថយន្ត​ Hybrid ដំបូង​របស់ Lamborghini នឹងមាន​តម្លៃ​ ៣,៦ លាន​ដុល្លារ

  • 2019-09-04 03:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Lamborghini នឹង​បង្ហាញ​រថយន្ត​ប្រភេទ​ Hybrid ដំបូង​របស់​ពួក​គេ​នៅ​ Frankfurt ​Motor Show ដែល​នឹង​ប្រព្រឹត្តិ​នៅ​អាទិត្យ​ក្រោយ​នេះ។

រថយន្ត​ថ្មី​នេះ​គឺ​មាន​ឈ្មោះ​ថា​ Sián ដែល​មាន​ន័យ​ថា​ ផ្លេកបន្ទោរ​ គឺ​ជា​រថយន្ត​លឿន​ និង​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​​រថយន្ត​ផលិត​ដោយ​ Lamborghini​។ Lamborghini Sián នឹង​ប្រើ​ម៉ាស៊ីន​ V12 ចំណុះ​ ៦,៥​លីត្រ​ ដែល​មាន​កម្លាំង​ ៧៨៥ សេះ​ ភ្ជាប់​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ ៣៤ សេះ​ បូក​សរុប​មក​ ៨១៩ សេះ​។​

ម៉ូទ័រ​អគ្គិសនី​មិន​ប្រើ​ ថ្ម ឬ​អាគុយ​ទេ​ គឺ​ប្រើ​កាប៉ាស៊ីទ័រ​ ដែល​ Lamborghini អះអាង​ថា​វា​ស្រាល​ជាង​ ថ្ម ឬ​អាគុយ​ហើយ​អាច​ស្ដុក​ថាមពល​បាន​ច្រើន​ជាង​រហូត​ដល់​ទៅ​១០ដង​។​កាប៉ាស៊ីទ័រ​នេះ​គឺ​ដាក់​នៅ​ចំ​ពី​ក្រោយ​កៅអី​ខាង​ស្ដាំ។

សរុប​មក​ម៉ាស៊ីន​ V12 និង​ម៉ូទ័រ​អគ្គិសនី​ ជួយ​បង្កើន​ល្បឿន​ Lamborghini Sián ពី​ ០ ទៅ​ ១០០ km/h ក្នុង​រយៈ​ពេល​ ២,៨ វិនាទី ហើយ​មាន​ល្បឿន​លឿន​បំផុត​ ៣៥០ km/h​។

Lamborghini នឹង​ផលិត​ Lamborghini Sián ត្រឹម​តែ​ ៦៣​ គ្រឿង​ប៉ុណ្ណោះ​ ហើយ​រថយន្ត​នេះ​មិន​ទាន់​ចេញ​មុខ​ជា​សាធារណៈ​ផង​លក់​អស់​បាត់​ហើយ​។​ Lamborghini មិន​បាន​បញ្ចេញ​តម្លៃ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ The Drive រថយន្ត​មួយ​គ្រឿង​នេះ​មាន​តម្លៃ​ ៣,៦​លាន៕

ប្រភព៖ Jalopnik   ប្រែ​សម្រួល៖ សុខ វេងឈាង