កម្ពុជារំពឹងថានឹងមាន 5G ប្រើត្រឹមដំណាច់ឆ្នាំ

  • 2019-09-05 09:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nikkei Asian Review បាន​ចេញ​ផ្សាយ​អត្ថបទ​ថ្មី​មួយ​និយាយ​អំពី​ការ​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ​ធំៗ​​ក្នុង​កម្ពុជា​ ក្នុង​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង 5G ដែល​មាន​​ការ​បណ្ដាក់​ទុន​រាប់​រយ​លាន​ដុល្លារ។

ក្រុមហ៊ុន​ Smart និង Cellcard បាន​បង្ហាញ​ក្ដី​​សង្ឃឹម​ថា​នឹង​អាច​​ធ្វើ​ការ​​នាំ​មុខ​គេ​ក្នុង​តំបន់​ ដោយ​​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ 5G មុន​ដំណាច់​ឆ្នាំ ២០១៩។ លោក Thomas Hundt នាយក​ប្រតិបត្តិ​ Smart បាន​លើក​ឡើង​ថា​​ឧបករណ៍​សម្រាប់​គម្រោង 5G របស់​ Smart ក្នុង​រាជធានី​ភ្នំពេញ​កំពុង​​រៀប​ចំ ហើយ​ការ​សាក​ល្បង​ជិត​រួច​រាល់​ហើយ។ ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្មីៗ​ជា​មួយ Nikkei លោក​បាន​និយាយ​ថា​ Smart នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយ​របស់ Huawei។

ការសាកល្បង 5G របស់ Smart កាលពីខែកក្កដា

ក្រុមហ៊ុន Smart មាន​គោល​បំណង​ថា​នឹង​ចាប់​ផ្ដើម​​ដាក់​ឲ្យ​ប្រើ 5G ភ្លាមៗ ពេល​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ​ហើយ​​ក្រុមហ៊ុន​អាច​នឹង​បណ្ដាក់​ទុន ១០០ លាន​ដុល្លារ​ក្នុង​បច្ចេកវិទ្យា 5G ក្នុង​រយៈពេល ៣ ទៅ ៥ ឆ្នាំ​បន្ទាប់។

លោក Ian Watsonនាយក​ប្រតិបត្តិ​ Cellcard និយាយ​ថា​ ដំណាក់​កាល​ដំបូង​របស់​ក្រុមហ៊ុន​គឺ​ការ​ដាក់​ស្ថានីយ​ 5G ចំនួន ៥០០ កន្លែង​នៅ​ភ្នំពេញ សៀមរាប និង​ក្រុង​ព្រះសីហនុ។ ជា​មួយ​ការ​ដាក់​ស្ថានីយ​ទាំង​នេះ​ ដែល​ត្រៀម​រួច​រាល់​ហើយ​នោះ លោក​ថា​សេវា​អាច​នឹង​ចាប់​ផ្ដើម​ប្រើ​នៅ​ខែ​ធ្នូ។

លោក​នាយក​ប្រតិបត្តិ​ខាង​លើ​បន្ត​ថា​បាន​ជ្រើស​រើស​ក្រុមហ៊ុន ZTE ជា​ដៃ​គូ​សម្រាប់​ការ​​​បញ្ចេញ​​លើក​ដំបូង ហើយ​នៅ​​អំឡុង​ឆ្នាំ​ក្រោយ ស្ថានីយ​នឹង​កើន​ឡើង​ដល់ ២ ០០០ កន្លែង​នៅ​ទូទាំង​ប្រទេស។ ថ្ងៃ​អនាគត​ Cellcard អាច​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា Nokia សម្រាប់​ពង្រីក​ការ​គ្រប​ដណ្ដប់​ 5G នៅ​តំបន់​ចម្ការ​ស្រែ។

ក្រុមហ៊ុន​​ផ្ដល់​សេវា​ទូរសព្ទ​ធំ​មួយ​ទៀត​របស់​កម្ពុជា Metfone ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​សហការ​ជា​មួយ​ទូរគមនាគមន៍​កម្ពុជា ដើម្បី​សាក​ល្បង​សេវា 5G ជា​មួយ​ឧបករណ៍​របស់ Huawei។

សេវា 5G មាន​​ប្រើ​ប្រាស់​រួច​មក​ហើយ​នៅ​ផ្នែក​មួយ​ចំនួន​នៃ​សហរដ្ឋអាមេរិក, កូរ៉េ​ខាង​ត្បូង និង​ទីផ្សារ​អឺរ៉ុប​មួយ​ចំនួន ហើយ​ចិន​នឹង​ចាប់​ផ្ដើម​បញ្ចេញ​សេវា​នេះ​នៅ​ទីក្រុង​ធំៗ ដែល​​នឹង​កើត​មាន​ឡើង​​យ៉ាង​លឿន​​ក្នុង​ឆ្នាំ​នេះ។ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​នាំ​មុខ​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍​ គេ​រំពឹង​ថា​នឹង​​​ចាប់​ផ្ដើម​ប្រើ​សេវា 5G យ៉ាង​លឿន​បំផុត​នៅ​ឆ្នាំ ២០២០។ ដូច​នេះ​បើ​សិន​កម្ពុជា​មាន​សេវា 5G ប្រើ​នៅ​ដំណាច់​ឆ្នាំ ២០១៩ អាច​ធ្វើ​ឲ្យ​កម្ពុជា​ ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍។

​និយាយ​ពី​ល្បឿន​របស់​​អ៊ីនធឺណិត​ 5G នេះ​​​គឺ​មាន​ភាព​ខុសគ្នា​បន្តិច​បន្តួច​សម្រាប់​ការ​ប្រើ​ប្រាស់​នីមួយៗ ប៉ុន្តែ​រំពឹង​ថា​នឹង​អាច​មាន​ល្បឿន​ចន្លោះ​ពី 10 Mbps ដល់​ 10 Gbps។ ល្បឿន​ប៉ុណ្ណេះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​លើ​ទូរសព្ទ​ដូច​ជា​ទស្សនា​វីដេអូ​កម្រិត​ 4K, 8K ឬ វីដេអូ​ ៣៦០ ដឺក្រេ​ ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន៕

ចុចអាន ៖ អុីនធឺណេត 5G របស់ Smart ដោនឡូតហ្គេម 1GB ប្រើ​ពេល​មិន​ដល់ ១នាទី

​​​

ប្រភព៖ Asia.Nikkei   ប្រែ​សម្រួល៖ សុខហេង