វិទ្យាល័យ​មួយ​ក្នុងខេត្តព្រះវិហារសិស្សប្រឡងបាក់ឌុប​ជាប់​១០០​ភាគរយ

  • 2019-09-10 04:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាល័យ​ស្រយង់​ ក្នុង​ឃុំ​ស្រយង់ ស្រុកគូលែន ខេត្ត​ព្រះ​វិហារ មានសិស្ស​ប្រឡង​សរុប​ចំនួន​​១១​នាក់​ ក្នុង​នោះ​សិស្ស​ប្រឡង​ផ្នែក​វិទ្យាសាស្រ្ត​សង្គម​មានចំនួន​ប្រាំបីនាក់ និង​វិទ្យាសាស្រ្ត​មានចំនួន​បីនាក់។

(សិស្ស​ពេល​រៀន​ត្រៀម មុនប្រឡង/រូបភាព​ផ្ដល់​ឲ្យ)

តាម​រយៈលទ្ធផល​ប្រ​ឡង​សិស្ស​ទាំង​អស់បានប្រឡង​ជាប់គ្រប់ៗ​គ្នា ដោយ​ខាង​វិទ្យាសាស្រ្ត​បាន​និទ្ទេស​Bម្នាក់ និង​ E ពីរ​នាក់។ ដោយ​ឡែក​ខាង​វិទ្យាសាស្រ្ត​សង្គម​វិញ​មាន​សិស្សបាន​និទ្ទេស​C ម្នាក់ និទ្ទេស D ពីរ​នាក់ និង​ E ប្រាំ​នាក់។

លោក​គ្រូបង្រៀន​ផ្នែក​​គណិត​វិទ្យា ​ឃុន​ ខេមរិន្ទ នៅ​វិទ្យាល័យ​ស្រយង់​​ឲ្យដឹង​ថា​សិស្ស​នៅ​វិទ្យាល័យ​នេះ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ម្យ៉ាងទៀត​អាណា​ព្យាបាល​បាន​តាម​ដាន និង​ដាស់តឿន​កូន​ៗ​ឲ្យ​ខំរៀន​ជាប្រចាំ។​

លោក​បន្តថា៖«ខ្ញុំ​អរ សប្បាយ​ចិត្ត​ណាស់ ឃើញ​សិស្សជាប់​អ៊ីចឹង សិស្ស​ប្រឹងរៀន​ច្រើន សង្ឃឹម​ថា​ឆ្នាំក្រោយៗ​សិស្ស​លែងដាក់ពាក្យ​ផ្លាស់ចេញ​ទៀត​ហើយ....នេះជា​លទ្ធផល​ល្អ ស្រាប់​ហើយ ទៅអនាគត​សិស្ស​នឹង​កើនឡើង​ព្រោះមាន​សាលាបឋមចំណុះ​ច្រើនណាស់​»។

(សិស្ស​ពេល​រៀន​ត្រៀម មុនប្រឡង/រូបភាព​ផ្ដល់​ឲ្យ)

បើ​តាម​លោកគ្រូដដែល​បច្ចុប្បន្ន​វិទ្យាល័យ​នេះ​មិន​ទាន់មានអគារសិក្សា​ផ្ទាល់​ខ្លួន​ទេ ដោយ​ខ្ចីអគា​ខាង​ទាហាន​ប្រើប្រាស់ជាបណ្ដោះអាសន្នទម្រាំអគារកម្ពស់ពីរជាន់​កសាង​រួចរាល់​នៅ​ឆ្នាំខាងមុខ។ លោក​បញ្ជាក់ដែរថា​បច្ចុប្ប​វិទ្យាល័យនេះ​មាន​គ្រូកម្រិត​ឧត្តម ដែល​ចេញ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​ចំនួន​១០​រូប​​កំពុង​បង្ហាត់ពី​ថ្នាក់ទី១០​ដល់ទី១២​៕

អត្ថបទ៖ ទូច សុខា