មកដឹងច្បាស់អំពីចំណុចពិសេសៗ iPhone 11 Pro និង 11 Pro Max
- 2019-09-11 02:28:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងច្បាស់អំពីចំណុចពិសេសៗ iPhone 11 Pro និង 11 Pro Max
ចន្លោះមិនឃើញ
កាលពីយប់មិញ Apple បានប្រកាស iPhone 11 ទាំងបីស៊េរី ហើយក្នុងនោះ ម៉ូដែល "Pro” មានការកែប្រែខ្លាំងជាងស៊េរីធម្មតា ជាពិសេសនៅលើផ្នែកកាមេរ៉ានិងអេក្រង់។
iPhone 11 Pro និង 11 Pro Max មានការដំឡើងកាមេរ៉ាដល់ទៅ ៣ គ្រាប់ កម្រិត ១២ មេហ្គាភិកសែល ដូចគ្នាទាំងអស់។ កាមេរ៉ាធម្មតាពុំសូវមានការកំណែអ្វីទេ ឯកាមេរ៉ាប្រភេទ telephoto វិញ នៅតែជា 2x optical zoom ដដែល ប៉ុន្តែភ្លឺជាងមុនបន្តិច ព្រោះប្រើ f/2.0 ជាជាង f/2.4 ដូចស៊េរីមុន។ ចំណែកឯ មួយគ្រាប់ថ្មីវិញជាប្រភេទ Ultra-wide សម្រាប់ថតរូបទូលាយដល់ទៅ ១២០ ដឺក្រេ។
ពេលថតរូបកាមេរ៉ាទាំងបីគ្រាប់ដំណើរការស្របពេលតែមួយ ដើម្បីរក្សាការ focus និង exposure ឲ្យនៅដដែល ដូចនេះរូប ដែលអ្នកថតមិនថាពីកាមេរ៉ាមួយណាឡើយគឺគុណភាពវានៅប្រហាក់ប្រហែលគ្នា។
អ្វីដែលកាន់តែពិសេសនោះគឺកាមេរ៉ាទាំងបីថតវីដេអូបានក្នុងកម្រិត 4K 60fps ហើយពេលប្រើកម្មវិធីឈ្មោះ Filmic វាអនុញ្ញាតឲ្យថតប្រើកាមេរ៉ាម្ដង ៤ គ្រាប់ (គិតទាំងកាមេរ៉ាមុខ) ។ Apple បានព្យាយាមធ្វើយ៉ាងណាឲ្យការផ្លាស់ប្ដូរពីកាមេរ៉ាមួយទៅមួយទៀត ពុំមានភាពខុសគ្នាខ្លាំងលើគុណភាព។
អេក្រង់របស់ iPhone ទាំងពីររក្សានៅទំហំដដែលពោលគឺ iPhone 11 Pro ទំហំ ៥,៨ អ៊ីញ និង iPhone 11 Pro Max ទំហំ ៦,៥ អ៊ីញ។ អេក្រង់នេះអាចបញ្ចេញពន្លឺបានរហូតដល់ ១២០០ nits ប៉ុន្តែស៊ីថ្មតិចជាងមុន ១៥% ។ គួរបញ្ជាក់ វាមិនមានមុខងារ 3D Touch ទៀតឡើយ។
iPhone ថ្មីទាំងពីរអាចសាកបានក្នុងល្បឿន ១៨ វ៉ាត់ ហើយទីបំផុត Apple សម្រេចចិត្តដាក់ឆ្នាំងសាកល្បឿនលឿននេះក្នុងប្រអប់ហើយ។ Apple ថា iPhone 11 Pro កាន់ថ្មយូរជាង XS ៤ ម៉ោង ឯ iPhone 11 Pro Max កាន់យូរជាង XS Max ៥ ម៉ោង។
iPhone ទាំងពីរប្រើបន្ទះឈីប A13 Bionic ដែល CPU និង GPU លឿនជាងមុន ២០% មិនតែប៉ុណ្ណោះ CPU ស៊ីថ្មតិចជាងមុន ៣០% និង GPU ៤០%។ អង្គផ្ទុកទិន្នន័យមានជម្រើស ៦៤/២៥៦/៥១២GB ។
iPhone 11 Pro ផ្តើមតម្លៃ ៩៩៩ ដុល្លារ និង iPhone 11 Pro Max ផ្តើមតម្លៃ ១០៩៩ ដុល្លារ ដាក់លក់នៅថ្ងៃ ២០ កញ្ញា៕