តើ​វិទ្យាល័យ​ណា​ខ្លះ ​នៅ​​ភ្នំពេញ​ល្បី​​មាន​ជើង​ខ្លាំង​ជាប់​និទ្ទេស​ A ច្រើន​ជាង​គេ​?

  • 2019-09-17 06:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​ បាន​ប្រកាស​លទ្ធ​ផល​​ប្រឡង​​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ (​បាក់​ឌុប​)​ កាល​​ពី​​សប្ដាហ៍​មុន​នេះ ដោយ​មាន​បេក្ខជន​​ចំនួន​​ ៧៩ ០៥២នាក់​ ​បាន​ប្រឡង​​ជាប់​បាក់ឌុប​ ហើយ​ក្នុង​នោះ​បេក្ខជន​​បាន​និទ្ទេស​​​ A មាន​ចំនួន​ ៤៤៣​នាក់​។ ដោយ​​ឡែក​​នៅ​ភ្នំពេញ​មាន​បេក្ខជន​ជាប់​​​​និទ្ទេស​ A ​ច្រើន​​ជាង​គេ​ ចំនួន​ ១៤១​​នាក់។ ​ប៉ុន្តែ​ប្រិយ​មិត្ត​ប្រហែល​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា សាលា​​រដ្ឋ​ណា​​មួយ​នៅ​ភ្នំពេញ​ ដែល​មាន​​បេក្ខជន​​ប្រឡង​​​ជាប់​និទ្ទេស​ A ច្រើន​​ជាង​គេ?

យោង​តាម​របាយ​ការណ៍​នាយកដ្ឋាន​កិច្ច​ការ​ប្រលង​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​​ឱ្យ​ដឹង​ថា​ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ជា​សាលា​រដ្ឋ​ដែល​មាន​បេក្ខជន​ប្រឡងជាប់​និទ្ទេស​ A ច្រើន​ជាង​​គេ​ ​ចំនួន ១៨ នាក់ ​ក្នុង​នោះ​មាន​ស្រី​ ៨ នាក់​​។ ១០​ នាក់​​មក​ពី​​សាលា​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​​ព្រះស៊ីសុវត្ថិ ខណៈ​៨ នាក់​មក​ពី​វិទ្យាល័យ​​ព្រះស៊ីសុវត្ថិ​​។ បន្ទាប់​មក​​ទៀត​​មាន​​វិទ្យាល័យ​ព្រះ​មុនី​វង្ស​ ខេត្ត​បាត់ដំបង ដែល​មាន​បេក្ខជន​​បាន​និទ្ទេស​ A ១០នាក់នាក់​ (ស្រី​៤ នាក់​) វិទ្យាល័យ​​ទួល​​ទំពូង​ មាន​បេក្ខជន​ជាប់​និទ្ទេស​ ១០ នាក់ (​ស្រី ៦​នាក់) និង​ វិទ្យាល័យ​​១០ មករា​ ១៩៧៩​ ខេត្តសៀមរាប ​បាន​និទ្ទេស​​ A ១០ នាក់​ (ស្រី​៣នាក់)។​

វិទ្យាល័យ​ ហ៊ុន សែន​ សេរីភាព ​មាន​បេក្ខជន​ជាប់​និទ្ទេស​ ៩ នាក់​ (ស្រី​ ៤ នាក់​)។ ដោយ​​ឡែក​សាលា​ឯកជន​ ដែល​មាន​បេក្ខជន​បាន​និទ្ទេស A ច្រើន​ជាង​គេ​ គឺ​បាន​លើ​សាលា​ប៊ែល​ធី​អន្តរ​ជាតិ​ មាន​ចំនួន​ ១៨ នាក់ និង​សាលា​អន្តរ​ទ្វីប​អាមេរិក​កាំង​មាន​ចំនួន​ ១១​នាក់​។

ក្នុង​ការ​ប្រឡង​បាក់​ឌុប​​កន្លង​មក​​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន​ ១១៧ ០៤៣​នាក់​ អវត្តមាន​​ចំនួន ​១៨៣៨​នាក់ ​ហើយ​ក្នុង​នោះ​ក៏​មាន​សិស្ស​ចំនួន​ ២​នាក់​ត្រូវ​រង​ពិន័យ​ឱ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​​ផង​ដែរ ​ដោយ​បេក្ខជន​ទាំង​ពីរ​នាក់​នោះ ​ប្រព្រឹត្តិ​ខុស ​ដោយ​យក​សំណៅ​ឯកសារ​ និង​ទូរស័ព្ទ​ដៃ​ចូល​បន្ទប់​ប្រឡង​។

បេក្ខជន​ប្រឡង ​ជាប់​មាន​ចំនួន ​៦៨,៦២​ភាគរយ ​ក្នុង ​នោះ​សិស្ស ​បាន​និទ្ទេស ​A ​មាន​ចំនួន​ ៤៤៣​នាក់ ​ខណៈ​កាល​ឆ្នាំ​២០១៨ ​សិស្ស​និទ្ទេស​ A​មាន​ចំនួន ​៤០៨​ នាក់៕​

អត្ថបទ៖ សុផល