ពល​រដ្ឋ​ខ្មែរ​ពីរ​នាក់​កំពុង​បាត់​ខ្លួន​ដោយសារ​​ដី​ភ្នំ​បាក់​សង្កត់​លើ​

  • 2019-09-18 06:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំ​ពាក្យ​ក្រ​សួង​ការ​ពារជាតិ​ឲ្យ​ដឹង​ថា​កម្លាំង​ចម្រុះជាង​២០​នាក់​កំពុង​ប្រតិបត្តិការ​រុក​រក​ប្រ​ជា​ពល​រដ្ឋ​​ពីរ​រូបដែល​កំពុង​បាត់​ខ្លួន​ដោយសារជំនន់​ទឹក​ភ្លៀង​ធ្វើ​ឲ្យ​បាក់ដី​ភ្នំសង្កត់​កាលពី​ថ្ងៃទី​១៦ កន្លង​ទៅ។

(រូបភាព៖ ហ្វេស​ប៊ុក​ឯកឧត្តម ឈុំ សុជាត)

ឯកឧត្តម ឈុំ សុជាតិ អ្នកនាំ​ពាក្យ​ក្រ​សួង​ការ​ពារជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​នារសៀល​នេះ​ថា​កម្លាំង​ចម្រុះ​ចំនួន​២៥​នាក់​កំពុងប្រតិបត្តិការតាម​រក​ប្រ​ជា​ពល​រដ្ឋ​ទាំង​ពី​ររូប។ អ្នក​ទាំងពីរ​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០១៩ នៅ​ត្រង់​ចំណុចព្រំដែន​កម្ពុជា​-ថៃ ច្រកពាមតា ឃុំតាតោក ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង។ ឯកឧត្តម​ឲ្យ​ដឹង​ទៀតថា​ដោយសារតែពលរដ្ឋខ្មែរទាំងពីរ​រូបនេះ បាត់ខ្លួននៅក្នុងទឹកដីថៃ ភាគីកម្ពុជាក៏បាន​ សហការជាមួយភាគីថៃដើម្បីរុករកជនរងគ្រោះផងដែរ។

(រូបភាព៖ ហ្វេស​ប៊ុក​ឯកឧត្តម ឈុំ សុជាត)

ឯកឧត្តម​បញ្ជាក់ថា​កាលពី​ថ្ងៃទី១៦ ប្រ​ជា​ពលរដ្ឋចំនួន​ប្រាំពីរ​នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួន ហើយ​មូល​ហេតុ​ដែល​អ្នក​ទាំងប្រាំពីរ​ទៅ​កាន់​តំបន់​នោះគឺ​ដើម្បីដាក់អន្ទាក់ចាប់សត្វ​៕

អត្ថបទ៖ ទូច សុខា