កាកសំណល់មានច្រើននៅភ្នំពេញ តែកាកែច្នៃនៅមានតិចតួច
- 2019-09-19 09:29:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាកសំណល់មានច្រើននៅភ្នំពេញ តែកាកែច្នៃនៅមានតិចតួច
ចន្លោះមិនឃើញ
ក្នុងក្របខណ្ឌប្រទេសកម្ពុជាទាំងមូលក្នុងមួយឆ្នាំៗកាកសំណល់មានប្រហែលជា៣,៦លានតោនឬប្រហែលជា១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយការកែច្នៃសំរាមនៅមានតិចតួចនៅឡើយ។
បើនិយាយត្រឹមទីក្រុងភ្នំពេញវិញមន្ត្រីទទួលបន្ទុកផ្នែកគ្រប់គ្រងកាកសំណល់រឹងរបស់ក្រសួងបរិស្ថានឲ្យដឹងថាកាកសំណល់មានប្រហែល១,៧លានតោនក្នុងមួយឆ្នាំ ហើយថាមានតែប្រហែលជា១០ភាគរយនៃកាកសំណល់ទាំងនេះត្រូវបានកែច្នៃឡើងវិញ។
អង្គការKonrad ប្រចាំកម្ពុជានៅថ្ងៃនេះបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០១៩មួយស្ដីពីកាកសំណល់នៅកម្ពុជា។ លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹងរបស់ក្រសួងបរិស្ថានថ្លែងក្នុងកម្មវិធីនេះថាការគ្រប់គ្រងសំរាមមិនទាន់បានជោគជ័យនៅឡើយដោយថាចំនួនកែច្នៃសំរាមនៅមានតិចតួច។
លោកបន្ថែមថា៖ «ធ្វើយ៉ាងណាដើម្បីឲ្យវាបានជោគជ័យទាល់តែការយកសំរាមទៅចាក់នៅទីលានមានការថយចុះ សំរាមទាំងអស់ត្រូវបានកែច្នៃរហូតដល់៨០ភាគរយ...តាមពិតសំរាមអីក៏អាចកែច្នៃបានទាំងអស់»។
ចំណែកលោក នួន សំណាវុធ នាយកទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថានរបស់សាលារាជធានីភ្នំពេញបានលើកឡើងដែរថាចំនួនសំរាមបានកើនឡើងជាប្រចាំដោយថាចំនួនប្រជាពលរដ្ឋក្នុងទីក្រុងកើនឡើងដែរ។ លោកឲ្យដឹងថានៅទីក្រុងមានអ្នករស់នៅអចិន្ត្រៃយ៍ចំនួន២,១លាននាក់ ហើយអ្នករស់នៅមិនអចិន្ត្រៃយ៍មានជាងប្រាំបីសែននាក់។
លោកបន្ថែមថាការមិនទាន់បានញែកសំរាមទៅតាមប្រភេទក៏ជាបញ្ហាប្រឈមក្នុងការយកសំរាមទៅកែច្នៃផងដែរ។ លោកបន្ថែមថា៖ «ទៅថ្ងៃអនាគតយើងត្រូវគិតទៅលើការកែច្នៃ...ខ្ញុំគិតថាយើងត្រូវរុញការកែច្នៃហ្នឹងឲ្យខ្លាំង យើងទាញផលប្រយោជន៍ពីសំរាម តាមរយៈការដុតយកអគ្គីសនី និងជីវឧស្ម័នជាដើម។
ក្នុងកម្មវិធីនេះក៏មានដែរអ្នកបានធ្វើការលើវិស័យកែច្នៃសំរាមនេះចូលរួមនិងបានលើកឡើងថាក្រុមហ៊ុនមិនអាចរកប្រាក់ចំណេញពីការកែច្នៃសំរាមនេះបានទេ ដោយហេតុថាមិនទាន់មានការការជួយជ្រោមជ្រែងច្រើនពីរដ្ឋាភិបាលលើការកែច្នៃសំរាមនេះ។ អ្នកចូលរួមលើកឡើងថានៅប្រទេសសិង្ហបុរី រដ្ឋបានជួយដល់ក្រុមហ៊ុនកែច្នៃសំរាមប្រហែលជា៣០ដុល្លារសិង្ហបុរីក្នុងសំរាមមួយតោន។
ទាក់ទងនឹងការលើកឡើងនេះទាំងមន្ត្រីសាលារាជធានីភ្នំពេញ និងមន្ត្រីមកពីក្រសួងបរិស្ថានបានអះអាងថារដ្ឋាភិបាលមានក្រុមការងារកំពុងគិតគូរពីកិច្ចការនេះ និងកំពុងព្រាងច្បាប់ទាក់ទងនឹងរឿងនេះផងដែរ។
ទន្ទឹមនឹងការកែច្នៃសំរាមមិនទាន់មានជាលក្ខណៈធំដុំ អ្នកធ្វើការលើការប្រមូលសំរាម និងគ្រប់គ្រងសំរាមថាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមហ៊ុនប្រមូលសំរាមនឹងអាចជួយឲ្យការប្រមូលសំរាមធ្វើទៅបានដោយរលូន និងកាន់តែល្អប្រសើរ៕