ឥឡូវនេះផ្សែង​អ័ព្ទ​មកពី​ភ្លើង​ឆេះ​ព្រៃ​ឥណ្ឌូនេស៊ី ហ៊ុយមក​ដល់​ហ្វីលីពីន​ហើយ!

  • 2019-09-22 01:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​កញ្ញា​ថា ផ្សែង​អ័ព្ទ​ដែល​រសាត់​មក​ដោយ​ខ្យល់​បក់បោក​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី បានចាប់ផ្តើម​ប៉ះពាល់​ដល់​តំបន់​មួយចំនួន​​នៅ​ប្រទេស​ហ្វីលីពីន​និង​បង្ក​ការព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី សុវត្ថិភាព​អាកាសចរណ៍​និង​ហានិភ័យ​សុខភាព​ដែល​អាច​កើតមាន​។​

​លោក Landrico Dalida អនុប្រធាន​គ្រប់គ្រង​បរិស្ថាន​និង​ភូមិសាស្ត្រ​ហ្វីលីពីន​បាន​និយាយថា ផ្សែង​អ័ព្ទ​កម្រិត​មធ្យម​កំពុង​គ្របដណ្តប់​លើ​ទីក្រុង​Zamboanga ទីក្រុង​Cebu ទីក្រុង​Dumaguete និង​ខេត្ត​Palawan​។​​ ​លោក​បាន​និយាយថា​ក្រុម​អាជ្ញាធរ​កំពុង​ត្រួតពិនិត្យ​តំបន់​ផ្សេង​ទៀត​ដែល​អាច​រង​ផលប៉ះពាល់​ផងដែរ​។​ ​លោក​បាន​និយាយថា ” គេ​អាច​មើលឃើញ គឺ​មានន័យថា​មាន​ផ្សែង​ពិតជា​បានមក​ពី​តំបន់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​មក​ដល់​យើង ហើយ​ប្រសិនបើ​ភាព​មើលឃើញ ត្រូវ​បាន​ប៉ះពាល់​នោះ​មន្ត្រី​អាកាសយានដ្ឋាន​និង​ក្រុមហ៊ុន​អាកាសចរណ៍​អាច​នឹង​លុបចោល​ជើងហោះហើរ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​។

​លោក​បាន​បន្ថែមថា លោក​បាន​ណែនាំ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​ប្រសិនបើ​ផ្សែង​អ័ព្ទ​កាន់តែ​អាក្រក់​។​ ​មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បរិស្ថាន​បាន​និយាយថា​ការិយាល័យ​ប្រចាំ​តំបន់​របស់​ខ្លួន​បាន​បញ្ជូន​ព័ត៌មាន​ទៅ​មន្ត្រី​មូលដ្ឋាន​នៅក្នុង​តំបន់​ដែល​រង​ប៉ះពាល់​ដោយ​ផ្សែង​អ័ព្ទ​ដើម្បី​​ជួយ​ពួកគេ​ផ្តល់​ការណែនាំ​ដល់​សាធារណជន ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​ផ្លូវដង្ហើម​ដើម្បី​ស្នាក់​នៅក្នុង​ផ្ទះ​ប្រសិនបើ​ស្ថានភាព​កាន់តែ​អាក្រក់​នោះ​។

​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ចំនួន​កន្លែង​ភ្លើង​ឆេះ​ព្រៃ​កាលពី​សប្តាហ៍​កន្លងទៅ បាន​កើនឡើង​ដល់​៥.០៨៦​កន្លែង កាលពី​ថ្ងៃ​សុក្រ ​ទោះបីជា​មាន​ការ​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​និង​គ្រប់គ្រង​ផ្សែង​អ័ព្ទ​ក៏ដោយ​៕

ប្រភព ៖ rasmeinews