ជិះម៉ូតូទៅស្រុកផ្លូវឆ្ងាយ កុំភ្លេចពិនិត្យចំណុច​ទាំងនេះដើម្បី​សុវត្ថិភាព​

  • 2019-09-26 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិតភ្ជុំបិណ្ឌប៉ុន្មានថ្ងៃនេះអ្នកនៅក្នុង​ក្រុង​ភ្នំពេញបានចេញ​ដំណើរ​ទៅកាន់​ស្រុកកំណើត ហើយ​​មួយ​ចំនួន​​ក៏មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា។ អីចឹង​ដើម្បី​សុវត្ថិភាព និង​ជា​ការ​យល់​ដឹង​បន្ថែម​​ Sabay សូម​ធ្វើ​ការ​ចែក​រំលែក​បទ​ពិសោធន៍​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​ពិនិត្យ​ម៉ូតូមុន​ចេញ​ដំណើរ ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​​នឹក​ស្មាន​មិន​ដល់។

អ្នក​បើកបរ​ម៉ូតូ​ស្ទើរ​តែ​ទាំង​អស់ មិន​បាន​យក​ចិត្ត​ទុកដាក់​ពិនិត្យ​ម៉ូតូ​មុន​ពេល​ចេញ​ដំណើរ​ដើរ​លេង ឬ​ទៅ​​ផ្លូវ​ឆ្ងាយ​នោះ​ទេ ដែល​នេះ​អាច​ឲ្យ​ពួកគេ​មាន​បញ្ហា​រអាក់រអួល​ពេល​ធ្វើ​ដំណើរ។

ខាង​ក្រោម​នេះជា​បច្ចេកទេស​ពិនិត្យ​ម៉ូតូ​ងាយៗ សម្រាប់​អ្នក​ប្រើ​ប្រាស់ម៉ូតូធ្វើ​ដំណើរ៖

  • សំបក​កង់៖ ពិនិត្យ​មើល​សំបក​កង់​ម៉ូតូ​ថា​តើ វា​សឹក​ក្រឡា​ខ្លាំង ឬ​យ៉ាងណា ព្រោះ​បើ​សំបក​សឹក​គ្មាន​ក្រឡា ការ​បើកបរ​អាច​ប្រឈម​នឹង​រអិល​ដួល ហើយ​ងាយ​នឹង​បែក​កង់។ ក្រៅ​ពី​សំបក​កង់ អ្នក​គប្បី​ផ្លាស់​ពោះវៀន​កង់​ថ្មី បើ​ពោះវៀន​ចាស់​មាន​ស្នាម​ប៉ះ​រួច​ម្ដង ឬ​ពីរ បី​ហើយ​នោះ។

  • សម្ពាធ​ខ្យល់៖ ច្របាច់ ​មើល​កង់​ម៉ូតូ​មុខ​ក្រោយ ថា​តើ​វា​ធូរ ឬ​តឹង​ពេក។ បើ​ធូរ ទៅ​ឲ្យ​ជាង​ផ្លុំ​បន្ថែម​ តែ​បើ​តឹង​ពេក ត្រូវ​បន្ធូរ​បន្តិច ព្រោះ​អាច​នឹង​ក្ដៅ​ប៉ោង​ផ្ទុះ​បែក ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។

  • ហ្វ្រាំង៖ ហ្វ្រាំង​សំខាន់​បំផុត ពេល​ធ្វើ​ដំណើរ។ ពិនិត្យ​មើល​ហ្វ្រាំង​មុខ​ក្រោយ ថា​តើ​វា​ស៊ី​ឬ​អត់។ បើ​មិន​ទេ ប្រញាប់​ដាក់​ឲ្យ​ជាង​ចាត់​ការ!

  • ច្រវាក់៖ ច្រវាក់ និង​ហ្វ្រាំង​សុទ្ធ​តែ​សំខាន់ ព្រោះ​ប៉ះពាល់​ដល់​អាយុ​ជីវិត។ បើ​ច្រវាក់​ធូរ ត្រូវ​ឲ្យ​ជាង​រឹត​ល្មម ហើយ​ត្រូវ​តែ​ពិនិត្យ​ថា មុខ​តំណ​ច្រវាក់​មាន​បញ្ហា​អត់។ បើ​ច្រវាក់​ដាច់ ពេល​បើកបរ ម៉ូតូ​នឹង​ដួល​បោក​ខ្លួន​ឯង​តែ​ម្ដង ហើយ​អ្នក​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត បើ​បើកបរ​លឿន​គួរ​សម​នោះ។

  • ប្រេង​ម៉ាស៊ីន៖ បើក​គម្រប ​ប្រេង​ម៉ាស៊ីន មើល​ថា​តើ​វា​ខ្មៅ​ខ្លាំង ឬ​ខះ។ បើ​ខ្មៅ​ខ្លាំង ឬ​ខះ អ្នក​ត្រូវ​ផ្លាស់​ប្រេង​ម៉ាស៊ីន​ថ្មី ដើម្បី​ការពារ​កុំ​ឲ្យ​ម៉ាស៊ីន​ក្ដៅ​ខ្លាំង។ ជាទូទៅ មុន​ពេល​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ គេ​ត្រូវ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង។

  • ប្រព័ន្ធ​ភ្លើង៖ ពិនិត្យ​ភ្លើង​ហ្វ្រាំង (ពេល​ចាប់​ហ្វ្រាំង) ភ្លើង​ស៊ីញ៉ូ​ឆ្វេង​ស្ដាំ ភ្លើង​ចង្កៀង​មុខ និង​ស៊ីផ្លេ។

សាំង៖ ពិនិត្យ​អ្វីៗ​ទាំងអស់ តែ​ភ្លេច​មើល​សាំង គឺ​វរ​ហើយ!

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី