មុខងារថ្មីលើទូរសព្ទ Pixel អាចហៅឡានសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិពេលជួបគ្រោះថ្នាក់ចរាចរណ៍

  • 2019-10-02 02:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ជ្រុល​បង្ហាញ​អំពី​ការ​អាប់ដេត​លើ​កម្មវិធី Emergency Information ដែល​មាន​ផ្ដាច់​មុខ​លើ​ស្មាតហ្វូន​ត្រកូល Pixel។ ការ​អាប់ដេត​ថ្មី​បាន​កែ​ប្រែ​ឈ្មោះ​កម្មវិធី​ទៅ​ជា​ "Personal Safety”។

ការ​អាប់ដេត​នេះ​បាន​ប្រទះ​ឃើញ​ដោយ​សមាជិក​ XDA-Developer នៅ​លើ​​ឧបករណ៍ Pixel 2 XL។ គេ​អាច​មាន​ឱកាស​ចូល​ទៅ​ក្នុង Play Store សម្រាប់​កម្មវិធី​ថ្មី​នេះ ហើយ​អាច​រក្សា​ទុក​ Screenshot មួយ​ចំនួន​សម្រាប់​មុខងារ​ថ្មី​​​ទាក់ទង​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍។

ក្នុង​ Play Store បាន​រៀប​រាប់​អំពី​មុខងារ​​ថា​ស្មាតហ្វូន​អាច​​ដឹង​ប្រសិន​បើ​អ្នក​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត (ដោយ​ប្រើ​ប្រាស់​ទិន្នន័យ​ទីតាំង​និង​ Sensor) ហើយ​វា​នឹង​តេ​ទៅ​កាន់​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ។

មុខងារ​ថ្មី​នេះ​នឹង​រំ​ញ័រ​ទូរសព្ទ ហើយ​បន្លឺ​សំឡេង​​ខ្លាំង​មួយ សួរ​ថា​តើ​អ្នក​ត្រូវ​ការ​ជំនួយ​ឬ​អត់។ ប្រសិន​បើ​គ្មាន​ការ​ឆ្លើយ​តប​វា​នឹង​តេ​ទៅ​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់។ ​​អ្នក​ក៏​អាច​ចុច​លើ​ប៊ូតុង "911 Emergency” ឬ​ឆ្លើយ​តប​ថា​ខ្លួន​អ្នក​មាន​សុវត្ថិភាព​ដោយ​ចុច​លើ "I'm OK”។

ការ​រក​ឃើញ​របស់ XDA បាន​បញ្ជាក់​ថា​មុខងារ​នេះ​​ដំណើរ​ការ​តែ​នៅ​សហរដ្ឋអាមេរិក ហើយ​គេ​មិន​ច្បាស់​ថា​វា​នឹង​មាន​លើ​គ្រប់​ស្មាតហ្វូន Pixel ឬ​មាន​សម្រាប់​តែ Pixel 4 ដែល​រៀប​នឹង​ប្រកាស​ចេញ​​នោះ​ទេ៕​​​​

ចុចអាន ៖ ល្បី​ថា Galaxy S11 ​ប្រើ​សុទ្ធ​តែ Sensor អាច​វាស់​ដឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​បន្លែ​ផ្លែឈើ

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង