ឡានស៊េរីកប់រឹបអូសពីកូនប្រធានាធិបតីម្នាក់ ត្រូវបានគេយកដាក់ដេញថ្លៃ

  • 2019-10-02 03:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​បណ្ដុំ​រថយន្ត​ស៊េរី​ទំនើបៗ​ដែល​រឹប​អូស​ពី​​កូន​ប្រុស​ប្រធានាធិបតី​នៃ​ប្រទេស Equatorial Guinea ត្រូវ​បាន​គេ​យក​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ក្នុង​ប្រទេស​ស្វីស។ រថយន្ត​​គឺ​ត្រូវ​បាន​រឹប​អូស​ដោយ​សមត្ថកិច្ច​ប្រទេស​ស្វីស ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ស៊ី​ជម្រៅ​ដល់​ Teodorin Nguema Obiang ផ្ទាល់។

​​​​Teodorin Nguema Obiang គឺ​ជា​អនុ​ប្រធានាធិបតី​នៃ​ឪពុក​របស់​ខ្លួន​ គឺ​​លោក​​ Teodoro Obiang Nguema ដែល​បាន​ដឹក​នាំ​ប្រទេស​ Equatorial Guinea អស់​រយៈពេល​ ៤០ ឆ្នាំ​មក​ហើយ។ រថយន្ត​ចំនួន ២៥ គ្រឿង​នៃ​រថយន្ត​ទាំង​អស់​របស់​លោក ​​​Teodorin ត្រូវ​បាន​គេ​យក​ដេញ​ថ្លៃ​នៅ​ក្លឹប​វាយ​កូន​ហ្គោល​មួយ​ក្បែរ​ទីក្រុង Geneva កាល​ពី​ថ្ងៃ​អាទិត្យ។

ក្នុង​ចំណោម​នោះ​មាន​រថយន្ត​ Lamborghini, Ferrari, Bentley និង Rolls-Royce ដែល​លក់​បាន​សរុប​ប្រមាណ ២៧ លាន​ដុល្លារ។ ទឹក​ប្រាក់​ចំនួន ២៣ លាន​ដុល្លារ នឹង​ត្រូវ​បញ្ចូល​ក្នុង​គម្រោង​​កិច្ចការ​សង្គម​នៅ​ក្នុង​ប្រទេស​ Equatorial Guinea។

រថយន្ត​ដែល​កម្រ​ជាង​គេ​ក្នុង​ចំណោម​រថយន្ត​ដែល​ដេញ​ថ្លៃ គឺ​​ជា Lamborghini Veneno Roadster ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ ៨,៣ លាន​ដុល្លារ ទៅ​ឲ្យ​​អតិថិជន​ម្នាក់។ វា​ជា​កំណត់​ត្រា​តម្លៃ​ថ្មី​មួយ​សម្រាប់​រថយន្ត Lamborghini។

​និយាយ​អំពី​​លោក ​​​Teodorin វ័យ ៥១ ឆ្នាំ​ឯណោះ​វិញ ត្រូវ​បាន​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​​ព្រះ​រាជអាជ្ញា​ស្វីស ចំពោះ​ការ​លាង​លុយ​ខ្មៅ និង​ប្រើ​មូលនិធិ​សាធារណៈ​ដោយ​មិន​ត្រឹម​ត្រូវ ប៉ុន្តែ​​រឿង​​ក្ដី​​នេះ​ត្រូវ​បាន​រំសាយ​ចោល​​កាល​ពី​ខែ​កុម្ភៈ។ ​​ព្រះ​រាជអាជ្ញា​និយាយ​ថា​ការ​បិទ​ការ​ស៊ើបអង្កេត​នេះ ជា​ផ្នែក​មួយ​នៃ​ការ​យល់​ព្រម​​របស់ Teodorin ក្នុង​ការ​លក់​រថយន្ត​របស់​ខ្លួន​ដើម្បី​ដល់​​កម្មវិធី​សង្គម​ក្នុង​ប្រទេស​ខ្លួន៕

ចុចអាន ៖ រថយន្ត​មួយ​ផលិត​ដោយ​ចិន​ មិន​ចាញ់​ Rolls-Royce សូម្បីមេដឹកនាំចិនក៏ជិះ

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង