មូលហេតុ​មួយចំនួន​ធ្វើឲ្យ​អត្រាកំណើត​នៅជប៉ុន​ធ្លាក់ចុះ​

  • 2019-10-09 04:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អត្រា​កំណើត​របស់​ប្រទេសជប៉ុន​កំពុង​ប្រឈមនឹង​ការ​ធ្លាក់​ចុះ​ខ្លាំង​ គិតពីខែ​មករា ដល់ខែ​កក្កដា ឆ្នាំ២០១៩ អត្រាកំណើត​បាន​ធ្លាក់ចុះ​ចំនួន​៥,៩​ភាគ​រយ ស្របពេល​ដែល​ចំនួន​ស្រ្តីដែល​មាន​អាយុ​អាច​មាន​កូន​បានកំពុង​ធ្លាក់ចុះ ស្រ្តី​ជាច្រើន​ផ្សេង​ទៀត​ពន្យាពេល​យក​កូន និង​ស្រ្តី​ខ្លះទៀត​សម្រេច​ចិត្ត​​មិន​យក​កូន​តែម្ដង។

ក្នុង​ឆ្នាំ​២០១៨ ចំនួន​ក្មេង​កើត​បាន​៩១៨ ៣៩៧​នាក់ តែ​នៅ​រយៈពេល​ប្រាំពីរ​ខែ​ដើម​ឆ្នាំ២០១៩​នេះ​ទើប​កើត​បាន​ចំនួន​៥១៨ ៥៩០​នាក់​ប៉ុណ្ណោះ ដែល​កំណើននេះ​ទាបជាង​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល​។

ការ​ធ្លាក់​ចុះនៃអត្រាកំណើត​នេះ​មាន​តាំងពីទសវត្សរ៍​ឆ្នាំ១៩៧០​ មក​ម្លេះ​នៅប្រទេសជប៉ុន​ មក​ដល់​ឆ្នាំ២០០៥ ​អត្រាកំណើតមាន​ត្រឹម១,២៦​ភាគរយ និង​នៅ​ឆ្នាំ​២០១៨ បាន​ឡើង​បន្តិច​វិញ​មក​ត្រឹម​១,៤២​ភាគរយ​ ខណៈ​រដ្ឋាភិបាល​ចង់បាន​អត្រាកំណើត​ក្នុង​រង្វង់​១,៨​ភាគ​រយ។

ទិន្ន័យ​រដ្ឋាភិបាល​បញ្ជាក់ថា​ស្រ្តី​ជា​ច្រើន​បាន​ពន្យាពេល​យក​កូន​ដោយ​សារអ្នកទាំងនោះ​ជាប់​រវល់​នឹង​ការងារ​។ កាលពី​ឆ្នាំ១៩៧០​ ស្រ្តី​យកកូន​នៅ អាយុ​២៥,៦​ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨ នៅ​អាយុ​៣០,៧​ឆ្នាំ។

ជប៉ុន​ជា​ប្រទេស​ដែល​មាន​មនុស្ស​វ័យចំណាស់​ច្រើនជាង​គេ​មួយ​នៅ​លើ​ពិភព​លោក ពោល​គឺ​មនុស្ស​មាន​វ័យ​៦៥​ឆ្នាំ​ឡើង​មាន​រហូត​ដល់​២៨ភាគរយ។ ចំនួន​ប្រ​ជា​ជន​ជប៉ុន​នៅ​ឆ្នាំ២០១៨ មាន​១២៦​លាន​នាក់ ​ហើយ​បើអត្រា​​កំណើត​នៅតែ​ទាប​បែបនេះ នៅ​ឆ្នាំ២០៦៥​ចំនួន​ប្រជា​ជន​ជប៉ុន​នឹង​ធ្លាក់​មក​ត្រឹម​៨៨​លាន​នាក់​វិញ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ទូច សុខា