ប្រកាស​ធ្វើ​តន្ត្រី​សប្បុរស​ធម៌ រក​មូលនិធិ​សម្រាប់​ទុក​ព្យាបាល​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ទឹក​ខ្វះ​លទ្ធភាព​បំផុត

  • 2019-10-09 10:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​ពាក់​ព័ន្ធ​មាន The Lake Clinic និង​ក្រុម​សហស្សវត្ស​មនុស្ស​ធម៌​បាន​ប្រកាស​បើក​កម្មវិធី​តន្ត្រី​សប្បុរសធម៌​មួយ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ដើម​ខែ​វិចិ្ឆកា​ខាង​មុខ​នេះ ដើម្បី​រក​មូលនិធិ​សម្រាប់​ទ្រទ្រង់​គម្រោង​ផ្ដល់​សេវា​កម្ម​ថែ​ទាំ​សុខ​ភាព​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​ទឹក ដែល​ពួក​គេ​ជួប​ការ​ប្រឈម​ជា​ច្រើន។

កម្មវិធី​តន្ត្រី​សប្បុរសធម៌ ត្រូវ​បាន​ហៅ​ថា "ដើម្បី​ក្ដី​ស្រឡាញ់​លើក​ទី​៣" គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៨ វិច្ឆិកា ២០១៩​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ(CKCC)។ លោក ចន ម៉ហ្គេន នាយក​ប្រតិបត្តិ​អង្គការ "ទន្លេ​គ្លីនិក" ដែល​ផ្ដួច​ផ្ដើម​កម្មវិធី​តន្ត្រី​ខាង​លើ បាន​ឲ្យ​ដឹង​ថា តន្ត្រី​សប្បុរសធម៌​នា​ពេល​ខាង​មុខ​នេះ គឺ​ដើម្បី​រក​មូលនិធិ​ផ្គត់ផ្គង់​ឲ្យ​ប្រតិបត្តិការ​របស់​អង្គការ ផ្ដល់​សេវាកម្ម​ថែ​ទាំ​សុខ​ភាព​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​ទឹក ពិសេស​តំបន់​ដាច់​ស្រយាល ដែល​ពួក​គេ​មាន​ការ​ប្រឈម​បំផុត​លើ​ផ្នែក​សុខ​ភាព​នេះ។

និយាយ​ពី​អង្គការ "ទន្លេ​គ្លីនិក " ឬ “The Lake Clinic” ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៧។កំណកំណើត​នេះ ក្រោយ​ពី​លោក ចន បាន​ចុះ​ធ្វើ​ការ​ក្រោម​គម្រោង​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​នៅ​ក្នុង​តំបន់​ដាច់ស្រយាល​លើ​ផ្ទៃ​ទឹក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប ដោយ​ពេល​នោះ លោក​បាន​ឃើញ​ប្រជាពលរដ្ឋ​រស់​លើ​ទឹក​ជួប​ការ​លំបាក​ជា​ច្រើន។ បុរស​ជនជាតិ​អាមេរិក បន្ត​ថា បង​ប្អូន​រស់​នៅ​លើ​ផ្ទៃ​ទឹក​នៅ​តំបន់​ទាំង​នោះ សុទ្ធ​ជា​ពលរដ្ឋ​ក្រីក្រ ដែល​មួយ​គ្រួសារ​អាច​រក​ចំណូល​បាន​ត្រឹម ២ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ។ ពួក​គេ​ទាំង​នោះ ហើយ​មាន​ការ​ប្រឈម​ខ្លាំង​បំផុត​លើ​ផ្នែក​សុខ​ភាព ពី​ព្រោះ​សុទ្ធ​ជា​តំបន់​ដាច់​ស្រយាល​ខ្លាំង មិន​មាន​មជ្ឈមណ្ឌល​ផ្ដល់​សេវា​សុខ​ភាព​របស់​រដ្ឋ​ទៅ​ដល់​ឡើយ។

លោក ចន ម៉ហ្គេន នាយក​ប្រតិបត្តិ​អង្គការ "ទន្លេ​គ្លីនិក"

ភាគ​ច្រើន​បំផុត​ពលរដ្ឋ​ទាំង​នោះ ទាំង​កុមារ និង​មនុស្ស​ពេញ​វ័យ គឺ​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន​ដូច​ជា កង្វះ​អាហារូបត្ថម្ភ ជំងឺ​ស្ត្រេស្ត ជំងឺ​ឡើង​សំពាធ​ឈាម​ជា​ដើម។ ឃើញ​ពី​ការ​លំបាក​នេះ លោក​ក៏​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​អង្គការ​គ្លីនីក​ទន្លេ​នេះ​ឡើង ដើម្បី​ជួយ​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​ទឹក​ដាច់​ស្រយាល​ទាំង​នោះ​ដោយ​មិន​គិត​ថ្លៃ ក្នុង​នោះ ក្រោយ​ពី​បង្កើត​បាន​១​ឆ្នាំ គឺ​នៅ​ឆ្នាំ ២០០៨ ទើប​អង្គការ​ចេញ​ធ្វើ​ប្រតិបត្តិការ​ផ្ដល់​ការ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ ២០០៨ ក្រោម​ជំនួយ​ពី​គម្រោង​របស់ ADB។

បន្ថែម​ពី​នេះ អង្គការ​បាន​​ទទួល​មូលនិធិ​សម្រាប់​ទ្រទ្រង់​អង្គការ​នេះ គឺ​បាន​ពី​ជំនួយ​សប្បុរស​ពី​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។ យ៉ាង​ណា មិន​ទាន់​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​អង្គការ​មួយ​នេះ មាន​ស្ថិរភាព​ផ្នែក​ហិរញ្ញ​ នៅ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​ដួល​រលំ​អង្គការ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ កាន់​តែ​លំបាក​ថែម​ទៀត។

លោក ម៉ហ្គេន លើក​ឡើង​ថា តាំង​ពី​បង្កើត​មក​អង្គការ​គ្លីនិក​ទន្លេ ជួប​ការ​លំបាក​ជា​ច្រើន បញ្ហា​ធំ​បំផុត​គឺ​ហិរញ្ញវត្ថុ​ទ្រទ្រង់​នេះ។ ក្រៅ​ពី​នេះ ក៏​ខ្វះ​ទីតាំង​សម្រាប់​ឈរ​ជើង​នៅ​ក្នុង​តំបន់​គោលដៅ​ផង​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល។ លោក​ថា សកម្មភាព​ខ្លះ អង្គការ​របស់​លោក​ត្រូវ​ធ្វើ​ដំណើរ​តាម​ទឹក​រហូត​ដល់​ជាង ១០០​គីឡូ​ដើម្បី​ទៅ​ផ្ដល់​សេវា​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទាំង​នោះ។

“ចំណុច​សំខាន់​មួយ​ទៀត ខ្ញុំ​ពេល​នេះ វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ ខ្ញុំ​ខ្លាច​អត់​ពី​ខ្ញុំ​ទៅ​អង្គការ​អាច​នឹង​ដួល​រលំ"។ លោក ចន ថ្លែង។

លោក ចន ម៉ហ្គេន ជា​ជន​ជាតិ​អាមេរិក​មាន បច្ចុប្បន្ន​លោក​មាន​វ័យ ៦៧​ឆ្នាំ​ទៅ​ហើយ ហើយ​រាង​កាយ​ក៏​ទ្រុឌ​ទ្រោម​ថែម​ទៀត។ តាម​លោក ម៉ៅ លីហេង ជា​ប្រធាន​ក្រុម​សហស្សវត្ស​មនុស្ស​ធម៌ និង​ជា​អ្នក​ដឹកនាំ​គម្រោង​របស់​គ្លីនិក​ទន្លេ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​ស្ថានភាព​ជរាភាព លោក ចន ចង់​ប្រគល់​ការងារ​ដឹក​នាំ​អង្គការ​គ្លីនិក​ទន្លេ មក​ឲ្យ​ជន​ជាតិ​កម្ពុជា ប៉ុន្តែ​អ្វី​ៗ​នៅ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​បញ្ហា​ស្ថិរភាព​ហិរញ្ញវត្ថុ ទើប​លោក​បន្ត​ពុះពារ​ខ្លួន​ឯង​យ៉ាង​លំបាក​បណ្ដោះ​អាសន្ន​ទៀត​សិន។

រូបភាព​អង្គការ​គ្លីនីក​ទន្លេ

ជាមួយ​គ្នា ក្រៅ​ពី​ជំនួយ​ពី​ផ្នែក​ផ្សេង​ៗ ដែល​មិន​អាច​រំពឹង​ទុក​បាន អង្គការ ក៏​ព្យាយាម​ពុះពារ​រក​មូលនិធិ​ពី​សប្បុរសជន​ក្នុង​ស្រុក ទើប​ត្រូវ​រៀប​ចំ​កម្មវិធី​តន្ត្រី​សប្បុរស​ខាង​លើ​នេះ​ឡើង ដោយ​សង្ឃឹម​ថា សប្បុរស​ជន​នានា​នឹង​ចូល​រួម​ឧបត្ថម្ភ​ដែល​អាច​ធ្វើ​បាន​តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ដោយ​ផ្ទាល់ ឬ​ក៏​ជាវ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​ខាង​លើ។ លោក លីហេង បន្ត​ថា ពួក​លោក​បាន​ធ្វើ​២​លើក​រួច​មក​ហើយ ប៉ុន្តែ​មិន​ទទួល​ជំនួយ​ដុំ​កំភួន​ទេ ពោល​គឺ​លើក​ចុង​ក្រោយ​រក​មូលនិធិ​បាន​ត្រឹម​ជាង ៨០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

យល់​ពី​ការ​លំបាក​ទាំង​ឡាយ​របស់​អង្គការ និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ផ្ទៃ​ទឹក​អំពី​ការ​ប្រឈម​សុខ​ភាព លោក យឹង យន បាន​ស្ម័គ្រ​ចូល​រួម​ច្រៀង​ដោយ​មិន​គិត​ថ្លៃ​ដើម្បី​ជួយ​រក​មូលនិធិ​ទ្រទ្រង់​សកម្មភាព​ខាង​លើ។ "ឃើញ​ពី​ការ​លំបាក​របស់​ពួក​គាត់ ខ្ញុំ​ពេញ​ចិត្ត​ក្នុង​កិច្ចការ​នេះ លោក ចន គាត់​ជា​ជនជាតិ​អាមេរិក តែ​គាត់​សុខ​ចិត្ត​ចំណាយ​កម្លាំង​មក​ជួយ​ពលរដ្ឋ​ខ្មែរ ឯ​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​គ្រាន់​តែ​ចូល​រួម​មួយ​ថ្ងៃ​ច្រៀង ២-៣ បទ​ជួយ គឺ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ"។

ការ​ប្រគំ​តន្ត្រី "ដើម្បី​ក្ដី​ស្រឡាញ់​លើក​ទី​៣" ធ្វើ​នៅ​ថ្ងៃ​ទី ៨ វិច្ឆិកា​ខាង​មុខ ក្នុង​នោះ​មាន​កម្មវិធី​ច្រៀង​ចម្រៀង​ដោយ​លោក យឹង យន ការ​សម្ដែង​ក្រុម​សិល្បៈ​កុមារ​របស់​អង្គការ​មួយ ការ​ដាក់​តាំង​រូប​ថត និង​ដេញ​ថ្លៃ​លក់​គំនូរ​ផង​ដើម្បី​បាន​មូលនិធិ​ទ្រទ្រង់​គម្រោង​ខាង​លើ។ ក្រុម​អ្នក​រៀប​ចំ សំណូម​ពរ​យ៉ាង​ទទូច​ឲ្យ​សប្បុរស​ជន​ក្នុង​ស្រុក​ចូល​រួម​គាំទ្រ​កម្មវិធី​ខាង​លើ ពិសេស​ឯកឧត្ដម លោក​ឧកញ៉ា សូម​ជួយ​បរិច្ចាគ​ដើម្បី​បន្ត​និរន្តរភាព​គម្រោង​ផង៕

អត្ថបទ៖ ទារិកា