មេ Huawei ៖ "HarmonyOS នឹងប្រជែងជាមួយ iOS ក្នុងពេល ២-៣ ឆ្នាំទៀត”
- 2019-10-16 02:29:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Huawei ៖ "HarmonyOS នឹងប្រជែងជាមួយ iOS ក្នុងពេល ២-៣ ឆ្នាំទៀត”
ចន្លោះមិនឃើញ
ក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្ដី Fortune កាលពីខែកញ្ញា ស្ថាបនិក Huawei លោក Ren Zhengfei បានបង្ហាញការជឿជាក់ថា HarmonyOS ដែលក្រុមហ៊ុនខ្លួនផលិតឡើង នឹងអាចប្រជែងជាមួយគូប្រកួតខ្លាំងដូចជា iOS របស់ Apple។
“ខ្ញុំគិតថាក្នុងពេល ២ ទៅ ៣ ឆ្នាំខាងមុខ HarmonyOS នឹងអាចប្រកួតនឹង iOS។ យើងត្រូវដាក់សម្ពាធបន្ថែមលើបុគ្គលិក។ បច្ចុប្បន្ន Huawei នៅតែសង្ឃឹមថាអាចបន្តការសហការជាមួយ Google។” នេះជាការលើកឡើងរបស់លោក Ren Zhengfei។
ផ្អែកតាមស្ថាបនិករូបនេះ ក្រុមហ៊ុន Huawei បានជួបប្រទះការថយចុះចំណូលពីជំនួញស្មាតហ្វូនប្រមាណ ១០ ពាន់លានដុល្លារ។ ហេតុផលធំគឺដោយសារស្មាតហ្វូន Huawei មិនអាចប្រើប្រាស់កម្មវិធី Google បានតទៀត។
Huawei ប្រកាសអំពីចំណូលប្រចាំឆមាសដំបូងឆ្នាំ ២០១៩ ដែលឃើញថាមានការកើនឡើង ២៣,២% បើធៀបនឹងឆ្នាំមុន ទោះបីមានការរឹតបន្តឹងការរកស៊ីជាមួយក្រុមហ៊ុនអាមេរិក ពីសំណាក់រដ្ឋាភិបាលអាមេរិកក្ដី។
កាលពីដើមខែសីហា Huawei បានបង្ហាញចេញប្រព័ន្ធប្រតិបត្តិការ Harmony ដែលដើរតួសំខាន់ក្នុងផ្នែក IoT ជួយពង្រឹងប្រព័ន្ធអេកូរបស់ Huawei។ HarmonyOS អាចធ្វើការភ្ជាប់ទំនាក់ទំនងរវាងគ្រឿងអេឡិចត្រូនិកជាច្រើន មានចាប់ពីស្មាតហ្វូន កុំព្យូទ័រយួរដៃ រថយន្ត ទូរទស្សន៍ និងនាឡិកាវៃឆ្លាតជាដើម៕
ចុចអាន ៖ iPhone 11 Pro បានពិន្ទុសំឡេងទាបជាង iPhone XS Max