ផ្លូវថ្មី១ខ្សែ ជួយឲ្យអ្នកនៅកំបូល និងពោធិសែនជ័យ ទៅ AEON 2 កាន់តែជិតជាងមុន
- 2019-10-16 10:27:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវថ្មី១ខ្សែ ជួយឲ្យអ្នកនៅកំបូល និងពោធិសែនជ័យ ទៅ AEON 2 កាន់តែជិតជាងមុន
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋរស់នៅប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជាអ្នកនៅខណ្ឌកំបូល និងពោធិសែនជ័យ នឹងមានជម្រើសផ្លូវថ្មីមួយទៀតសម្រាប់ធ្វើដំណើរនាពេលដ៏ខ្លីខាងមុខ គឺកំណាត់ផ្លូវ ៩២ ភ្ជាប់ពីចំណុចផ្លូវឧកញ៉ាទ្រីហេង ដល់ផ្លូវ១០៥ K ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដែលបានចុះពិនិត្យការស្ថាបនា កាលពីព្រឹកថ្ងៃទី១៦ ខែតុលានេះ បានឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនានេះ គឺតភ្ជាប់ពីសង្កាត់ក្រាំងធ្នង់ មកសង្កាត់គោកឃ្លាង ចម្ងាយ ២៧០០ម៉ែត្រ។ សម្រាប់ផ្លូវថ្មីនេះ នឹងជួយបញ្ចៀសចរាចរណ៍បានច្រើនពីផ្លូវសហព័ន្ធរុស្សី ព្រោះអ្នកចង់ធ្វើដំណើរទៅលេង AEON ២ អាចបត់ចូលតាមមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមច្រកក្លោងទ្វារវត្តតាំងកសាង មកចេញជិតផ្លូវហាណូយតែម្ដង។
ចំណែកលោក ឈីម ឈានី តំណាងបុរីភ្នំពេញថ្មី ដែលជាអ្នកស្ថាបនាផ្លូវខាងលើនេះ បានឲ្យដឹងដែរថា នៅពេលនេះគឺរួចរាល់បាន ៥០% ហើយ អាចនឹងចំណាយពេលប្រហែល ២ខែទៀត ដើម្បីបញ្ចប់ការស្ថាបនាទាំងស្រុងតែម្ដង។ ចំពោះផ្លូវដែលកំពុងស្ថាបនានេះ គឺមានទទឹង១២ម៉ែត្រ កម្រាស់ ២តឹក និងមានដាក់លូទំហំ១ម៉ែត្រតាមបណ្ដោយផ្លូវថែមទៀតផង។ ការចំណាយលើការស្ថាបនានេះប្រហែលជិត ២លានដុល្លារ។
តំណាងបុរីភ្នំពេញថ្មីខាងលើនេះបន្ថែមទៀតថា ផ្លូវដែលកំពុងស្ថាបនានេះនឹងអាចជួយដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ ឲ្យបានស្រួលជាងមុន ព្រោះពីមុនជាផ្លូវដី តូចចង្អៀតពិបាកក្នុងការធ្វើដំណើរ៕