គ្រប់មជ្ឈដ្ឋានគាំទ្រចំណាត់ការរាជរដ្ឋាភិបាល ទិញយកក្រុមហ៊ុនសម្រាមស៊ិនទ្រី
- 2019-10-22 07:45:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់មជ្ឈដ្ឋានគាំទ្រចំណាត់ការរាជរដ្ឋាភិបាល ទិញយកក្រុមហ៊ុនសម្រាមស៊ិនទ្រី
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋ និង សង្គមស៊ីវិលបានសម្ដែងការគាំទ្រលើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការទិញយកក្រុមហ៊ុនស៊ិនទ្រី បន្ទាប់ពីមានមតិរិះគន់ថា ក្រុមហ៊ុនមួយនេះ មានភាពអសកម្មលើការគ្រប់គ្រងប្រមូលសម្រាមកន្លងមកង។ ការប្រកាសគាំទ្រនេះ ធ្វើឡើងបន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកាលពីព្រឹកថ្ងៃទី២២ ខែតុលា ថា ដើម្បីជួយសម្រួលកុំឲ្យក្រុមហ៊ុនសំរាម ស៊ីនទ្រីត្រូវខាតបង់នោះ រដ្ឋនឹងទិញយកសម្ភារៈ និងបុគ្គលិករបស់ក្រុមហ៊ុន ជារបស់រដ្ឋ បន្ទាប់មកនឹងមានការរៀបចំការដេញថ្លៃឲ្យមានក្រុមហ៊ុមសម្រាមយ៉ាងតិច៤។
លោក ស៊ីថូ ប្រជាពលរដ្ឋរស់នៅម្ដុំចំការដូង បានប្រាប់ Sabay ថា កន្លងមកការគ្រប់គ្រងសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី កន្លងមកមិនសូវបានល្អ គឺមានការយឺតយ៉ាវ និងការប្រមូលសម្រាមមិនសូវទៀងទាត់ ជាដើម។ “ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់សម្ដេច ខ្ញុំសង្ឃឹមថា ការគ្រប់គ្រងសំរាមនៅពេលខាងមុខបានល្អប្រសើរជាងបច្ចុប្បន្ននេះ"។
លោក រស់ គង់ រស់នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានប្រាប់ Sabay តាមរយៈឆាតហ្វេសបុកថា ចំពោះការប្រមូលសម្រាមកន្លងមករបស់ក្រុមហ៊ុនស៊ិនទ្រី គឺយឺតយ៉ាវ និងមិនមានពេលវេលាជាក់លាក់នោះទេ។ «ជួនកាលមកយកមួយថ្ងៃរំលងមួយថ្ងៃ ជួនកាល៤ ឬ៥ថ្ងៃមកយកម្ដង។ ជួនព្រឹក ជួនថ្ងៃ ហើយមិនសូវផ្ដល់សញ្ញាដំណឹងមុនទេ... ប្រជាពលរដ្ឋយួរសម្រាមរត់តាមក៏មាន ព្រោះពួកគេប្រមូលលឿនៗ។ អ្នកតាមមិនទាន់ត្រូវទុកសម្រាមបន្ដ ២-៣ថ្ងៃទៀត។»
ប្រភពដដែលបានបន្ដទៀតថា «ការប្រមូលសម្រាមច្រើនធ្វើនៅម៉ោង ៧-៨ព្រឹក នៅលើដងផ្លូវមួយចំនួនដែលចង្អៀតស្រាប់ គាត់បែរជាចេញយកសម្រាមដែរ ដែលធ្វើឲ្យកាន់តែកកស្ទះម៉ោងទៅធ្វើការ-ម៉ោងចូលរៀន...។»
«ចំពោះវិធានការរបស់រាជរដ្ឋាភិបាល...ខ្ញុំគាំទ្រពេញទំហឹង ព្រោះសេវាកម្មរបស់ក្រុមហ៊ុនស៊ិនទ្រីយូរឆ្នាំហើយ ហើយក៏មានរឿងអវិជ្ជមានកើតឡើងញឹកញាប់ដែរ ទាំងការប្រមូលសម្រាម និងការអនុវត្តច្បាប់ស្ដីពីការងារចំពោះបុគ្គលិកផង។ ខ្ញុំចង់ឲ្យក្រុមហ៊ុនប្រមូលសម្រាមគួរត្រូវបានកំណត់អាណ្ណត្តិ ធ្វើការដេញថ្លៃឲ្យបានច្បាស់លាស់ និងកុំយូរពេក..ដើម្បីបង្កើនការបំពេញការងារឲ្យបានល្អប្រសើរ»។
តើផ្នែកសង្គមស៊ីវិលមានទស្សនៈបែបណាជុំវិញការគ្រប់គ្រងសម្រាម និងវិធានការរបស់សម្ដេចតេជោ? លោក សន ជ័យ អ្នកឃ្លាំមើលបញ្ហាសង្គម និងជានាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គម បានបញ្ចេញទស្សនៈថា «កន្លងមកយើងមើលឃើញថា ស៊ិនទ្រី គឺជាតួអង្គប្រមូលសំរាមផង និងជាតួអង្គធ្វើឲ្យមានទឹកស្អុយផង នៅលើដងផ្លូវ ដែលធ្វើឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ការប្រមូលសំរាមយឺត ដូច្នេះការបង្កើតឲ្យមានតួអង្គប្រមូលសម្រាមកាន់តែច្រើនទាំងនៅក្នុងក្រុង និងបណ្ដាខេត្តគឺជារឿងល្អ ដែលត្រូវកើតមាន»។
«ប្រសិនបើមានស៊ិនទ្រីតែមួយនោះ ស៊ិនទ្រី ដូចជាជិះសេះលែងដៃ ដូច្នេះប្រសិនបើមានក្រុមហ៊ុនសម្រាមច្រើនចូលរួមប្រកួតប្រជែងដេញថ្លៃ ដូច្នេះការប្រកួតប្រជែងនេះមានសារៈសំខាន់ណាស់ទាំងវិស័យឯកជន និងវិស័យសាធារណៈ»។ លោក សន ជ័យ បន្ថែម។
«ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។» នេះជាការលើកឡើងរបស់ ឯកឧត្តម នេត ភក្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ប៉ុន្ដែឯកឧត្តមបានស្នើសុំ មិនមានអត្ថាធិប្បាយអ្វីបន្ថែមលើបញ្ហានេះ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដកយកសិទ្ធិគ្រប់គ្រងរបស់ក្រុមហ៊ុនស៊ីនទ្រីមកវិញ មកក្រោមការកាន់កាប់របស់រដ្ឋ ប៉ុន្តែមិនឱ្យក្រុមហ៊ុននេះខាតបង់ឡើយ រួចដាក់ដេញថ្លៃដោយឱ្យមានការចូលរួមពីក្រុមហ៊ុនឯកជនផ្សេងៗ ដោយចែកតំបន់គ្នាគ្រប់គ្រង។
ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងយ៉ាងដូច្នេះថា៖ «បើមិនបែងចែកតំបន់ទេ គឺអត់ទៅរួចទេ ទុកឱ្យស៊ីនទ្រីបន្ត គឺអត់បានទេ។ ចឹងជម្រើសត្រូវបែងចែកជាតំបន់ ហើយឱ្យមានក្រុមហ៊ុនយ៉ាងតិច៣ ប៉ុន្តែយល់ល្អ៤ នៅក្នុងទីក្រុងភ្នំពេញ។ បើស៊ីនទ្រីមិនកម្រើកដៃ សំរាមពេញក្រុង»៕