ហ្គេមដាក់កាក់ដ៏ពេញនិយមទាំង ៥ ឃើញហើយញញឹមនឹកដល់កុមារភាពភ្លាម
- 2019-11-04 09:29:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមដាក់កាក់ដ៏ពេញនិយមទាំង ៥ ឃើញហើយញញឹមនឹកដល់កុមារភាពភ្លាម
ចន្លោះមិនឃើញ
ថ្ងៃនេះ ទំព័រនេះ Sabay សុំរំលឹកពីអនុស្សាវរីយកុមារភាពបន្តទៀតគឺហ្គេមដាក់កាក់(Video Game Arcade Cabinet) ទាំង ៥ ដែលទទួលបានការពេញនិយមបំផុតក្នុងជំនាន់ទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ ហើយប្រិយមិត្តប្រាកដជាស្គាល់ និងធ្លាប់បានកម្សាន្តហ្គេមទាំងនោះ និងទទួលបានអនុស្សាវរីយជាច្រើន មានទាំងភាពរំភើបសប្បាយរីករាយ រួមទាំងអនុស្សាវរីយជូរចត់ផងដែរ។
១. បើនិយាយពី Warrior of Fate ប្រហែលប្រិយមិត្តមិនស្គាល់ទេ តែបើនិយាយពីហ្គេមសាមកុកវិញធានាថាប្រិយមិត្តជាច្រើនធ្លាប់បាន ស្គាល់។ សាមកុក គឺជាប្រភេទហ្គេមវាយគ្នាជាមួយសត្រូវជាច្រើន ដោយគ្មានប្រើយុទ្ធសិល្បអ្វីទាំងអស់។ សម្រាប់ហ្គេមនេះ អ្នកត្រូវជ្រើសរើសតួអង្គមួយក្នុងចំណោមតួអង្គទាំង៥ ដើម្បីទៅបំពេញបេសកកម្មទាំង៩។
Warrior of Fate
២. អាពាក់មួក ឬ Cadillac and Dinosaurs គឺជាប្រភេទហ្គេមដើរវាយសត្រូវ និងមេកំណាចដោយគ្មានប្រើយុទ្ធសិល្បអ្វីទាំងអស់ ប៉ុន្តែអ្នកអាចប្រើកាំភ្លើងបាន។ អ្នកអាចជ្រើសរើសតួអង្គមួយក្នុងចំណោមតួអង្គទាំង៤ ដើម្បីបំពេញបេសកកម្មទាំង៨ វគ្គ។ ក្នុងការកម្សាន្ត ប្រិយមិត្តអាចធ្វើការសហការគ្នាបានរហូតដល់ទៅ៣នាក់ ក្នុងការកម្ចាត់សត្រូវ។
Cadillac and Dinosaurs
៣. Street of Fighter II ឬ ហ្គេម អាខេន គឺជាប្រភេទហ្គេមវាយគ្នា មួយទល់នឹងមួយ។ ក្នុងការកម្សាន្ត ប្រិយមិត្តអាចជ្រើសរើសតួអង្គមួយក្នុងចំណោមតួអង្គជាច្រើន ដើម្បីប្រយុទ្ធតទល់ជាមួយនឹងតួអង្គដែលអ្នកកម្សាន្តមិនបានរើស ដែលតួអង្គទាំងអស់សុទ្ធតែមានយុទ្ធសិល្បពិសេសរៀងៗខ្លួន។ សម្រាប់ហ្គេមនេះ អ្នកក៏អាចធ្វើការប្រយុទ្ធជាមួយ អ្នកកម្សាន្តដូចគ្នាបានដែរ (ភាសាសម្រាប់អ្នកកម្សាន្ត គឺ ដាក់សម្លាប់ ឬ ចាក់សម្លាប់)។
Street of Fighter II
៤. អា Rambo វគ្គ I ឬ Metal Slug I គឺជាប្រភេទហ្គេមដែលតម្រូវឲ្យអ្នកកម្ចាត់សត្រូវដោយប្រើកាំភ្លើង ក៏ដូចជាត្រូវគេចពីគ្រាប់កាំភ្លើងរបស់សត្រូវផងដែរ។ លើសពីនេះ អ្នកប្រយុទ្ធក៏អាចធ្វើការសម្លាប់សត្រូវដោយប្រើកាំបិតផងដែរនៅ ពេលដែលអ្នកនៅជិតសត្រូវ។ អ្វីដែលពិសេសជាងនេះទៅទៀត អ្នកប្រយុទ្ធ អាចមានយានជំនិះជំនួយក្នុងការកម្ចាត់សត្រូវ នោះគឺ អារថក្រោះ SV-001 ដែលអាចរងគ្រាប់ពីសត្រូវបាន៣ដង និងមានគ្រាប់បាញ់ដែលមានកម្លាំងខ្លាំង និងបាញ់មិនចេះអស់គ្រាប់។ សម្រាប់ហ្គេមនេះ អ្នកប្រយុទ្ធអាចចាប់ដៃគ្នាបាន ២នាក់ ដើម្បីកម្ចាត់សត្រូវដែលមានរហូតដល់ទៅ៦វគ្គ។
Metal Slug I
៥. ហ្គេម ៩៦ ឬ King Of Fighter ’96 គឺជាប្រភេទហ្គេមវាយគ្នាដោយប្រើយុទ្ធសិល្ប។ ក្នុងការកម្សាន្តហ្គេមនេះ អ្នកប្រយុទ្ធអាចជ្រើសអ្នកប្រយុទ្ធបានដល់ទៅ ៣រូប ដែលក្នុងតម្រូវឲ្យតួអង្គទាំង៣ នោះវាយគ្នា មួយទល់នឹងមួយជាមួយសត្រូវ៣ ផ្សេងទៀត។ បើសិនជាតួអង្គដែលប្រិយមិត្តបានដាក់លេខរៀងទីមួយបានសម្លាប់ សត្រូវទីមួយ តួអង្គអ្នកនឹងត្រូវបានឲ្យវាយបន្តជាមួយនឹងតួអង្គទី២ របស់សត្រូវ។ គួរបញ្ជាក់ផងដែរ តួអង្គនីមួយៗ សុទ្ធតែមានយុទ្ធសិល្បពិសេសរៀងៗខ្លួន។
King of Fighter '96
ក្នុងចំណោមហ្គេមទាំងលើ តើហ្គេមមួយណា ដែលប្រិយមិត្តបានសាងអនុស្សាវរីយជាមួយកាលពីកុមារភាព?