ក្រុមហ៊ុន Huawei អំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើនល្បឿនឌីជីថលភាវូបនីយកម្មអាស៊ាន

  • 2019-11-16 05:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០១៩ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ទី​ក្រុង​បាងកក លោក James Wu ប្រធាន​ក្រុមហ៊ុន Huawei ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ខិតខំ​រួម​គ្នា​មួយ​នៅ​តាមបណ្តាប្រទេសនិងឧស្សាហកម្ម ដើម្បី​ពន្លឿន​ឌីជីថលភាវូបនីយកម្មនៅក្នុងអាស៊ាននិងចាប់យកឱកាសពីបច្ចេកវិទ្យា 5G, Cloud និង AI ។

លោក James Wu ទីបីរាប់ពីស្ដាំដៃ

លោក Wu បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សាស្តី​ពី “ចក្ខុវិស័យរបស់នាយកប្រតិបត្តិអាស៊ាន ២០២០ -ASEAN CEO’s Vision 2020 & Beyond” ថា ៖ “ឆ្នាំ ២០២០ នឹង​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មានវិទ្យា​ (ICT) របស់​អាស៊ាន ព្រោះ​វា​ជា​ឆ្នាំ​ដែល​កត់​សម្គាល់​ពី​ការ​ចាប់ផ្តើម​នៃ​ភាព​ទូលំទូលាយ​នៃ​ការ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​បច្ចេកវិទ្យា 5G ។ វា​គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​យុគ​សម័យ​ឆ្លាត​វៃ ដែល​អាច​ជំរុញ​ភាព​ច្នៃប្រឌិត​របស់​យុវជន​ជំនាន់​ក្រោយ​របស់​អាស៊ាន។

លោក​បាន​បន្ត​ថា ៖ «ប្រសិន​បើ​អ្នក​ក្រឡេក​មើល​លើ​តួលេខ​នៃ​ការអភិវឌ្ឍ​​ផ្នែក​ ICT ក្នុង​អាស៊ាន អ្នក​អាច​ឃើញ​ថា​ការ​អភិវឌ្ឍ​គឺ​ពិត​ជា​មិន​ស្មើ​គ្នា​ទេ។ ប្រទេស​ភាគ​ច្រើន​ក្នុង​តំបន់​អាស៊ាន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ចាប់ផ្តើម។ ដើម្បី​ធ្វើឱ្យ​ចក្ខុវិស័យ​ឌីជីថល​ក្លាយជាការពិត​មួយ​តម្រូវ​ឱ្យ​មានការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល ឧស្សាហកម្មនិងសង្គមទាំងមូល។»

លោក Wu បានស្នើអោយមានទស្សនវិស័យវែងឆ្ងាយ សម្រាប់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផលមួយដល់អ្នកវិនិយោគ បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងដាក់ចេញនូវគោលនយោបាយដូចជាការលើកទឹកចិត្តពន្ធដើម្បីជម្រុញសេដ្ឋកិច្ចឌីជីថលនិងផ្តល់នូវធនធាន spectrum ដ៏ប្រសើរ ក៏ដូចជាគោលនយោបាយកំណត់តម្លៃ។

បច្ចេកវិទ្យា ICT នាពេលអនាគតមិនត្រឹមតែជាប្រព័ន្ធជំនួយប៉ុណ្ណោះទេ វាថែមទាំងជាប្រព័ន្ធផលិតកម្ម និងជាប្រព័ន្ធនៃការសម្រេចចិត្តសម្រាប់ឧស្សាហកម្មទៀតផង ព្រោះវានឹងក្លាយជា platform មួយ ដែលមិនអាចខ្វះបានសម្រាប់សហគ្រាស ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការងារ ហើយទីបំផុតវាអាចជួយដល់ការស្វែងរកកំហុសហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រទីផ្សារនៃម៉ាកសញ្ញា ដើម្បីសម្របសម្រួលឲ្យកាន់តែប្រសើរចំពោះការកំណត់ពេលវេលាកិច្ចការងារ និងភាពត្រឹមត្រូវនៃការសម្រេចចិត្ត។

នៅត្រឹមឆ្នាំ ២០២៥ ដំណោះ​ស្រាយ​បច្ចេកវិទ្យាព័ត៌មាន​សម្រាប់សហគ្រាស​ទាំងអស់​នឹងត្រូវធ្វើ​ប្រតិបត្តិ​ការ​លើបច្ចេកវិទ្យា Cloud ហើយ​ជាង ៨៥% នៃ​កម្មវិធី (application) របស់​សហគ្រាស​នឹងត្រូវដាក់​ពង្រាយ​លើ cloud ។

លោកបានបន្ថែមថា ៖ «5G + Cloud + AI គឺជា​បច្ចេកវិទ្យា​ដ៏សំខាន់​ដែល​អាចជួយជំរុញដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល ។ដោយសារតែយើងមិនអាចប៉ាន់ស្មាននូវរាល់តម្រូវការអាជីវកម្មទាំងអស់ជាមុន ដូចនេះយើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធមួយដែលអាចបត់បែនបាន និងអាចឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងតម្រូវការ ក៏ដូចជាទំហំអាជីវកម្មនាពេលអនាគតក្នុងយុគសម័យឆ្លាតវៃ។»

លោក Wu បានសង្កត់ធ្ងន់ថា ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដូចជា 5G, Cloud និង AI ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឌីជីថលនៅអាស៊ាន ដោយផ្តល់ការប្រឹក្សាយោបល់អំពីយុទ្ធសាស្ត្រឌីជីថលថ្នាក់ជាតិ គាំទ្រដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនៅក្នុងឧស្សាហកម្មផ្សេង​ៗ ​បណ្តុះបណ្តាលកំលាំងពលកម្មផ្នែកឌីជីថល និងការបង្កើតប្រព័ន្ធ ecosystem នៃឧស្សាហកម្មនេះប្រកប​ដោយភាពរីកចម្រើន។

កាលពីឆ្នាំ ២០១៨ កន្លងទៅ ក្រុមហ៊ុន Huawei បានប្រកាសផែនការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងទំហំទឹកប្រាក់ ៨១ លានដុល្លារ ដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មផ្នែកឌីជីថល និងបានបង្កើតបន្ទប់ពិសោធន៍ដើម្បីបង្កើតឲ្យមានអាជីវកម្មថ្មីៗ និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌល​បណ្តុះបណ្តាល Huawei Academy នៅទីក្រុងបាងកក ដើម្បីបណ្តុះបណ្តាលទេពកោសល្យឌីជីថល និងបង្កើនល្បឿនឌីជីថលភាវូបនីយកម្មអាស៊ានផងដែរ។

លោក James Wu មានប្រសាសន៍ថា «នៅទូទាំងពិភពលោក គ្រប់សេដ្ឋកិច្ច និងឧស្សាហកម្មទាំងឡាយកំពុងប្រញាប់ប្រញាល់ចាប់យកបច្ចេកវិទ្យា 5G, Cloud និង AI ដើម្បីផ្សារភ្ជាប់ទៅនិងការប្រកួតប្រជែងហើយការវិនិយោគនេះកំពុងកើតឡើងលឿនជាងអ្វីដែលយើងរំពឹងទុកទៅទៀត។ យើងត្រូវចាប់យកយុគសម័យថ្មីនេះដើម្បីធ្វើឱ្យចក្ខុវិស័យនេះ ក្លាយជាការពិត»៕