Toyota ចេញលក់ RAV4 2021 មួយប្រភេទ កម្លាំងខ្លាំងហើយស៊ីសាំងតិចជាង RAV4 នានាទាំងអស់

  • 2019-11-20 08:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​កម្មវិធី​ Los Angeles Auto Show ក្រុមហ៊ុន Toyota បាន​បង្ហាញ​ចេញ​រថយន្ត​ RAV4 Prime ស៊េរី​ឆ្នាំ ២០២១ ដែល​វា​ជា​ប្រភេទ​រថយន្ត​ Plug-in Hybrid។

រថយន្ត​ដែល​គ្រោង​នឹង​ចេញ​លក់​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​នេះ គឺ​ជា​រថយន្ត​​ម៉ូដែល RAV4 ដែល​មាន​កម្លាំង​ខ្លាំង​បំផុត ​ស៊ី​​ប្រេង​ឥន្ធនៈ​តិច​បំផុត និង​ជា​ RAV4 ​មាន​សន្ទុះ​លឿន​បំផុត ដែល Toyota ធ្លាប់​បាន​បង្កើត។

ដើម្បី​ទទួល​បាន​លទ្ធផល​ទាំង​នេះ Toyota បាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​មុន ហើយ​អាគុយ​របស់​វា​អាច​ផ្ទុក​ថាមពល​បាន​ច្រើន​ជាង​មុន បើ​ធៀប​នឹង​ប្រភេទ Hybrid ធម្មតា។ ម៉ាស៊ីន ២,៥ លីត្រ ៤ ស៊ីឡាំង​របស់​វា​ក៏​មាន​កម្លាំង​ខ្លាំង​ជាង​ធម្មតា ដែល​បង្កើត​កម្លាំង​បាន ​​១៧៦ សេះ។

គួប​ផ្សំ​ចូល​គ្នា​ទៅ​​ម៉ាស៊ីន និង​ម៉ូទ័រ​អាច​បង្កើត​កម្លាំង​បាន​សរុប ៣០២ សេះ ដែល​​​ខ្លាំង​លើស​ប្រភេទ Hybrid ចំនួន ៨៣ សេះ។ ជា​មួយ​កម្លាំង​នេះ​អាច​ឲ្យ​ RAV4 Prime បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​តែ ៥,៨ វិនាទី។

មិន​ទាន់​ចប់​នោះ​ទេ​គឺ​ RAV4 Prime អាច​បើកបរ​ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៦៣ គីឡូម៉ែត្រ។ Toyota និយាយ​ថា​វា​ជា​រយៈ​ចម្ងាយ​ដែល​ឆ្ងាយ​ដាច់​គេ​មួយ​បើ​​មើល​លើ​រថយន្ត SUV ប្រភេទ PHEV។ បន្ថែម​ពី​នេះ​ការ​ប៉ាន់​ស្មាន​លើ​​កម្រិត​ស៊ី​ប្រេង​គឺ ១០០ គ.ម ស៊ី​ប្រេង​ប្រមាណ ២,៦ លីត្រ។

​​​រថយន្ត RAV4 Prime ឆ្នាំ ២០២១ នឹង​មាន​លក់​ក្នុង​ពីរ​ជម្រើស​គឺ SE និង XSE ដែល​មាន​ការ​លេង​គ្រឿង​ខុស​គ្នា​បន្តិច​បន្តួច។ នៅ​ផ្នែក​ខាង​ក្នុង​មាន​ចង្កូត​ស្រោប​ដោយ​ស្បែក, កៅអី​ជួរ​មុខ​មាន​មុខងារ​កម្ដៅ, អេក្រង់​បង្ហាញ ៨ អ៊ីញ និង​​មាន Amazon Alexa, Android Auto និង Apple CarPlay ផង​ដែរ។ បញ្ជាក់​ថា​តម្លៃ​លក់​នៅ​មិន​ទាន់​បង្ហាញ​ចេញ​នៅ​ឡើយ​ទេ៕​

ចុចអាន ៖ ក្រុមហ៊ុនឡានអេស្ប៉ាញ បង្ហាញរាងម៉ូតូអគ្គិសនីដំបូង ជិះបានចម្ងាយ ១១៥ គ.ម

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី