Apple ទស្សន៍ទាយ​ថា​អាចលក់ iPhone 12 បានលើសពី ១០០លានគ្រឿង

  • 2019-11-26 04:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​ Digitimes បាន​ឲ្យ​ដឹង​ថា​ Apple បាន​ប្រាប់​ដល់​ដៃ​គូ​ផ្គត់ផ្គង់​របស់​ខ្លួន​​ដោយ​រំពឹង​ថា​ការ​កុម្ម៉ង់​ទិញ iPhone 12 នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​លើស​ពី ១០០ លាន​គ្រឿង។

សម្រាប់​ឆ្នាំ ២០១៩ ម៉ូដែល iPhone 11 និង iPhone 11 Pro រំពឹង​ថា​អាច​លក់​បាន​ប្រមាណ ៨០ លាន​គ្រឿង។​ ការ​ហក់​ឡើង​ដល់​ ១០០ លាន​គ្រឿង​សម្រាប់ iPhone 12 មាន​ន័យ​ថា​តម្រូវ​ការ​មាន​ការ​កើន​ឡើង ដែល​អាច​ដោយ​ការ​វិវត្ត​ទៅ​កាន់​ 5G ហើយ iPhone 12 ក៏​រំពឹង​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​លើ​ផ្នែក Hardware បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន។

រូបតំណាង

តួ​លេខ​ដែល​ Digitimes ទទួល​បាន​ទំនង​ជា​ផ្អែក​តាម​ការ​ព្យាករណ៍​ដែល Apple ផ្ដល់​ឲ្យ​ដៃ​គូ​ផ្គត់ផ្គង់​ដើម្បី​ធ្វើ​ការ​ត្រៀម​ទុក​ជា​មុន​ក្នុង​ការ​បង្កើន​ការ​ផលិត។

​ខណៈ​ពេល​នេះ ចចាមអារ៉ាម​អំពី​ iPhone 12 ដែល​គេ​ទទួល​បាន​នោះ​គឺ វា​រំពឹង​ថា​នឹង​ទ្រាំទ្រ​នូវ​សេវា 5G (ជា​មួយ​ការ​ប្រើ​​ Modem របស់ Qualcomm) និង​មាន​នូវ​ Sensor កាមេរ៉ា​ 3D សម្រាប់​មុខងារ​ AR ហើយ​មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង iPhone 4។

អ្នក​វិភាគ​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ការ​​រីក​លូត​លាស់​យ៉ាង​រហ័ស​នៃ​ប្រព័ន្ធ 5G និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ នឹង​ជំរុញ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្ដូរ​ស៊េរី​ទូរសព្ទ។ សម្រាប់ Android មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​បញ្ចេញ​លក់​ស្មាតហ្វូន 5G រួច​ទៅ​ហើយ។ យ៉ាងណាក្ដី​ភាគ​ច្រើន​ស្មាតហ្វូន​ទាំង​នោះ​​​មាន​តម្លៃ​ថ្លៃ ហើយ​សេវា 5G មិន​ទាន់​មាន​ទូលំទូលាយ​នៅ​ឡើយ៕

ចុចអាន ៖ អនុម័ត​ច្បាប់​ថ្មី Apple ទំនង​ត្រូវ​បង្ខំ​ចិត្ត​ឈប់​លក់ iPhone ក្នុង​ប្រទេស​រុស្ស៊ី

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម