PayWay របស់ ABA ទទួលបានពានរង្វាន់ Asia eCommerce Awards ចំនួនពីរក្នុងពេលតែមួយ

  • 2019-11-26 14:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា និងជាបុត្រសម្ពន្ធធនាគារជាតិកាណាដា ទទួលបានពាន រង្វាន់ចំនួនពីរ សម្រាប់ប្រព័ន្ធទូទាត់អនឡាញ PayWay របស់ខ្លួន ពីទស្សនាវដ្ដី Marketing ដែលជាទស្សនាវដ្ដីឈានមុខគេមួយនៅអាស៊ី។

ពានរង្វាន់ទាំងពីរនេះ ត្រូវបានផ្តល់ជូនដល់ប្រព័ន្ធ PayWay ក្នុងចំណាត់ថ្នាក់ Best in eCommerce (Brands) – Banking / Financial Services និង Best eCommerce Payment Solutions។ ពានរង្វាន់ទាំងនេះ ត្រូវបានប្រគល់ជូនធនាគារក្នុងអំឡុងពេលប្រារព្វពិធី Asia eCommerce Awards 2019 ប្រចាំឆ្នាំ ដែលបានប្រព្រឹត្តិទៅនៅក្នុងប្រទេសសិង្ហបុរី កាល់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងពីធីប្រគល់ពានរង្វាន់ ទស្សនាវដ្ដី Marketing បានអបអរសាទរប្រព័ន្ធទូទាត់ប្រាក់របស់ធនាគារ ABA ថាមានអត្តសញ្ញាណពាណិជ្ជកម្មអនឡាញរឹងមាំ និងបានផ្តល់នូវដំណោះស្រាយទូទាត់អនឡាញបានយ៉ាងល្អបំផុត ជូនដល់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងឱកាសនេះ នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា “យើងពិតជាមានមោទនភាពណាស់ ដែលបានទទួលពានរង្វាន់ដល់ទៅពីរ សម្រាប់ប្រព័ន្ធទូទាត់អនឡាញរបស់យើង។ ចាប់តាំងពីការដាក់ឲ្យដំណើរការបានយ៉ាងជោគជ័យនៅក្នុងឆ្នាំ២០១៧ មក PayWay ត្រូវបានអភិវឌ្ឍគួរឲ្យកត់សម្គាល់។ យើងបានធ្វើការណែនាំនូវមុខងារ និងឧបករណ៍ថ្មីៗជាបន្តបន្ទាប់សម្រាប់ពាណិជ្ជករ ពង្រីកបញ្ជីមុខងារទូទាត់បន្ថែមសម្រាប់អតិថិជន និងផ្តល់ការគាំទ្រ ក៏ដូចជាការធ្វើសមាហរណកម្មបច្ចេកទេសជាដើម។ ជាលទ្ធផល PayWay នាពេលនេះ បានជួយអាជីវកម្មខ្នាតតូច និងសហគ្រាសខ្នាតតូចនិងមធ្យម ក្នុងការពង្រីក​ការលក់ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ខណៈពេលជាមួយគ្នានេះ បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ឆ្ពោះទៅរកសង្គមទូទាត់ឌីជីថលបែបទំនើបមួយ។”

គ្រប់បេក្ខភាពដែលបានដាក់ពាក្យទាំងអស់ ត្រូវបានវាយតម្លៃដោយគណៈកម្មការពូកែៗចំនួន ៣៩ រូប ដែលរួមមានអ្នកជំនាញអាជីវកម្មឌីជីថលអនឡាញជាន់ខ្ពស់ និងអ្នកជំនាញមកពីក្រុមហ៊ុនល្បីៗ ដូចជា AIA, Alibaba.com, Coca-Cola, Foodpanda, Lazada, Marriott International, National Australia Bank, Procter & Gamble, Samsung, និងក្រុមហ៊ុនធំជាច្រើនទៀត។

បង្កើតឡើងបានយ៉ាងល្អ សម្រាប់បំពេញតម្រូវការរបស់អាជីវករក្នុងស្រុក ប្រព័ន្ធទូទាត់អនឡាញ PayWay របស់ធនាគារ ABA ផ្តល់ជូននូវដំណោះស្រាយប្រកបដោយសុវត្ថិភាព ងាយស្រួលប្រើ និងបត់បែន ដែលជួយដល់សហគ្រិន ក្នុងការលក់ផលិតផល ឬសេវាកម្មរបស់ពួកគេតាមអនឡាញ និងទទួលបានការទូទាត់ប្រាក់ភ្លាមៗ។

វាក៏ផ្តល់ជូនអាជីករ ឬអ្នកផ្តល់សេវាសាធារណៈ នូវជម្រើសទូទាត់បន្ថែម ដែលដាក់បញ្ចូលទៅក្នុងវិបសាយរបស់ពាណិជ្ជករដែលមានស្រាប់ ឬកម្មវិធីទូរសព្ទសម្រាប់ iOS ឬ Android បានផងដែរ។ លើសពីនេះទៅទៀត PayWay ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយសាវាអាចធ្វើប្រតិបត្តិការបានទាំងប្រាក់ដុល្លារ និងប្រាក់រៀល។ PayWay ទទួលការទូទាត់តាមរយៈកាតទូទាត់អន្តរជាតិ ដូចជា Visa, Mastercard, និង UnionPay (UPI) ជាមួយមុខងារទូទាត់ផ្សេងៗទៀត នឹងត្រូវបានបន្ថែមនាពេលឆាប់ៗខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រព័ន្ធទូទាត់អនឡាញ PayWay ដែលបានឈ្នះពានរង្វាន់នេះ សូមចូលទៅកាន់ payway.com.kh ឬផ្ញើអ៊ីមែលមកកាន់ក្រុមការងារតាមរយៈ paywaysales@ababank.com។

អំពី Asia eCommerce Awards

Asia eCommerce Awards ត្រូវបានរៀបចំដោយទស្សនាវដ្តី Marketing និងត្រូវបានរចនាឡើង ដើម្បីទទួលស្គាល់នូវភាពឆ្នើមក្នុងវិស័យអាជីវកម្មអនឡាញនៅទូទាំងតំបន់អាស៊ី អាស៊ីខាងត្បូង និងតំបន់ ANZ ។ ប្រភេទរង្វាន់ដែលមានចំណាត់ថ្នាក់ចំនួន ៣០ប្រភេទ ត្រូវបានផ្តល់ជូន ដើម្បីឆ្លុះបញ្ចាំងពីទំហំនិងភាពច្នៃប្រឌិតរបស់ឧស្សាហកម្ម និងបង្ហាញពីភាពល្អបំផុតរបស់ម្ចាស់ម៉ាក និង eRetailers ទៅកាន់ភ្នាក់ងារនិងអ្នកជំនាញ។

ពានរង្វាន់ទាំងនេះ ត្រូវបានវាយតម្លៃដោយគណៈកម្មការពូកែៗ ដែលរួមមានអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យ ដើម្បីបង្ហាញករណីដែលល្អបំផុតដល់មនុស្សទាំងឡាយនៅក្នុងឧស្សាហកម្មធំៗ ជួយបង្កើនភាពជឿជាក់ និងកត់សម្គាល់អ្នកដែលឈានមុខគេនៅក្នុងឧស្សាហកម្មនោះ៕

អត្ថបទពេញនិយម