មូល​ហេតុ​សំខាន់​មួយ ​អាច​ធ្វើ​ឱ្យ​ទីម័រ​លេង​មិន​ល្អ ​ជា​ឱកាស​កម្ពុជា​គ្រប​យក​គ្រាប់

  • 2019-11-28 02:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា ​បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន​របស់​ទីម័រ ក្នុង​លទ្ធផល​ញាក់​សាច់ ៥-០ ​នា​ការ​ប្រកួត​ទី​២​នៅ​ស៊ីហ្គេម​២០១៩​នា​ប្រទេស​ហ្វីលីពីន។

​សម្រាប់​ការ​ប្រកួត​នេះ ​ឃើញ​ថា​កម្ពុជា​គ្រប​លើ​ក្រុម​ទីម័រ​តាំង​ពី​បើក​ឆាក​មក ​រហូត​​ទទួល​បាន​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់។ ​ក្រៅ​ពី​ការ​ប្រកួត​នេះ​ដែរ ​នៅ​មាន​រឿង​មួយ​ទៀត​ដែល​បាន​កើត​ឡើង​ទៅ​លើ​ក្រុម​ទីម័រ​អាច​ធ្វើ​ឱ្យ​ក្រុម​នេះ​ខូច​ទម្រង់ ​គឺ​កីឡាករ​ដែល​លើស​អាយុ​ទី​៣ ​Silveiro Garcia ​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​របស់​ក្រុម។ ​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ ​ក្រោយ​ពី​ធ្លាយ​ដំណឹង​ថា​លើស​អាយុ ​ក៏​ត្រូវ​បាន​អ្នក​រៀប​ចំ​ការ​ប្រកួត ខ្វែង​ឈ្មោះ​ចោល ​មិន​អាច​ចូល​លេង​បាន​ទល់​ក្រុម​កម្ពុជា​ឡើយ។ ​ព្រោះ​ក្រុម​ទីម័រ ​មាន​កីឡាករ​២​នាក់​រួច​ស្រេច​ទៅ​ហើយ។

កត្តា​បាត់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​ទីម័រ ដែល​កម្ពុជា​មិន​អាច​យក​ឈ្នះ​បាន​២​លើក​កន្លង​មក​នោះ ​ថមថយ​កម្លាំង​ប្រយុទ្ធ​បន្តិច​ដែរ។ ស្រប​ពេល​សន្ទុះ​ប្រយុទ្ធ​កម្ពុជា​ខ្លាំង​ផង ​ទើប​ក្រុម​ទីម័រ​ដូចជា​បាត់​បង់​ស្មារតី​ចាប់​តាំង​ពី​នាទី​៦០​ទៅ។

ជយជម្នះ​យ៉ាង​ធំ​ធេង​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា ​ហក់​ឡើង​ទៅ​ឈរ​កំពូល​តារាង​ពូល A ​សិន ​រង់​ចាំ​មើល​២​ប្រកួត​បន្ទាប់​ដែល​ប៉ះ​ក្រុម​មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម