ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ

  • 2019-12-02 02:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលលិខិតពី ធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឲ្យធនាគារបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយ ជាធនាគារពាណិជ្ជទីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុនក្នុងក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) បង្កើតបាននូវសករាជថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា “ធនាគារទើបនឹងទទួលបានលិខិតពីធនាគារជាតិនៃកម្ពុជា ដើម្បីបន្តនីតិវិធីស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ធនាគារ នៅគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ។ ភាគហ៊ុនិករបស់ធនាគារបានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ ដើម្បីបង្កើនប្រភពទុនដ៏សម្បូរបែប និងគាំទ្រការរីកចម្រើននាពេលអនាគត តាមរយៈទីផ្សារមូលធនកម្ពុជា។

ក្នុងឱកាសនេះ យើងខ្ញុំសូមជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវបានដាក់លក់ជូនសាធារណជន បន្ទាប់ពីទទួលបានការអនុញ្ញាតជាបន្តបន្ទាប់ពី ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) និងគណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក.)។ យើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយអំពីកាលបរិច្ឆេទដាក់លក់មូលបត្រកម្មសិទ្ធិរបស់ធនាគារនាពេលដ៏ខ្លីខាងមុខនេះ។ នេះគឺជាឱកាសដ៏ពិសេសសម្រាប់សាធារណជន ក្នុងការចូលរួម វិនិយោគជាមួយធនាគារ ដើម្បីក្លាយជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី”។

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានចាត់ទុកជា “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ” ដែលលើកទឹកចិត្តដល់វិនិយោគិនរូបវ័ន្តបុគ្គល និងសាធារណជនក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាព របស់ខ្លួន។ លើទីផ្សារមូលបត្រនានានៃបណ្តាប្រទេសមួយចំនួន “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ” បានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់វិនិយោគិនរូបវ័ន្ត បុគ្គល ក្នុងការចូលរួមយ៉ាងទូលំទូលាយក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ។ “ការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ” របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាការចែករំលែកផលដែលបានមកពីវិបុលភាពផ្នែកហិរញ្ញវត្ថុជាមួយនឹងវិនិយោគិនរូបវ័ន្តបុគ្គល និង ក្លាយជាធនាគារដែលទទួលបាននូវទំនុកចិត្តពីសាធារណជនបន្ថែមទៀត។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បានមាន ប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងគម្រោងដ៏ សំខាន់នេះ ក្នុងនាមជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់ធនាគារ។ ទំហំនៃប្រតិបត្តិការជួញដូរ និង ការកើនឡើងនៃចំនួនវិនិយោគិន តាមរយៈដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើឲ្យមានការផ្លាស់ប្តូរថាមភាពរបស់ផ្សារហ៊ុន និងនាំទីផ្សារ មូលធន ឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី និងរីកចម្រើនជាងមុន”។ លោក Han Kyung Tae បានមានប្រសាសន៍បន្ថែមថា “មូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាច នឹងកើនបីដងជាមួយនឹងការចុះបញ្ជីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ”។

ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ ធនាគារ អេស៊ីលីដា បានកម្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល (NGO) ទៅជាធនាគារលំដាប់ថ្នាក់លេខ១ ក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការរីកចម្រើនរបស់ខ្លួន និងការវិវឌ្ឍជាបន្តបន្ទាប់ បានធ្វើឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តឈានមុខគេនៅក្នុងវិស័យធនាគារ៖ ពីអង្គការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ទៅជាធនាគារឯកទេស និងធនាគារពាណិជ្ជដែលមានការរីកចម្រើនប្រកបដោយចីរភាពរហូតមកដល់សព្វថ្ងៃ។ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា ដែលមានសំពៀតឥណទានសរុប (៣,៦១ ប៊ីលានដុល្លារអាមេរិក) និងមូលធនសរុប (៨៩៨,៥៦ លានដុល្លារអាមេរិក) ទ្រព្យសកម្មសរុប (៦,០៩ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសរុប (៤,២៤ ប៊ីលានដុល្លារអាមេរិក)។ ធនាគារ អេស៊ីលីដា ភីអិលស៊ី រំពឹងថានឹងចុះបញ្ជីលក់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នាពេលឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី លោកស្រី ប៊ុត ប៊ុនសីហា

មុខងារ : អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្ដិនីតិកម្ម និងលេខាធិការក្រុមហ៊ុន

ទូរស័ព្ទ : ០១៥ ៦០០ ៥៣២

អ៊ីម៉ែល : buth.bunsayha@acledabank.com.kh

លោកស្រី ម៉ារ អមរា

មុខងារ : អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ

ទូរស័ព្ទ : ០១៥ ៩០០ ១២៦

អ៊ីម៉ែល : amara@acledabank.com.kh