ប្រធាន​មន្ទីរអប់រំ​ខេត្ត​ប៉ៃលិន​ អរគុណ​ក្រុម​តេក្វាន់ដូ​ ITF​ លើក​មុខមាត់​ខេត្ត​ក្រោយ​ឈ្នះ​មេដាយ​

  • 2019-12-03 02:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ប៉ៃលិន​ ថា​អរគុណ​ចំពោះ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ចូលរួម​ប្រកួត​រហូត​ឈ្នះ​មេដាយ​ ៩គ្រឿង​ ជា​ការ​លើក​មុខមាត់​ខេត្ត​ជា​ខ្លាំង​ក្នុងកម្មវិធីជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ​ឆ្នាំ​២០១៩ នេះ។​

លោក​ តង់​ ធារ៉ា​ និងក្រុមកីឡាករ

លោក​ តង់​ ធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ ​ជា​មោទនភាព​ខ្លាំង​សម្រាប់​ខេត្ត​ប៉ៃលិន​ដែល​ឆ្នាំ​២០១៩​ ​ទទួល​បាន​មេដាយ​ជា​ច្រើន​គ្រឿង​បែប​នេះ។​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​កីឡា​ម្នាក់​ ពិត​ជា​មាន​ចិត្ត​ត្រេកអរ​ជា​ខ្លាំង​នូវ​សមិទ្ធផល​ទាំង​នេះ​ យ៉ាង​ណា​មិញ​ លោក​ក៏​មិន​ភ្លេច​អរគុណ​ឡើយ​ពី​ការ​ខំប្រឹង​ប្រែង​ទាំង​កាយ​ចិត្ត​ ហ្វឹកហាត់​ និង​ប្រកួត​ប្ដូរផ្ដាច់​រហូត​ឈ្នះ​មេដាយ​ពីសំណាក់កីឡាករ។​ អរគុណ​ចំពោះ​អាណាព្យាបាល​ទាំង​អស់​ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់នេះ​បាន​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​នេះ។​

ទិដ្ឋភាពពេលប្រកួត

តាម​រយៈ​ជ័យជម្នះ​នេះ​ដែរ​ តំណាង​ខេត្ត​ប៉ៃលិន​ខាង​លើ​នេះ​ក៏​ផ្ដល់​ថវិកា​លើក​ចិត្ត​មួយ​ចំនួន​ផង​ដែរ​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ រួម​និង​គ្រូ​បង្វឹក​តេក្វាន់ដូ​ ITF​ ប្រចាំ​ខេត្ត​មួយ​នេះ​។​ ចំពោះ​សក្ដានុពល​ផ្នែក​កីឡា​ទាំងនេះគឺ​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ពី​ឯកឧត្ដម​អភិបាល​ខេត្ត​ប៉ៃលិន​តែ​ម្ដង​ ដែល​លោក​តែងតែ​ជួយ​ជ្រោមជ្រែង​ជា​និច្ច​ចំពោះ​ចលនា​កីឡា​នា​នា​ពេល​កន្លង។​

ទិដ្ឋភាពបំពាក់មេដាយ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​តេក្វាន់ដូ​ ITF ​ឆ្នាំ​២០១៩​ រយៈពេល​៤ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៨ ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី១​ ខែ​ធ្នូ​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​។​ ចំពោះ​ខេត្ត​ប៉ៃលិន​វិញ​ឈ្នះ​មេដាយ​សរុប​ ៩គ្រឿង ក្នុងនោះមាស៤ ប្រាក់១​ និង​សំរឺទ្ធ៤ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ចំណោម១៨ក្លឹបចូលរួម៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​