ក្រុមហ៊ុនឈ្មួញកណ្តាលថ្មីមួយទើបសម្ពោធវត្តមានផ្លូវការក្នុងទីផ្សារភាគហ៊ុនកម្ពុជា

  • 2019-12-04 09:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥលូវ​នេះ​មាន​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ហើយ​នៅ​កម្ពុជា​ បាន​ហក់​ចូល​ទីផ្សារ​ភាគហ៊ុន​ ក្លាយ​ជា​ក្រុមហ៊ុន សម​ភាគី​កណ្តាល​ជា​ផ្លូវ​ការ​ គឺ​ក្រុមហ៊ុន គ្លូ​ប៊​ល លី​ឃ្វី​ឌី​ធី អ៊ិ​ក​ឆេង (Global Liquidity Exchange Co.,Ltd.) ហៅ​កាត់​ថា GLX។

GLX ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ភាព​រីកចម្រើន​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ទទួល​បាន​ការ​សហការ និង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ជួញដូរ​ជំនាន់​ថ្មី​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់ ដូចជា Meta Trader 4 (MT 4) & Meta Trader 5 (MT 5) ។

ក្រោយ​ទទួល​​អាជ្ញា​ប័ណ្ណ​ជា​​ក្រុមហ៊ុន​សម​ភាគី ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន Global Liquidity Exchange Co.,Ltd. ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ B.I.C Group បាន​សម្រេច​រៀបចំ​កម្មពិធី​សម្ពោធ​វត្តមាន​ជា​​ផ្លូវការ​របស់​ខ្លួន កាល​​ពី​ថ្ងៃ​អង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯកឧត្តម​បណ្ឌិត យឹម ឆៃលី ឧបនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈ​កម្មករ​រមូល​ប​ត្រ​កម្ពុជា។

លោក សាន ចាន់​កុម្ភៈ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន គ្លូ​ប៊​ល លី​ឃ្វី​ឌី​ធី អ៊ិ​ក​ឆេង ​បាន​ឲ្យ​ដឹង​ថា៖ «អាជីវកម្ម​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ បាន និង​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។ ហេតុ​នេះ​ហើយ ​វត្តមាន​របស់​​ក្រុមហ៊ុន គ្លូ​ប៊​ល លី​ឃ្វី​ឌី​ធី អ៊ិ​ក​ឆេង គឺ​ស័ក្តិសម​បំផុត ដើម្បី​បង្កើត​ទំនាក់ទំនង​មិត្តភាព​រវាង​វិនិយោគិន​ឲ្យ​​កាន់តែ​ស្និទ្ធស្នាល និង​ផ្តល់​សេវាកម្ម​ដល់​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង»។

«ទាំងនេះ​អាច​ជួយ​ជំរុញ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ ក៏​ដូចជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ឡើង គ្រប់គ្រង​ហានិភ័យ​សម្រាប់​អ្នក​ចូលរួម​ទីផ្សារ រួម​ទាំង​ផ្តល់​ភាព​ងាយ​សួ​ល និង​តម្លាភាព​នៃ​ពាណិជ្ជកម្ម»។ លោក​បញ្ជាក់​បន្ថែម។

លោកនាយក​ប្រតិបត្តិរូបនេះ បន្តថា GLX ពិត​ជា​មាន​មោទនភាព​ជា​ខ្លាំង ដែល​បាន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម ជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៥ ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ​ដែល​មាន​ស្រាប់ និង​ក្រុមហ៊ុន​ដែល​បង្កើត​ថ្មី​ៗ។

«នៅ​ទី​នេះ យើង​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ផ្ដល់​នូវ​សេវាកម្ម​ជូន​​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ ​ក្រុម​អ្នក​វិនិយោគ​ខ្នាត​តូច និង​មធ្យម អ្នក​តាម​ដាន​ទីផ្សារ​ភាគហ៊ុន និង​​ធនាគារ​ជាដើម។ ចក្ខុវិស័យ​តែមួយគត់​របស់ GLX គឺ​ប្រែក្លាយ​ទីផ្សារ​ហិរញ្ញវត្ថុ​ធំ​បំផុត​របស់​ពិភពលោក​តាមរយៈ​ការ​ដំណើរ​ការ​ប្រកបដោយ​ទំនុក​ចិត្ត​ខ្ពស់ តម្លាភាព ច្បាស់លាស់ និង​ត្រឹមត្រូវ។ GLX នឹង​បន្ត​នាំ​យក​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​អាច​ទ្រទ្រង់​ដល់​អាជីវកម្ម​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ និង អតិថិជន​ជា​ដៃ​គូ»។ លោក​ពន្យល់​បន្ថែម។​

លោក សាន ចាន់​កុម្ភៈ ជឿ​ជាក់​ថា​ការ​ប្រារព្ធ​ពិធី​សម្ពោធ​នៃ​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​នៅ​ថ្ងៃ​នេះ នឹង​អាច​ដឹក​នាំ​​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​អនាគត​ភ្លឺស្វាង និង​ភាព​រីកចម្រើន ខណៈ​ B.I.C Group បាន និង​កំពុង​បន្ត​រីកចម្រើន​លើ​គ្រប់​វិស័យ​៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម