Apple ថាច្បាប់ថ្មីរបស់រុស្ស៊ី ដូច Jailbreak iPhone អ៊ីចឹង និងមិនគាំទ្រឡើយ

  • 2019-12-05 04:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បាន​ចុះ​ហត្ថលេខា​អនុម័ត​ច្បាប់​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ ដែល​តម្រូវ​ឲ្យ​ស្មាតហ្វូន​,​កុំព្យូទ័រ, ទូរទស្សន៍​វៃ​ឆ្លាត​ទាំង​អស់​ដែល​លក់​ក្នុង​ប្រទេស​នេះ ត្រូវ​មាន​ដំឡើង​មក​ជា​ស្រាប់​នូវ​កម្មវិធី (Software) របស់​រុស្ស៊ី។

ច្បាប់​ថ្មី​នេះ​អះអាង​ថា​នឹង​ជួយ​ឲ្យ Developer របស់​រុស្ស៊ី​អាច​ប្រកួត​ប្រជែង​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ក្រៅ​ស្រុក​បាន​ល្អ​ជាង​មុន។ វា​ក៏​ជា​ពិសេស​មួយ​ជួយ​សន្សំសំចៃ​ពេល​អតិថិជន​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ទាញ​យក Software ដោយ​ខ្លួន​ឯង​ ពេល​ទិញ​ឧបករណ៍​ថ្មី​នោះ​ទេ។

ច្បាប់​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​កក្កដា ឆ្នាំ ២០២០ ខាង​មុខ ទោះ​បី​ជា​វា​ត្រូវ​បាន​​​ក្រុមហ៊ុន​លក់​រាយ​គ្រឿង​អេឡិចត្រូនិក​ជា​ច្រើន​ធ្វើ​ការ​រិះគន់​​ក្ដី ដោយ​និយាយ​ថា​ច្បាប់​នេះ​បាន​បង្កើត​ឡើង​ដោយ​គ្មាន​ឆ្លង​កាត់​ការ​ពិគ្រោះ​ជា​មួយ​ពួក​គេ​ជា​មុន។ ច្បាប់​នេះ​ក៏​បាន​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា​រុស្ស៊ី អាច​នឹង​ប្រើ​ប្រាស់​កម្មវិធី​ដំឡើង​មក​ស្រាប់ ជា​វិធី​មួយ​ក្នុង​ការ​តាម​ដាន​សកម្មភាព​ពលរដ្ឋ​ខ្លួន។

គេ​ម​នៅ​មិន​ទាន់​ច្បាស់​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​ដំណឹង​ថ្មី​នេះ​ទេ ប៉ុន្តែ​ពី​មុន​ Apple ធ្លាប់​គំរាម​ថា​នឹង​ដើរ​ចេញ​ពី​ទីផ្សារ​​រុស្ស៊ី ប្រសិន​បើ​មាន​ការ​ហាម​ឃាត់​លើ​ផលិតផល​ដែល​មិន​មាន​ដំឡើង​ស្រាប់​នូវ​កម្មវិធី​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី​កាល​ពី​ដើម​ឆ្នាំ។

ឆ្លើយ​តប​នឹង​ដំណឹង​នៃ​ច្បាប់​នេះ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​មក​ពី Apple បាន​ប្រាប់​សារព័ត៌មាន Kommersant ថា ៖ "ការ​បង្គាប់​ឲ្យ​បន្ថែម​កម្មវិធី​ភាគី​ទី​បី (Third-Party) ទៅ​ក្នុង​ប្រព័ន្ធ​អេកូ​របស់​ Apple អាច​ស្មើ​នឹង​ការ​ Jailbreak។ វា​អាច​នឹង​បង្ក​ការ​គំរាម​កំហែង​ផ្នែក​សុវត្ថិភាព ហើយ​ក្រុមហ៊ុន​មិន​អាច​មិន​ប្រឆាំង​នឹង​ការ​ប្រថុយប្រថាន​នេះ​បាន​ទេ។”

បើ​តាម Moscow Times រដ្ឋាភិបាល​រុស្ស៊ី​នឹង​បញ្ចេញ​បញ្ជី​ឈ្មោះ​ Software ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ត្រូវ​ដំឡើង​មក​ស្រាប់​លើ​ឧបករណ៍​របស់​ខ្លួន៕

ចុចអាន ៖ Apple ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ឡើង​មក​លេខ ២ វិញ​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង