អ្នក​ណា​ទប់​ទឹក​ភ្នែក​បាន! នឹក​ពេក​ខំ​ច្រៀង​ផ្ញើ​ពុក​ម៉ែ​កុំ​អោយ​បារម្ភ​ពី​កូន តែ​ទី​បំផុត​កូន​លា​អ្នក​មាន​គុណ​ទៅ​ហើយ

  • 2019-12-06 00:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នេះ​គឺ​រឿង​ពិត​របស់​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ម្នាក់​ឈ្មោះ ពក ពឿន ហៅ ប៊ុន​ថាន ហើយ​ប្រិយមិត្ត​នៅ​លើ Youtube ស្គាល់​លោក​ឈ្មោះ​ថា "Ra Hoo" ដែល​ពេល​នេះ​លោក​បាន​លា​ចាក​លោក​ទៅ​ហើយ បន្សល់​នូវ​ការ​សោកស្ដាយ អាឡោះអាល័យ យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រួសារ និង​សូម្បី​តែ​មិត្តភ័ក្ដិ​ពលករ​បម្រើ​ការ​នៅ​ប្រទេស​កូរ៉េ​ដូច​គ្នា។

នៅ​មុន​ពេល​ស្លាប់​ដោយ​សារ​គាំង​បេះដូង កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ប៊ុន​ថាន ឬ Rahoo ដែល​មាន​រូប​រាង​ស្រស់​សង្ហា មាន​សំឡេង​ពីរោះ​ដូច​តារា​ចម្រៀង​អាជីព បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​នេះ មាន​ចំណង​ជើង​ថា "កូន​នៅ​ឯ​កូរ៉េ" ដែល​លោក​ត្អូញ​ថ្ងូរ​ពី​ក្ដី​នឹក​រលឹក អាឡោះអាល័យ ដែន​ដី ស្រុក​ភូមិ​កំណើត ទី​ដែល​ធ្លាប់​ជួប​ជុំ ឥឡូវ​ឃ្លាត​ឆ្ងាយ​សែន​ឆ្ងាយ ពិសេស​គឺ​លោក​នឹក​អ្នក​មាន​គុណ​លោក​ទាំង​ទ្វេ​ខ្លាំង គឺ​នឹក​ខ្លាំង​ណាស់...។

“ពេល​នឹក​ម្ដង​ៗ បេះដូង​អង្រួន​ឡើង​យោល នឹក​ដែន​ដី​ខ្ញុំ ដែល​ធ្លាប់​បាន​រស់​នៅ​ជុំ​ក្បែរ ឥឡូវ​ត្រូវ​ឃ្លាត​កាយ​រសាត់​ឆ្ងាយ​មក​កូរ៉េ...ធ្វើ​ការ​នៅ​ស្រុក​គេ ដួង​ចិត្ត​នឹក​ពុក​ម៉ែ​ឥត​ស្បើយ!"។ ឃ្លា​មួយ​ដ៏​គួរ​ឲ្យ​ស្រណោះ​នៅ​ក្នុង​បទ "កូន​នៅ​ឯ​កូរ៉េ"។

ប៊ុនថាន នៅ​បាន​សារសព្ទ​ទៀត​ថា លោក​ទន្ទឹង​តែ​ថ្ងៃ​ចប់​អាណត្តិ​ដើម្បី​បាន​ត្រឡប់​មក​ផ្ទះ​ជួប​ជុំ​ពុក និង​ម៉ែ​វិញ។ លោក​ស្នើ​កុំ​ឲ្យ​អ្នក​មាន​គុណ​មាន​ការ​​បារម្ភ​ពី​លោក​អី លោក​នៅ​ស្រុក​គេ​នេះ សុខ​សប្បាយ​ទេ។

ប៉ុន្តែ​គួរ​ឲ្យ​ស្រណោះ​បំផុត ប៊ុនថាន បាន​លា​ចាក​អ្នក​គ្រប់​គ្នា​ដោយ​មិន​នឹក​ស្មាន និង​គ្មាន​ថ្ងៃ​វិល​ត្រឡប់​ទៅ​ហើយ ដោយ​នាំ​យក​ទៅ​ជាមួយ​នឹង​ការ​នឹក​រលឹក​ដី​ភូមិ​កំណើត ពិសេស​អ្នក​មាន​គុណ គ្មាន​ថ្ងៃ​ណា​អាច​ស្រាយ​បាន។ ប្រិយមិត្ត​ក៏​ដូច​ជា​មិត្ត​ធ្វើ​ការ​នៅ​កូរ៉េ​ដូច​គ្នា ជា​ច្រើន​បាន​សោកស្ដាយ និង​ស្រណោះ ដែល ពឿន អភ័ព្វ​អស់​ជីវិត​លឿន​យ៉ាង​នេះ។

ពិសេស​ពួក​គេ​ថ្លែង​ថា រាល់​ពេល​ដែល​ពួក​គេ​ស្ដាប់​បទ​ចម្រៀង​ពេញ​ដោយ​មនោសញ្ចេតនា ពេញ​ដោយ​ការ​ត្អូញត្អែរ​របស់ ពឿន នេះ​ហើយ ធ្វើ​ឲ្យ​ពួក​គេ​រឹត​តែ​ស្រណោះ​ពន់ពេក ក្នុង​នោះ​សូម្បី​តែ​អ្នក​មិន​ដែល​ស្គាល់​គ្នា​សោះ ក៏​ទប់​ទឹក​ភ្នែក​មិន​ជាប់​ដែរ។ ពេល​នេះ​អ្វី​ៗ សល់​ត្រឹម​អនុស្សាវរីយ​ដែល​ជា​ការ​ចងចាំ​ប៉ុណ្ណោះ។ ស្ដាប់​ទាំង​អស់​គ្នា​បង​ប្អូន​ប្រិយមិត្ត៖

អត្ថបទ៖ ទារិកា