Hyoyeon ទម្លាយពីរឿងពិបាក និងហេតុផលពេលញែកខ្លួនមកជា DJ ខុសពីសមាជិករួមក្រុម
- 2019-12-09 02:11:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyoyeon ទម្លាយពីរឿងពិបាក និងហេតុផលពេលញែកខ្លួនមកជា DJ ខុសពីសមាជិករួមក្រុម
ចន្លោះមិនឃើញ
នៅពេលដែលរម្លឹកពីសមាជិកពូកែរាំដាច់គេប្រចាំក្រុមចម្រៀងស្រីដ៏ល្បី Girls' Generation នោះគេនឹងនឹកដល់ Hyoyeon មុនគេ ប៉ុន្តែជីវិតមនុស្សមិនអាចនៅមួយកន្លែងឡើយ ហេតុនេះនាងបានសម្រេចក្ដីស្រម៉ៃមួយទៀត គឺបានវិវត្តខ្លួនមកជា DJ។
Hyoyeon ដែលពេលនេះអាចហៅថាជា DJ HYO ជាសមាជិកដែលស្វាហាប់ និងប្រសព្វខាងបញ្ចេញក្បាច់រាំប្រចាំក្រុមចម្រៀង Girls' Generation។ បង្ហាញមុខលើវិថីសិល្បៈតាំងពីឆ្នាំ ២០០៧ មកទល់ពេលនេះ នាងទទួលបានភាពល្បីល្បាញខ្លាំង ហើយបន្ទាប់ពីជោគជ័យខាងវិស័យ K-Pop នាងក៏បានប្រឡូកក្នុងវិស័យ DJ ម្ដង ស្របពេលសមាជិករួមក្រុមផ្សេងទៀតងាកទៅរកសម្ដែង និងចេញបទចម្រៀងទោលរៀងៗខ្លួន។
ជាក់ស្ដែង ប្រែមុខមាត់ថ្មីនេះ ក៏កាន់តែធ្វើឲ្យ Hyoyeon រវល់ថែមមួយកម្រិត។ នាងបានបង្ហាញខ្លួនសម្ដែងក្នុងកម្មវិធីជាច្រើនក្នុងក្លឹប សុទ្ធតែធំៗប្រចាំអាស៊ី ក៏ដូចជាកម្មវិធី EDM លក្ខណៈទ្រង់ទ្រាយធំរាប់ភ្លេច។
និយាយពីភាពលំបាកវិញ Hyoyeon ក៏បានបង្ហើបក្នុងបទសម្ភាសមួយថា វាពិតជាត្រូវតស៊ូពុះពារច្រើន ព្រោះថានេះជាការងារទោល មិនមានការចូលរួមពីសមាជិក Girls' Generation ដទៃទៀត។ ហេតុនេះ នាងមានសម្ពាធ និងទំនួលខុសត្រូវច្រើនតែម្នាក់ឯង ប៉ុន្តែយ៉ាងណាវាជាបទពិសោធន៍ធំដេលធ្វើឲ្យជីវិតកាន់តែមានន័យ។
មួយវិញទៀត អ្វីដែលជម្រុញនាងឲ្យក្លាយជា DJ គឺដោយសារជាអ្វីដែលនាងចាប់អារម្មណ៍ ក្រោយពីប្រឡូកក្នុងវិស័យតន្ត្រីជាច្រើនឆ្នាំ ក្នុងនាមតារា K-Pop។ Hyoyeon ចាប់ផ្ដើមស្ដាប់បទប្រភេទ EDM ហើយចេះតែស្រម៉ៃថាថ្ងៃណាមួយ នាងនឹងចង់ក្លាយជា DJ ឈរលេងភ្លេងឡូយៗទៅកាន់អ្នកទស្សនា។
ងាកទៅសមាជិករួមក្រុមវិញ សុទ្ធតែផ្ដល់កម្លាំងចិត្ត និងគាំទ្រ Hyoyeon ឲ្យក្លាយ DJ ដោយសារមើលឃើញពីទេពកោសល្យខុសគេរបស់នាង។
យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែធ្នូខាងមុខ DJ HYO នឹងមកកាន់ប្រទេសកម្ពុជាជាលើកដំបូងបង្អស់ ក្នុងនាមជា DJ ដើម្បីចូលរួមសម្ដែងក្នុងកម្មវិធីអបអរខួបគម្រប់ ២ឆ្នាំរបស់ សោនក្លឹប (SOUND CLUB)។ កម្មវិធីនេះផងដែរ ក៏មានការសហការរបស់ Sabay ផងដែរ ហើយដើម្បីចូលរួមព្រឹត្តិការណ៍អស្ចារ្យនេះ អ្នកអាចទាក់ទងកក់សំបុត្រតាមរយៈទូរសព្ទនេះ ០១១ ៤៨ ៦៦៦៦ | ០១៥ ៤៨ ៦៦៦៦៕